តើការបញ្ជូន​យាន​អង្គការ NASA ទៅកៀក​ព្រះអាទិត្យ​បំផុត មានអ្វីពាក់ព័ន្ធ​នឹងអេលៀន​?

0

 

(វ៉ាស៊ីនតោន)៖ ការបញ្ជូនយាន​​ទៅកៀកព្រះអាទិត្យបំផុត​មិន​ធ្លាប់មាន (ក្នុងគម្លាតជាង ៦លាន​គីឡូម៉ែត្រ) គឺជាលើក​ដំបូងបំផុត និងគួរឲ្យរំភើបនឹកស្មាន​​មិនដល់ផងដែរ ប៉ុន្តែបេសកកម្ម​​ដ៏ធំរបស់អង្គការ NASA មួយនេះ ពិតជា​មាន​ភាពវិសេស និងអស្ចារ្យ លើសពីរូបភាព​ដែលបានបង្ហាញកន្លង​​មកនោះទៅទៀត។ នេះបើតាម​​ការចេញផ្សាយ​ដោយ​​វែបសាយ Space នាល្ងាច​​ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមការងារ​គ្រប់​គ្រងបេសកកម្ម​នៃយាន Solar Parker Probe ដែលទើប​ត្រូវបាន​បាញ់បង្ហោះកាលពី​​ប៉ុន្មានខែមុននេះ​បានឲ្យដឹងថា យានដែល​អាច​តស៊ូ​កម្តៅរាប់ពាន់​រាប់ម៉ឺនអង្សាពីព្រះអាទិត្យនេះ គឺនឹងធ្វើការសិក្សា​​អំពីស្ថាន​ភាពទូទៅ​នៃព្រះអាទិត្យ ដែលជាតំរុយដ៏​សំខាន់បំផុត អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​ឈានទៅវិភាគដឹង អំពីវត្តមានជីវិត​អេលៀន (Alien) នៅបណ្តាភព​​ផ្សេងៗ ដែលមានលក្ខណៈ​ស្រដៀងនឹងព្រះអាទិត្យ​យើង។

បន្ថែមពីខាង​លើនេះ លោកស្រី Evgenya Shkolnik ជាអ្នកវិទ្យាសាស្ត្រ, តារាវិទូ និងភពសាស្ត្រ ប្រចាំនៅ​សាកលវិទ្យាល័យរដ្ឋ Arizona បានលើកឡើងថា «យើងអាច​សិក្សាអ្វីៗ​ច្រើនណាស់​ពីព្រះអាទិត្យ​របស់យើង និងជាពិសេសទៅ​លើ​ផ្កាយផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀង​​នឹងព្រះអាទិត្យរបស់​យើងនេះតែម្តង។ បន្ថែមពីនេះ​យើងចង់សិក្សាឲ្យកាន់​តែច្បាស់អំពីភាគល្អិត ថាមពលហ្វូនថុន (photons) ឬមួយ​ភាគល្អិត​នៃពន្លឺ ដែលផ្កាយនានា​ផលិតចេញ​មក។ វាពិតជា​ស្មុគស្មាញ​​ខ្លាំងណាស់ នៅក្នុងការ​ស្វែងយល់​វត្ថុធាតុ​ទាំងនេះ ដែលត្រូវបានជះ​ដោយតារាទាំង​នោះ ទៅលើភព​នានារបស់​ពួកវា…»។

តាមពិតទៅគ្រប់គ្នា​បានដឹងអំពីភាគគ្រោះថ្នាក់​នៃភាគល្អិត និងថាមពលហ្វូនថុន ជះចេញពី​តារានិមួយៗ ដូចជាភពអង្គារ​ដែលបានរងគ្រោះរាប់ពាន់លានឆ្នាំ​មកហើយ រហូតក្លាយ​​ជាភពស្លាប់ ប៉ុន្តែដោយសារតែផែនដី​មានដែនម៉ាញេទិច​ដ៏ខ្លាំងក្លា និងបរិយាកាស​ដ៏ក្រាសនោះ ទើបថាមពល​អាក្រក់ៗទាំងអស់នេះ​មិនអាចយាយីជីវិត​នានានៅលើភព​បៃតងរបស់យើងបាន។

ដូច្នេះការសិក្សាដឹងអំពីភាគល្អិត និងហ្វូថុនរបស់​​ព្រះអាទិត្យយើង គឺមានផលប្រយោជន៍​​នៅក្នុងការសិក្សា​ដឹង​អំពីថាមពលដូចគ្នានៅ​ផ្កាយ​ផ្សេងៗ ដែលមាន​ជម្រក​​នៃភពស្ថិតក្នុង​គន្លង​ត្រឹមត្រូវ​ដូច​ផែនដី ឬមួយក៏អាចល្អៀងគ្នា​​បន្តិចបន្តួចក៏បានដែរ។ កន្លងមក​ភពអេលៀន​ដែលចាត់ទុកថា​ មានគន្លង​ត្រឹមត្រូវ (Habitable Zone) គឺត្រូវបាន​យកគំរូតាម គម្លាត​នៃគន្លងគោចរ​រវាងផែនដី និងព្រះអាទិត្យ ព្រមទាំង​ទំហំនៃភព និងកម្រិតនៃពន្លឺចេញពីផ្កាយមេ​នោះ​ថែមទៀត។

គួរបញ្ជាក់ថា ការសិក្សាអំពីរូបធាតុ​ខាងលើនេះ គឺនឹងពិបាកនៅពេល​ដែលផែនដី ឬយាន​នានាស្ថិតនៅឆ្ងាយ​ពីព្រះអាទិត្យខ្លាំងពេក ដូច្នេះទើប​យាន Solar Parker ត្រូវបាន​ផលិតជាមួយ​ខែលការពារ ដែលអាចចូលទៅកៀក​ព្រះអាទិត្យបំផុត​នៅក្នុង​រយៈចម្ងាយ​តែជាង ៦លានគីឡូម៉ែត្រប៉ុណ្ណោះ ដែលចម្ងាយនេះ​ស្ទើរតែគ្មាននរណា​ជឿនោះឡើយថា អាចមានវត្ថុធាតុ​ណាមួយទ្រាំទ្ររួច នឹងកម្តៅ​ដ៏មហិមា​​នោះណាស់។

ដូច្នេះប្រយោជន៍​​​ធំធេងរបស់វា គឺសិក្សាដឹងអំពីថាមពល​​ទាំងល្អ និងអាក្រក់​ចេញ​ពី​ព្រះអាទិត្យយើង​ឲ្យ​បាន​ច្បាស់​ជាងមុន រួចបន្ទាប់មកគេ​​នឹងយកលទ្ធផល​​ទាំងនេះ ដើម្បីវិភាគ​ទៅ​លើតារានានា​ដែល​គេ​សង្ស័យថា មានភពគោចរ​នៅជុំវិញតារាទាំងនោះ ដែលអាចកំពុងលាក់ជីវិតក្នុង​ទម្រង់ណាមួយ បន្ថែមពីលើ​ការ​សិក្សាស្រាវជ្រាវ ដោយប្រើប្រាស់​កែវយឺតអវកាស​នានាដូចជា Kepler ឬក៏ James Webb ដែលបីឆ្នាំទៀតនឹងត្រូវបាញ់​បង្ហោះនោះជាដើម៕

ចែករំលែក