ការសិក្សាថ្មី: ទោះបីភពអេលៀនមានតែទឹកសុទ្ធ ក៏អាចមានផ្ទុកជីវិតដែរ

0

 

(អាមេរិក)៖ ផ្ទុយពីការសិក្សាកាលពីមុនៗ សូម្បីនៅលើភពអេលៀនដែលគ្របដណ្តប់ដោយ​ផ្ទៃទឹក​ក៏​ដោយ ទម្រង់ជីវិត​ទំនង​ជា​មាន​លទ្ធ​ភាព​​មាន​វត្ត​មានសម្រាប់រយៈពេលដ៏យូរអង្វែងមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃ​សៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។

ការសិក្សាស្រាវជ្រាវនានាកាលពីមុន បានឲ្យដឹងថា ភពទឹកទាំងនេះ អាចនឹងពុំអំណោយផល​សម្រាប់ទម្រង់ជីវិតនោះឡើយ ដោយសារ​តែពួកវាមិនអនុញ្ញាតឲ្យមានវដ្ត​រ៉ែនិងឧស្ម័ន ដែលមានតួនាទីផ្តល់ស្ថិរភាពដល់បរិយាកាសនៅលើផែនដីនោះទេ។ យ៉ាងណាមិញ ការ​សិក្សាថ្មីមួយ បានរកឃើញដូច្នេះវិញថា ​ភពគ្រប់ដណ្តប់ដោយផ្ទៃទឹក អាចទ្រទ្រង់ជីវិត​សម្រាប់រយៈពេលដ៏យូរមួយ ក្រោយពីការចាប់​កំណើតរបស់វា ប៉ុន្តែថាតើយូរអង្វែងប៉ុណ្ណានោះ គឺអាស្រ័យទៅលើភពនីមួយៗ។

គួរជម្រាបថា ក្នុងអំឡុង០២ទសវត្សរ៍ចុងក្រោយនេះ អ្នកវិទ្យាសាស្រ្ត បានរកឃើញ​ភពអេលៀនរាប់ពាន់ ហើយក្នុងនោះចំនួនភពថ្ម​និង​ស្ថិតក្នុងតំបន់ទ្រទ្រង់ជីវិតបាន (អាចឲ្យទឹកស្ថិតក្នុងទម្រង់រាវនៅលើផ្ទៃរបស់ភព) ពីផ្កាយមេរបស់ពួកវា ក៏មានច្រើនគួរសមផងដែរ។ តែ​​អ្នកវិទ្យាសាស្រ្តនៅតែមានភាពស្រពិចស្រពិលនៅឡើយ ដោយសារមនុស្សលោកយើងតាំងពីដើមមក ស្គាល់ភពតែមួយប៉ុណ្ណោះដែល​មានផ្ទុកជីវិតគឺផែនដីនេះឯង៕

ចែករំលែក