បើសិន​ជា​អាចម៍ផ្កាយ Chicxulub មកយឺត​ជាងនេះតែ «៣០វិនាទី» នោះ​ពពួកសត្វដាយណូស័រប្រាកដជាមិន…

0

 

(អាមេរិក)៖ កាលពី ៦៦លានឆ្នាំមុន អាចម៍ផ្កាយមួយ​ដែលមានឈ្មោះថា Chicxulub មានមុខកាត់​រហូតដល់ទៅ ១០គីឡូម៉ែត្រ បានបុកភពផែនដី​ពេញមួយ​ទំហំ​នៅតំបន់ឈូងសមុទ្រ​ក្បែរប្រទេសម៉ិចស៊ីកូសព្វថ្ងៃ ដែលបន្ទាប់ពីការ​ប៉ះទង្គិចនោះ វាបានបង្កឲ្យបរិស្ថានភពផែនដី​ ប្រែប្រួលទៅជាអាក្រក់បំផុត និងធ្វើឲ្យសត្វ​ដាយណូស័រ​គ្រប់ប្រភេទត្រូវផុតពូជទាំង​កម្រោល​តែម្តង។ ប៉ុន្តែបើសិនជា​អាចត្រឡប់ក្រោយវិញ ហើយឲ្យអាចម៍​ផ្កាយយក្សនោះ មកយឺតជាងនេះ​តែ ៣០វិនាទី តើនឹងមាន​រឿងអ្វីកើត​ឡើង?

មុននឹងឆ្លើយនូវសំណួរ​ដ៏សំខាន់បំផុតនេះ យើងសូមងាក​ទៅ ៦៦លានឆ្នាំមុន​ដែលផែនដី​កាលណោះ ត្រូវបានរងគ្រោះដោយអាចម៍ផ្កាយ Chicxulub ដែលបណ្តាល​ឲ្យជីវិតប្រមាណ ៧៥% (គិតទាំងសត្វ និងរុក្ខជាតិ ព្រមទាំងលើដី និងក្នុងទឹក) ត្រូវបានរលំរលាយទាំងនៅពេលអាចម៍ផ្កាយ​បុកចំផែនដី និងការឆាបឆេះ ព្រមទាំង​កម្ទេច​​កម្ទីរដុំថ្ម-ភ្លើង ដែលខ្ទាតបាច​សាច​ទៅគ្រប់ទិសទី បូកថែមនឹង​​បរិយាកាសដែល​ប្រែទៅជាពុល និងអាប់អួរបំផុត​ អូសបន្លាយក្នុងរយៈពេល​សិប​ឆ្នាំ។

ប្រការនេះដូចបាន​រៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យពពួក​សត្វដាយណូស័រ​សាហាវៗទាំងធំ​ទាំងតូច ដែលស៊ីសាច់ និងរុក្ខជាតិជាតិអាហារ ព្រមទាំងរស់​នៅលើ​គោកនោះ ទោះបីជាពួកវាមាន​សំណាងមានជីវិតរស់នៅ​ ក្រោយការប៉ះទង្គិច​ក៏ដោយ ក៏ពួកវាមិនអាចស៊ូទ្រាំ​ទៅនឹងបរិស្ថាន​ដ៏ពិសពុល​នៃភពផែនដី ក្រោយពីការ​ប៉ះទង្គិចនោះ​ដែរ។ អ្នកវិទ្យាសាស្ត្រកន្លង​មកធ្លាប់បានអះអាងថា ការវិនាស​អន្តរាយនេះ គឺមិនមែន​​ដោយសារ​តែ​​​អាចម៍​ផ្កាយ Chicxulub ដែលមានទំហំធំធេង​​នោះ​​ឡើយ ប៉ុន្តែគឺដោយសារ​​តែឥទ្ធិពល នៃតំបន់ដែល​វាធ្លាក់​ចំនោះ​ច្រើន​ជាង។

តើតំបន់ឈូងសមុទ្រ​ក្បែរប្រទេសម៉ិចស៊ីកូនោះ មានអ្វីខ្លះដែលជាឥទ្ធិពល? ជាការពិត​នៅពេល​អាចម៍ផ្កាយ Chicxulub បានបុកចំឈូងសមុទ្រ​ម៉ិចស៊ីកូនោះ វាបានបង្កជា​ការញ័ររញ្ជួយដី និងរលកយក្សស៊ូណាមិ​ដ៏ធំធេងបំផុត ហើយឧស្ម័ន​បង្កើតចេញពីការប៉ះ​ទង្គិចនោះ បានអណ្តែតឡើង​ទៅគ្របដណ្តប់ពាសពេញបរិយាកាស នាំឲ្យបរិយាកាស​ផែនដីប្រែជាត្រជាក់​ខ្លាំងបំផុត រហូតដល់ជីវិតធំៗ​ដែលរស់នៅលើ​គោកដែល​មិនអាចរកកន្លែងកក់ក្តៅរស់​នៅបាននោះ ត្រូវវិនាសផុតពូជទាំង​អស់។

ការសិក្សា​ពី Nature journal Scientific បានឲ្យដឹង​ទៀតថា ក្រោយការប៉ះទង្គិច​ សីតុណ្ហភាព​ជាមធ្យមរបស់​ភពផែនដី គឺបានធ្លាក់ចុះ ០៨អង្សាសេ ហើយអូសបន្លាយ​រាប់ឆ្នាំ​ឯណោះ ដែលពិតជាត្រជាក់​ខ្លាំងណាស់ មិនអាចឲ្យ​សត្វនៅលើគោក​​រស់នៅ​​បាននោះ​ឡើយ មិនដូចជាមនុស្ស​ក្នុងពេល​បច្ចុប្បន្ន​ ដែលមាន​ទីជម្រក សំលៀកបំពាក់ និងបច្ចេកវិទ្យា​​សម្រាប់ការពារខ្លួន​​ពីធាតុត្រជាក់ ឬមួយក៏ក្តៅ​ខ្លាំង​នោះ​ឡើយ។

ចំណុចសំខាន់​បន្ថែមពីខាងលើនេះ​ទៀត គឺតំបន់ដែលត្រូវអាចម៍​ផ្កាយបុកចំ ត្រូវបានអ្នកវិទ្យាសាស្ត្រ​រកឃើញថា ជាតំបន់ផ្ទុកទៅដោយ​សារធាតុអ៊ីដ្រូកាបូន យ៉ាងច្រើនមហិមា​បំផុតលើផែនដី ហើយនៅពេលរង​ការប៉ះទង្គិចនោះ សារធាតុពុល​ទាំងនេះបានជះ​ឡើងពាសពេញ​ផ្ទៃអាកាស នៃភពផែនដី​យើង។ តំបន់​បែបនេះ គឺត្រូវបានអ្នក​វិទ្យាសាស្ត្ររកឃើញថា មានតែ​រង្វង់ ១៣% ប៉ុណ្ណោះ​នៃផ្ទៃភពផែនដី។

ដូច្នេះបើសិន​ជា​​អាចម៍ផ្កាយ Chicxulub នេះ​មកយឺតជាង​ពេលធម្មតា​ចំនួនតែ ៣០វិនាទី វានឹងអាចធ្លាក់មកលើ​ឆ្នេរសមុទ្រ ឬមួយក៏ផ្ទៃដីនៃ​ប្រទេសម៉ិចស៊ីកូ ឬមួយក៏​យើងអាចឲ្យឧទាហរណ៍​មួយ​ទៀតថា បើសិនជាវាធ្លាក់ចំផ្ទៃដី និងផ្ទៃសមុទ្រ ៨៧ភាគរយទៀត ដែលមិនមែន​ជាតំបន់ ១៣% ដ៏គ្រោះថ្នាក់ខាងលើនោះ ផែនដីអាច​នឹងមិនរងគ្រោះ​ធ្ងន់ធ្ងរ​នាំឲ្យពពួកសត្វ​ដាយណ័រ ព្រមទាំង​ជីវិតរហូត​ដល់ ៧៥% ត្រូវបានវិនាសផុតពូជនោះ​ឡើយ៕ ប្រភព៖ Business Insider

ចែករំលែក