អ្នកអាច​ផលិតស្ករសលើ​ភពអង្គារបាន អង្គការ NASA នឹងផ្តល់​រង្វាន់ខ្ទង់​លាន​ដុល្លារ!

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA កំពុងដាក់​ការប្រកួត​ប្រជែងគួរឲ្យចាប់​អារម្មណ៍ដល់​មនុស្សម្នា នៅទូទាំង​សហរដ្ឋអាមេរិក​ឲ្យបង្កើត​​នូវវិធីសាស្រ្តដែលថ្មី​ និងប្រកបដោយ​ប្រសិទ្ធភាពមួយ ដើម្បីបំលែង​​ឧស្ម័ន​កាបូនិច (CO2) ឲ្យទៅជាសារធាតុ​គ្លុយកូស ឬ​ក៏យើង​អាច​​និយាយ​សាមញ្ញាថា​ ឲ្យទៅ​ស្ករ ហើយប្រាក់រង្វាន់គឺមានដល់​ខ្ទង់លានដុល្លារឯណោះ​។ នេះបើតាមការ​ដកស្រង់​ការ​ផ្សាយ​ចេញពី​វែបសាយ Space.com នៅល្ងាច​ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

អង្គការ NASA បានឲ្យដឹងថា ឧស្ម័ន CO2 មានវត្តមាន​យ៉ាងច្រើន​លើសលុប នៅក្នុងបរិយាកាស​ដ៏ស្តើងរបស់​ភពអង្គារ (Mars) ហើយ​​សារធាតុ​គ្លុយកូស ដែលពោរពេញ​​​ដោយថាមពល គឺជាប្រភពយ៉ាង​សំខាន់សម្រាប់បម្រើ​ក្នុងការផលិតចេញ​ជា​វត្ថុជាច្រើនមុខ សម្រាប់​​មនុស្ស ដែលអាចនឹង​ធ្វើការរុករក ឬតាំងមូលដ្ឋាន​នៅលើភពក្រហមនេះ​នាពេល​អនាគត។

ប្រធានគ្រប់គ្រង​នៃកម្មវិធីប្រកួតប្រជែងនេះ បានលើកឡើងថា «ដើម្បីឲ្យមនុស្ស​រក្សាជីវិតរស់នៅលើ​ភពដទៃទៀតបាន គឺតម្រូវ​​ឲ្យ​មាន​​ប្រភពធនធាន​ចាំបាច់ជាច្រើន ហើយយើងមិនអាច​យកមកជាមួយនូវអ្វីៗ​ទាំងអស់ ដែលពួកយើង​ត្រូវការនោះឡើយ ដូច្នេះយើង​​ត្រូវ​ចេះ​បង្កើតគំនិតច្នៃប្រឌិត​ថ្មីៗ»។​

គួរជម្រាបថា ការប្រកួតប្រជែង​ខាងលើ ចែកចេញជាពីរដំណាក់​កាល។ អំឡុងដំណាក់កាល​ទីមួយ​ អ្នកចូលរួមត្រូវប្រគល់​នូវផែន​ការ​លម្អិត​ស្តីពីប្រព័ន្ធ​បំលែង​​ CO2 ទៅជាគ្លុយកូស​របស់ពួកគេ ដោយអ្នកមាន​ចំណាប់អារម្មណ៍​ត្រូវធ្វើការចុះ​ឈ្មោះមិនឲ្យផុតពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ហើយប្រគល់​​គម្រោង​របស់ពួកគេ​មិនឲ្យហួសពីថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ឡើយ។

ចំណែក​នៅខែមេសា ឆ្នាំ២០១៩ NASA នឹងប្រកាសពីការជ្រើស​រើស​បេក្ខភាព​ចំនួន ០៥ ចុងក្រោយ​ពីអ្នកចូលរួម​ជុំទីមួយ ដោយម្នាក់ៗឬមួយ​ក្រុម​ៗ​ទទួលបាន​ទឹកប្រាក់​ ៥០,០០០ដុល្លារ។ សម្រាប់នៅដំណាក់​កាលទីពីរវិញ​នឹង​ឈាន​ដល់​ការសាងសង់​ និងធ្វើបទបង្ហាញ​ពី​ប្រព័ន្ធ​បំលែង​​​របស់ពួកគេ ដោយម្ចាស់ជ័យលាភី​នៅជុំចុង​ក្រោយនេះ នឹងទទួលបានប្រាក់ ៧៥០,០០០ដុល្លារ ដែលធ្វើឲ្យចំនួន​សាច់ប្រាក់សរុប​នៅ​ក្នុង​កម្មវិធី​ គឺអាចខ្ទង់ ០១លានដុល្លារ៕

ចែករំលែក