កាឡាក់ស៊ី​យក្សដែល Hubble ទើបថត​បាននេះ បញ្ចេញ​ពន្លឺមកតាំង​ពីផែនដី​យើង មិនទាន់កកើត​ម្ល៉េះ (រូបភាព​ខាងក្នុង)

0

 

(អាមេរិក)៖ កែវយឺតអវកាស​ដែលមានអាយុកាល​​រាប់ទសវត្សរ៍ នោះគឺ Hubble ទើបតែបានបញ្ចេញស្នាដៃ ប្រកបដោយអត្ថប្រយោជន៍ថ្មីមួយទៀត នោះគឺរូបភាព​នៃកាឡាក់ស៊ី ដែលស្ថិតឆ្ងាយបំផុតនៅក្នុងចក្រវាឡរបស់យើងនេះ។ នេះបើតាមការ​ចេញផ្សាយដោយវែបសាយ Space នាយប់ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

រូបភាពដែល​ទើបត្រូវបានថតដោយ Hubble នោះ គឺស្ថិតនៅក្នុង​បេសកកម្មមួយ​មានឈ្មោះថា BUFFALO ដែលសំដៅថត​យកកាឡាក់ស៊ី ស្ថិតនៅចម្ងាយឆ្ងាយ​យកតែមែនទែន​តែម្តង ដែលស្ទើរតែគ្មាននរណា​អាចជឿថា មានឧបករណ៍ណាមួយ​បង្កើតដោយ​មនុស្ស​អាចចាប់យកពន្លឺ ឬកាឡាក់ស៊ី​ទាំងនោះបាន។

កាឡាក់ស៊ីដ៏ធំ​ខាងលើនេះ​មានឈ្មោះថា Abell 370 ត្រូវបានក្រុមការងារ​គ្រប់គ្រង​បេសកកម្ម Hubble អះអាងថា មានរយៈចម្ងាយ​រហូតដល់ទៅ ៥ពាន់លានឆ្នាំពន្លឺ ពីភពផែនដី​របស់យើង ដែលវាមានន័យថា ពន្លឺរបស់វាត្រូវធ្វើដំណើរ​រហូតដល់ទៅ ៥ពាន់លានឆ្នាំ ទើបមកដល់​ផែនដី ឬក៏មានន័យថា ពន្លឺរបស់វាជះ​មកតាំងពីផែនដី និងប្រព័ន្ធ​ព្រះអាទិត្យយើង មិនទាន់កកើត​ទៅទៀត។

តាមពិតទៅកែវយឺត​អវកាស Hubble អាចរកឃើញវត្ថុដែលស្ថិត​នៅឆ្ងាយមហាសែន​ឆ្ងាយបែបនេះ ក៏ព្រោះតែចង្កោម​នៃកាឡាកស៊ីដ៏ធំ Abell 370 នេះមាន​លទ្ធភាព​ពង្រីកនូវពន្លឺ​របស់ខ្លួន ដោយសារតែកម្លាំង​ទំនាញដ៏ខ្លាំងរបស់វា ទប់ទល់​នឹងពន្លឺចេញពី​កាឡាក់ស៊ីផ្សេងៗទៀត ដែលស្ថិតនៅពីក្រោយ​ ឬជុំវិញវាបាន។

គួរបញ្ជាក់ថា បើតាមរូបភាពថ្មី របស់ Hubble ក្រៅពីចង្កោម​កាឡាក់ស៊ី Abell 370 ក៏គេអាចមើល​ឃើញនូវកាឡាក់ស៊ីផ្សេងទៀត ដែលស្ថិតនៅជិតនោះ​ផងដែរនោះ គឺ The Dragon ដែលយើងអាច​មើលឃើញនៅពីក្រោម​ចង្កោម នៃកាឡាក់ស៊ី Abell 370។ នៅក្នុង​បេសកកម្ម BUFFALO ក៏នឹងធ្វើការថត ព្រមទាំងសិក្សាអំពី​កាឡាក់ស៊ី​យក្ស​ចំនួន ០៦ ទៀត ដែល​ស្ថិតនៅជុំវិញ Abell 370 ផងដែរ៕

 

ចែករំលែក