មិនធម្មតា! ជប៉ុនកំពុង​ត្រៀមសាក «ជណ្តើរយោង​ឡើងទៅស្ថានីយ​អវកាស ISS»

0

 

(តូក្យូ)៖ ​ក្រុមអ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ ស៊ីហ្សូកា (Shizuoka) នៅឯប្រទេសជប៉ុន​បានប្រកាសថា ពួកគេនឹង​ធ្វើការ​ពិសោធន៍មួយ​​ទាក់​ទិន​​​ប្រព័ន្ធជណ្តើរ​យោងអវកាស ដែលគេ​ហៅថា Space Elevator ឡើងទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ ISS នាសប្តាហ៍​ក្រោយ។ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងការពិសោធន៍​នេះ ដែលជាលើកដំបូងបំផុតក្នុង​ការធ្វើពិសោធន៍បែបនេះ ផ្កាយរណប​ខ្នាតតូច Cubesat ចំនួនពីរគ្រឿង នឹងត្រូវ​​​បណ្តែតចេញ​ពី​ស្ថានីយ ISS ទៅក្នុង​ទីអវកាស។ ក្រោយមកពួកវា នឹងត្រូវតភ្ជាប់គ្នា​ដោយ​​ខ្សែដែកដ៏រឹងមាំមួយ សម្រាប់ឲ្យ​​វត្ថុមួយ​ដើរ​តួ​ជា​​​ជណ្តើរយោង នឹងរត់ទៅ​មកនោះ ដោយប្រើប្រាស់​ម៉ាស៊ីនម៉ូទ័រ​របស់​វាផ្ទាល់ ហើយ​កាមេរ៉ា​ដែលបំពាក់នៅ​លើផ្កាយរណប​​ទាំង​​ពីរ​គ្រឿង នឹងធ្វើការថត​យកសកម្មភាព ​នៃវត្ថុនោះ​ក្នុង​ទីអវកាស។

គួរជម្រាបថា ផ្កាយរណប Cubesat នីមួយៗ​មានទំហំ​មិនដល់​ ១០សង់ទីម៉ែត្រ​ឡើយ ហើយពួកវានឹង​ត្រូវតភ្ជាប់ដោយ​ដោយ​​ខ្សែដែក​​ដ៏​រឹងមាំមួយ​ប្រវែង​ ១០ម៉ែត្រ សម្រាប់ឲ្យវត្ថុ​ដែលដើរតួជា​ជណ្តើរយោងនោះ ​ធ្វើដំណើរទៅ​មក។ សម្រាប់​សម្ភារៈនានាក្នុងការ​ធ្វើពិសោធន៍​នេះ នឹងត្រូវបញ្ជូនទៅ​កាន់ស្ថានីយអវកាស ISS នៅថ្ងៃអង្គារ​សប្តាហ៍ក្រោយ៕

ចែករំលែក