ភពនៅជិតផែនដី​យើងបំផុតនេះ ប្រហែលជា​កំពុងលាក់ជីវិត​អេលៀន​ផងដ៏ថា​បាន…

0

 

(អាមេរិក)៖ គ្រប់គ្នាកំពុងចោល​ភ្នែកទៅរកភពឆ្ងាយៗ ដែលស្ថិតនៅ​ប្រព័ន្ធព្រះអាទិត្យ​មានចម្ងាយរាប់សិបឆ្នាំ​ពន្លឺឡើងទៅពីភពផែនដី ហើយវាស្ទើរតែរកវិធី​គ្មាននោះឡើយ នៅក្នុងការទៅ​ឲ្យដល់ ឬមានឧបករណ៍​ណាមួយ ដើម្បីសិក្សាលម្អិតអំពីភព​ទាំងអស់​នោះ ឡើយ ប៉ុន្តែយើងភ្លេចគិតថា Proxima Centuari b ដែលស្ថិតនៅជិត​ផែនដីយើងបំផុត តែ ៤.២ឆ្នាំពន្លឺនេះ អាចនឹង​កំពុងលាក់ជីវិត​​ក្នុងទម្រង់​ណាមួយ​​ក៏​ថា​បានដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​វែបសាយ Space នាល្ងាច​ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

ប្រព័ន្ធផ្កាយ Alpha Centauri ដែលមានផ្កាយ​ភ្លោះបីនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ​រកឃើញថា មានភពមួយគោចរ​នៅក្នុងចង្កោម​នោះ ហើយភព Exo-planet ចំនួន ១ គឺមានឈ្មោះ​ថា Proxima Centuari b ដែលមានទំហំ​ធំជាងផែនដី​យើងតែបន្តិចប៉ុណ្ណោះ​ ​ត្រូវបាន​រក​ឃើញនៅទីនោះ​​កាលពីខែសីហា ឆ្នាំ២០១៦ និងត្រូវបាន​​ក្រុម​តារាវិទូអះអាង​​ទៀត​ថា ស្ថិតនៅក្នុង​គន្លង​ត្រឹមត្រូវ (Habitable Zone) ពីផ្កាយមេ​​របស់វា​នោះគឺ Proxima Centauri ដែលមានទំហំ​តូច​ប្រហាក់ប្រហែល​នឹងភពព្រហស្បតិ៍​យើង ប៉ុន្តែវា​មានពន្លឺ​ពណ៌ក្រហម​ឆ្អិនឆ្អៅជាង។

តាមរយៈគណនា​តាមប្រព័ន្ធ​កុំព្យូទ័រ ​ទៅលើគម្លាត​​រវាងភព Proxima Centuari b និងផ្កាយមេ​របស់វា​នោះ​គេអាច​ស្មានបានថា មានវត្តមានទឹក​​នៅលើផ្ទៃរបស់វា ហើយប្រាកដ​ណាស់​​នៅពេលមានទឹក និងពន្លឺចេញ​ពីផ្កាយ​ដ៏សមរម្យ​នោះ សារីរាង្គនៃជីវិត​ប្រាកដជា​មាន​វត្តមាន ឬអាចកំពុង​រីកដុះដាល​ក្នុងទម្រង់​ណាមួយ នៅលើ​ផ្ទៃភព​ ដែលស្ថិតនៅជិតផែនដី​​បំផុតនេះក៏ថា​បានដែរ។

ជុំវិញការសង្ស័យ​ខាងលើនេះ លោក Anthony Del Genio ជាអ្នកវិទ្យាសាស្ត្រ​​មួយរូប មកពីវិទ្យាស្ថានសិក្សា​​អវកាស Goddard នៃអង្គការ NASA ប្រចាំទីក្រុង​ញូយ៉ក បានលើក​​ឡើងថា «សារដ៏ធំធេង​ ដែលចេញ​មកពីការវិភាគរបស់យើង​​នាពេលនេះ គឺមានលទ្ធភាព​​ដ៏សមស្របមួយ​បញ្ជាក់ថា ភពខាងលើនេះ​ទំនង​ជាស្ថិតនៅក្នុងគន្លង​ត្រឹមត្រូវ…»។ ភព Proxima Centauri b មានទំហំ ១.៣ដង នៃទំហំផែនដី​​របស់​យើង ហើយវាគោចរ​មួយ​ជុំផ្កាយមេវា (មួយឆ្នាំ) តែរយៈពេល ១១ថ្ងៃ​ប៉ុណ្ណោះនៃពេលវេលា​លើភព​​ផែនដី។

 

សម្រាប់រយៈពេលគោចរ​ខាងលើនេះ គឺមិនមែនជាបញ្ហា​នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់​នោះគឺគម្លាត​រវាង Proxima Centauri b និងផ្កាយ Proxima Centauri ដែលត្រូវ​មានសមភាព​រវាងពន្លឺ និងកម្តៅដែលជះ​លើភព ប្រៀបធៀបនឹងអ្វីដែល​ផែនដីយើង និងព្រះអាទិត្យ​មាន​ចំពោះគ្នាទៅវិញ​​ទៅមក នោះទើបជីវិត​មានក្តីសង្ឃឹមក្នុង​ការកកើត​ឡើង​ទៅរួច។

គួរបញ្ជាក់ថា ទោះបីជាលទ្ធផល​ខាងលើនេះ ហាក់ដូចផ្តល់ក្តី​សង្ឃឹមច្រើនក្តី ក៏ការសិក្សា​អ្វីៗនៅលើផែនដី​របស់យើង ដូចជាវត្តមាន​នៃមហាសមុទ្រលើ​ផ្ទៃផែនដី និងបរិយាកាស​ផែនដី ដែលរងឥទ្ធិពល​ពីព្រះអាទិត្យនោះ នៅតែបន្តទៅមុន​បន្ថែមទៀត ដើម្បីយកគំរូនេះ​ទៅប្រៀបធៀប​នឹងប្រព័ន្ធ Alpha Centauri នោះ។ សម្រាប់​​ចម្លើយ​ដែលថាវា​មានទឹក ឬអត់ ឬមួយក៏បរិយាកាស​ក្នុងកម្រិតណាមួយនោះ គឺត្រូវរង់ចាំ​តេឡេស្កូប​ជំនាន់ថ្មី ធ្វើការបាញ់បង្ហោះ​នារយៈពេលប៉ុន្មានឆ្នាំខាងមុខ​នេះសិន៕

ចែករំលែក