ស្វែងយល់៖ ហេតុអ្វីបាន​ជាគេកំណត់ថា ផែនដីមានអាយុកាល ៤.៦ពាន់លានឆ្នាំ?

0

 

(ភ្នំពេញ)៖ នេះជា​សំនួរដែល Cambo Space តែងតែជួបប្រទះ​ប៉ុន្មានឆ្នាំមកហើយ​ អំពីការកំណត់​អាយុកាល នៃភពផែនដីរបស់យើង ដែលបច្ចុប្បន្ននេះគឺ ៤.៦ពាន់លានឆ្នាំ គឺជាតួលេខចុង​ក្រោយបំផុតពីក្រុមអ្នក​បុរាណវិទ្យា និងវិទ្យាសាស្ត្រ​បានឯកភាពគ្នាយក​ជាផ្លូវការ ខណៈដែលរាប់រយ​ឆ្នាំមុន ក៏ធ្លាប់មានអ្នកប្រាជ្ញ​មួយចំនួន បានលើកឡើង​ពីអាយុកាល​នៃភពផែនដី ប្លែកៗ​ពីគ្នាផង​ដែរ។

តើហេតុអ្វីបានជា​គេកំណត់យក​រយៈពេល ៤.៦ពាន់លានឆ្នាំ ជាអាយុកាល​​នៃភព​ផែនដី? ជាក់ស្តែង​​បេសកកម្មកំណត់អាយុ នៃភពផែនដីរបស់យើង​ត្រូវបានចាប់​ផ្តើមឡើង​ជាង ៤០០ឆ្នាំមកហើយ ប៉ុន្តែការកំណត់នោះ គឺមិនមែនទើប​តែមាននោះ​ឡើយ ដោយអ្នកប្រាជ្ញ​ខ្លះអះអាងថា ផែនដីមាន​អាយុកាល ៥០លានឆ្នាំ និងខ្លះទៀត​បាន​លើក​ឡើងថា ផែនដីតាមពិតទៅ​មាន​​អាយុកាល ៥០០លានឆ្នាំទៅវិញទេ។

ទោះបីជាបច្ចុប្បន្នផែនដី​ត្រូវបានគេកំណត់ថា មានអាយុកាល ៤.៦ពាន់លានឆ្នាំ (ជាផ្លូវការច្បាស់​លាស់គឺ ៤.៥៤៣ពាន់លានឆ្នាំ) គឺជាអាយុកាល​ផ្លូវការដែលត្រូវ​ដាក់បញ្ចូលក្នុង​កម្មវិធីសិក្សាទូទាំងពិភពលោកមែន តើនរណាអាចស្មាន​បានទៅថា នៅ​ទសវត្សរ៍ ឬក៏សតវត្សរ៍ថ្មីទៀត ក្រុមអ្នកវិទ្យាសាស្ត្រ​អាចរកឃើញភស្តុតាង​ថ្មី​បញ្ជាក់ថា ផែនដីមាន​អាយុកាលវែងជាង​នេះនោះ?

កុំទាន់អាល​គិតច្រើនអី ចូរគិតតែពីបច្ចុប្បន្នកាលនេះ​សិនទៅ។ ការកំណត់ថា ផែនដីមាន​អាយុកាល ៤.៦ពាន់លានឆ្នាំនោះ គឺអ្នកបុរាណវិទូ និងវិទ្យាសាស្ត្រ​ជ្រើសរើស​យកការកំណត់​អាយុកាល នៃរូបធាតុដែលមានវ័យចំណាស់បំផុត ទាំងនៅលើផែនដី និងឋានព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិរបស់យើង មកធ្វើការវិភាគ​រវាងគ្នារួច​ទើបកើតចេញ​ជាលទ្ធផលរួមមួយ​តែម្តង។

អ្នកវិទ្យាសាស្ត្រ​បាន​​ជ្រើស​រើសយកដុំថ្ម​​ស្រទាប់លើ​ទាំងអស់ នៃភពផែនដី​មកធ្វើការវិភាគ និងកំណត់អាយុកាល ហើយនៅទីបំផុត​គេ​បានរកឃើញ​ថា ដុំថ្មនៅតំបន់មួយ​​ដែលមាន​ឈ្មោះ Acasta Gneiss ស្ថិត​នៅភាគខាងជើង​​នៃឆ្នេរ Hudson’s Bay ទីក្រុងកេប៊ិច នៃប្រទេស​​កាណាដា ជាបណ្តុំថ្ម​ដែលមាន​​វ័យ​ចំណាស់​ជាងគេ​បំផុតនៅ​លើភពផែនដី គឺ ៤.២៨ពាន់លានឆ្នាំ​ឯណោះ។

បន្ទាប់មកទៀត​​ក្រុមអ្នកវិទ្យាសាស្ត្រ និងបុរាណវិទ្យា នៅសម័យកុំព្យូទ័រនេះ​បានគណនា​ទៀតថា ដុំថ្មទាំងផ្ទាំងៗ​​នេះ គឺត្រូវបានកកើត​​ឡើង​នៅ​រយៈពេល ៣០០ឆ្នាំ បន្ទាប់ពី​​ការកើត​នៃភពផែនដី​យើង ហេតុដូច្នេះ​ហើយទើប​យើងអាចកំណត់​អាយុកាលចុង​ក្រោយនៃភពផែនដី ទៅតាមរូបធាតុ​​ចំណាស់បំផុត​ ដែលត្រូវបានរក​ឃើញនេះ​បូកផ្សំ​ជាមួយនឹងដុំថ្មមក​ពីឋាន​ព្រះច័ន្ទ​ ដែលបានបង្ហាញ​លទ្ធផល​នៃអាយុកាល​មិនសូវខុសគ្នា​ប៉ុន្មាន​នោះឡើយ ពីដុំថ្មចំណាស់នៅលើភពផែនដី។

សរុបសេចក្តីមក ទម្រាំបានដឹងពីអាយុកាល​នៃភពផែនដីនេះ គឺមិនមែនជា​ការងាយ ឬជាការអង្គុយ​ស្មាននោះឡើយ ដោយវាបានឆ្លង​កាត់​ការស្រាវជ្រាវ សិក្សា តស៊ូមតិ និងឯកភាពគ្នា​ជារួម ទើបសម្រេចយកលទ្ធផល​ជាផ្លូវការ ដើម្បីឲ្យមនុស្ស​ម្នាលើភព​ផែនដីបានដឹងពី​អាយុកាលនៃ​ទឹកដីភ្លើងខ្យល់ ដែលបានផ្តល់​កំណត់ និងការពារយើង​ប្រកបដោយក្តី​សុខរាប់លានឆ្នាំ​មកនេះ។​ ចុះបងប្អូនវិញ មានគំនិត​បែបណាដែរ ចំពោះការ​កំណត់អាយុកាល នៃភពផែនដីនេះ?

ប្រភព៖ វែបសាយ Space

ចែករំលែក