បន្តិចទៀត​ប្រព័ន្ធតេឡេស្កូបយក្សថ្មី​នឹងលេចឡើង ក្រោមការ​ចាប់ដៃ​រវាងចិន និង​អាហ្វ្រិកខាងត្បូង!

0

 

(ប៉េកាំង)៖ ប្រទេសចិន និងអាហ្រិ្វកខាងត្បូង​កំពុងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអវិឌ្ឍ តេឡេស្កូបប្រើរលកវិទ្យ (Radio Telescope) ដ៏ធំបំផុត​មួយនៅ​លើ​ពិភពលោក ដើម្បីជួយបក​ស្រាយពីប្រភព​ដើម និងការវិវត្តរបស់​ចក្រវាឡយើងនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ប្រព័ន្ធតេឡេស្កូបដែលហៅកាត់ថា SKA នឹងប្រមូលសញ្ញា​នានាដែលទទួលបាន​ តាមរយៈអង់តែនតូចៗជាច្រើន គ្រប់ដណ្ដប់​ក្នុងរយៈចំងាយ ៣,០០០ គីឡូម៉ែត្រ នៅលើផ្ទៃដីមួយគីឡូម៉ែត្រ​ក្រឡា។ អង់តែន​ទាំងនេះ​នឹងត្រូវបានកសាង​ឡើងនៅឯ អឌ្ឍគោលខាងត្បូងនៃភពផែនដី​ ជាមួយស្នូលកណ្ដាលនៅ​ក្នុងប្រទេស​អូស្ត្រាលី និងអាហ្រ្វិកខាងត្បូង​ជាទីដែលការ​អង្កេត Milky Way galaxy មានលក្ខណៈល្អ​ប្រសើរ និងមានការឥទ្ធិពល​វិទ្យុតិចតួច។

បន្ថែមពីលើនេះ SKA នឹងចាប់រលកវិទ្យុ​ពីលំហអាកាសស្រទាប់ជ្រៅ ជាមួយសមត្ថភាព​ខ្លាំងជាង ៥០ដង បើធៀបទៅនឹងឧបករណ៍វិទ្យុដទៃ។ ការចាប់សញ្ញា​នេះពិតជាមានភាពចាំបាច់ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការវិភាគអំពីទិន្នន័យ​ទាំងអស់ និងស្វែងយល់បន្ថែមអំពីការកកើតនៃកាឡាក់ស៊ី នៅក្នុងចក្រវាឡដែលគ្មានព្រំដែន​កំណត់ច្បាស់លាស់នេះ។

មុននឹងចុះកិច្ចព្រមព្រៀង​ជាមួយប្រទេសអាហ្វ្រិក​ខាងត្បូងពេល​នេះ ប្រទេសចិន​ក៏មានចាកនតេឡេស្កូបយក្ស ធំផ្តាច់គេនៅលើពិភពលោក​រួចទៅហើយ នោះគឺ FAST ដែលបានសិក្សា​អំពីថាមពលតារានានា នៅក្នុង​កាឡាក់ស៊ី និងបង្ហាញអំពីភាព​រីកចំរើន​ទៅមុខខ្លាំង នៃវិស័យស្រាវជ្រាវ​វិទ្យាសាស្ត្រ និងអវកាស​របស់ចិនថែម​ទៀត។

គួរបញ្ជាក់ថា Telescope Meerkat ដែលទំនើបជាងគេ​របស់អាហ្វ្រិក ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពី​ខែកក្កដា ឆ្នាំ២០១៨ ហើយវានឹងត្រូវបញ្ចូល​ទៅក្នុងគំរោង SKA នៅក្នុងដំណាក់កាលទីមួយ​នៅឆ្នាំ២០២០។ សម្រាប់ប្រទេសចិនវិញត្រូវបានគ្រប់គ្នាទទួល​ស្គាល់ថា មានភាពនាំមុន​ក្នុងការច្នៃ និងផលិតបន្ទះ​ស្រូបសញ្ញា (អង់តែន) ដែលមាន​មុខកាត់ ១៥ម៉ែត្រ ហើយ​ប្រការនេះ​ពិតជាចាំបាច់​ណាស់សម្រាប់​គំរោង SKA ទាំងមូល៕

ចែករំលែក