តេឡេស្កូប​យក្សរបស់ចិន FAST នឹងធ្វើប្រតិបត្តិការ​ជាផ្លូវការនៅ​ឆ្នាំ២០១៩! រង់ចាំ​មើលលទ្ធផល​ទាំងអស់​គ្នា…

0

 

(ប៉េកាំង)៖ ចានតេឡេស្កូបយក្ស​របស់ចិន ដែលមានឈ្មោះ​កាត់ថា FAST នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ​ជាផ្លូវការ ក៏ដូចជាបើកទទួល​ស្វាគមន៍​​តារាវិទូចិន នៅឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CGTN នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងវេទិកា​ស្តីពីវិស័យតារាសាស្រ្ត​កាលពីថ្មីៗនេះ ប្រធានអ្នកវិទ្យាសាស្រ្ត​នៃគម្រោង FAST បានឲ្យ​ដឹងថា តេឡេស្កូប FAST បានរក​ឃើញ​ផ្កាយ Pulsar ថ្មីចំនួនដល់ទៅ ៤៤ដួង ចាប់តាំងតែ​ពីវាបានចាប់ផ្តើមដំណើរការ​សាកល្បង​ កាលពី​ខែកញ្ញា ឆ្នាំ២០១៦មក ហើយ​ FAST កំពុងស្ថិត​ក្រោមការកែ​សម្រួលឲ្យកាន់តែប្រសើរ​ឡើងថែមទៀត។

គួរជម្រាបថា FAST ដែលមានទីតាំងស្ថិត​នៅខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន​ត្រូវគេចាត់ទុកថា ជាចានតេឡេស្កូបតាម​ដានរលក​វិទ្យុ​សញ្ញាដ៏មានអានុភាព​ជាងគេ និងធំបំផុតនៅលើពិភពលោក ដែលមានតម្លៃកសាងខ្ទង់ ២០០លានដុល្លារអាមេរិក។ តេឡេស្កូប​យក្សនេះ ត្រូវបានប្រើប្រាស់​ពេលវេលា​រហូតដល់​ទៅ ០៥ឆ្នាំ ក្នុងការបញ្ចប់ដំណើរ​ការសាងសង់ និងរយៈពីរឆ្នាំ​នៃ​ការធ្វើដំណើរការ​សាកល្បងរហូតដល់ឆ្នាំ២០១៨នេះ។

សម្រាប់ការសង្កេត​ទៅលើ ពពួកតារា Pulsar គឺជាការងារដ៏សំខាន់​មួយរបស់ FAST ដោយសារតែវា អាចប្រើប្រាស់ដើម្បី​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ទៅលើរលកទំនាញ Gravitational Wave និង​​ប្រហោងខ្មៅ (Black Hole) ហើយអាចជួយ​ក្នុងការដោះស្រាយចម្ងល់​ធំៗ​​ជា​ច្រើនផ្សេងទៀត ក្នុងវិស័យ​តារាសាស្រ្ត ហើយក៏មានប្រយោជន៍ ​ក្នុងការវិភាគរកជីវិត​អេលៀន​ផងដែរ៕

ចែករំលែក