តោះមក​ទស្សនារូបភាព​ថ្មីបំផុត ដែលកែវយឺតអវកាស​ឆ្លុះភពអេលៀន TESS ទើបតែ​ថតបាន និងរបៀប​ប្រមាញ់ភព (រូបភាពខាងក្នុង)

0

 

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានបញ្ចេញ​រូបភាពដ៏ថ្មី​សន្លាងមួយផ្សេងទៀត ដែលទើបត្រូវបាន​បាញ់បញ្ជូនមកពី​​ផ្កាយ​រណបនៃកែវយឺតអវកាសឆ្លុះ​រកភព «TESS» បន្ទាប់ពីវា​បាន​ចាប់ផ្តើមប្រតិបត្តិការ​ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ CNET នៅយប់ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ទោះបីជារូបភាព​ខាងលើត្រូវគេដាក់​ឈ្មោះឲ្យថា «First Light» (ពាក្យក្នុងវិស័យ​តារាសាស្រ្ត ​ប្រើដើម្បីរៀបរាប់​​​ពី​លើក​ដំបូង​ដែល​តេឡេ​ស្កូប​ផ្តិតយករូបភាព​) ក៏ដោយ វាពុំមែនជារូប​ទីមួយដែល TESS បានបាញ់បញ្ជូន​មកកាន់ផែនដី​នោះឡើយ។ ដោយនៅ​ដំណាក់កាល​ធ្វើតេស្តនាពេល​កន្លងទៅ NASA ក៏បានបញ្ចេញរូបភាព​មួយសន្លឹកថតបានដោយ TESS ដែលមានផ្ទុក​នូវផ្កាយ​ជាង​ ២០០,០០០ដួង​ផង​ដែរ។

របៀបចាប់​យករូបភាព នៃកែវយឺត​អវកាស TESS គឺបានតាម​រយៈផ្កាយរណប​បំពាក់​កាមេរ៉ាទាំង ៤ ដែលស្ថិត​នៅលើវា ដែលអាចចាប់យក​រូបភាពរហូតដល់​ទៅ​ ១៦ ផ្ទាំងក្នុងពេល​តែមួយ រួចផ្គុំចេញជា​រូបភាពតែ ១ ដូចពេលនេះ។ កញ្ចុំនៃតារា និងកាឡាក់ស៊ី​ ក្នុងនោះរួមទាំងបណ្តុំនៃពពកធូលីពន្លឺចំរុះ​ទាំងតូច និងធំនោះ គឺស្ថិតនៅក្នុង​ការចាប់សញ្ញា-រូបភាព នៃកាមេរ៉ា​របស់ TESS បានផងដែរ។

ដោយឡែកចំពោះ​ការចាប់យករូបភាព​ធ្វើឡើងដោយ TESS ពេលនេះ គឺអាចឲ្យ​ក្រុមតារាវិទូ​ស្វែងយល់អំពីរយៈពេល នៃភពធ្វើការគោចរ​ជុំវិញផ្កាយមេរបស់ពួកវា។ នៅពេលដែល​ទិន្នន័យត្រូវបានវិភាគ​រួចនោះ អ្នកវិទ្យាសាស្ត្រ​នឹង​អាចរកឃើញ​នូវរយៈពេល​ដែលពន្លឺត្រូវ​បាត់បង់ ពេលវាចោល​ស្រមោលមក​លើកែវយឺត ដែលជា​សញ្ញា​បញ្ជាក់ថា ពិតជាមានភព​​ឆ្លងកាត់ផ្កាយមួយនោះមែន។

បន្ថែមពីនេះដើម្បី​ស្វែងរកភពផែនដី​យក្ស ឬ Exoplanets ថ្មីៗទៀតនោះ កែវយឺត​អវកាស TESS ត្រូវតែធ្វើការថត​រូបទីអវកាស​ ក្នុងជ្រុងណាមួយ​នៅរយៈពេល ២៧ថ្ងៃ​ជាប់ៗគ្នា ដោយផ្តោតសំខាន់​លើផ្ទៃមេឃភាគ​ខាងត្បូងផែនដី នៅអំឡុងឆ្នាំ​ដំបូង​នៃការបំពេញ​បេសកកម្មរបស់វា។ ដោយឡែក​នៅឆ្នាំទី ២ នៃបេសកកម្ម​ដែល​អាច​ចាប់ផ្តើមនៅពាក់​កណ្តាលឆ្នាំ២០១៩ វានឹងរេទៅថតផ្ទៃ​មេឃភាគខាង​ជើងវិញ។

គួរជម្រាបថា តាមរយៈការថតយករូបភាពផ្កាយទាំងនេះ កែវយឺតអវកាស TESS នឹងមាន​ឱកាសស្វែង​រកសញ្ញានៃភពអេលៀន ដែល​អាចមានវត្តមាន​នៅជុំវិញពួកវា។ TESS គឺជាកែវយឺតអវកាស​ប្រមាញ់រកភពជំនាន់ថ្មី បន្ទាប់ពីកែវយឺត​អវកាស Kepler ដែលកំពុងបន្ត​​សង្កេតមើល​ពពួកផ្កាយ​ ដែលនៅចម្ងាយ​ចន្លោះពី ៣០០ ទៅ ៣,០០០ឆ្នាំពន្លឺពីផែនដី ខណៈ TESS ផ្តោតទៅលើក្រុ​មដែលនៅចន្លោះពី ​៣០ ទៅ ៣០០ឆ្នាំពន្លឺប៉ុណ្ណោះ៕

ចែករំលែក