តទៅនេះសំរាមអវកាសលែង​ជាបញ្ហា! សំណាញ់មួយនេះ​នឹងប្រឹងសម្អាត​ម្តងបន្តិចៗ! (រូបភាព​ខាងក្នុង)

0

 

(ឡុងដ៍)៖ ផ្កាយរណប​មួយគ្រឿង​របស់ចក្រភពអង់គ្លេស បានធ្វើតេស្តដោយ​ជោគជ័យ ក្នុងការដាក់ពង្រាយ​សំណាញ់ពិសេសមួយ​នៅ​ក្នុងគន្លង​អវកាស ដើម្បីបង្ហាញពី​វិធីសាស្រ្តនៃការប្រមូល​សម្រាម និងកម្ទេចកម្ទីរក្នុង​ទីអវកាស ដែលតែងតែបង្កក្តី​ព្រួយបារម្ភចំពោះបេសកកម្មអវកាស​នានាកន្លងមក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​​សារព័ត៌មាន BBC នៅល្ងាច​ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

 

សំណាក់ពិសេសខាងលើ​បានដំណើរការ នៅ​ក្នុងទីអវកា​សកម្ពស់ជាង ៣០០គីឡូម៉ែត្រ ពីផ្ទៃផែនដី ហើយវាគឺជាផ្នែកមួយ​នៃការធ្វើតេស្ត​ជា​បន្តបន្ទាប់ ដែលនឹងបង្ហាញ​ឲ្យឃើញពីបច្ចេកវិទ្យា​ខុសៗគ្នា ស្តីពីមធ្យោបាយ​ដើម្បីបោសសម្អាត​គ្រឿង​ឧបករណ៍​ផ្សេងៗ ដែលបច្ចុប្បន្ន​ក្លាយជាវត្ថុឥត​បានការ ដែលកំពុងរសាត់​អណ្តែតជុំវិញ​ផែនដី។

ជុំវិញប្រតិបត្តិការរបស់វានេះ សាស្ត្រាចារ្យ Guglielmo Aglietti នៃមជ្ឈមណ្ឌល Surrey Space បានអះអាងថា «វាបានដំណើរការ ទៅតាមអ្វីដែលយើងរំពឹងទុក​មែន…។ សំរាមបាន​រសាត់អណ្តែត និងវិលវល់​ដោយ​គ្មានគោលដៅនោះឡើយ ប៉ុន្តែយើង​អាច​ឃើញសំណាញ់​នោះ ចាប់យក​វាបាន។ វាជារឿងដ៏គួរ​ឲ្យរីករាយណាស់​ជាមួយនឹងដំណើរការ នៃឧបករណីថ្មីរបស់យើង…។»

សំណាញ់​ដ៏ពិតប្រាកដនេះ គឺត្រូវដាក់ភ្ញាប់ជាមួយ​នឹងផ្កាយរណបពិសេសមួយ ដែលមានតួនាទី​ក្នុងការ​ក្រសោបយក​​សំរាមអវកាស​ចេញពី​ផ្ទៃមេឃ។ សម្រាប់ទីអវកាស​ពិតជាមាន​សម្រាមច្រើន ដែលបង្កឡើងដោយ​សកម្មភាពស្រាវជ្រាវអវកាស​របស់មនុស្ស ដោយខ្លះបានស្ថិតនៅ​ទីនោះរាប់ខែរាប់ឆ្នាំ ហើយមិនទាន់ធ្លាក់មកផែនដី​វិញផង។

គួរជម្រាបថា ផ្កាយរណបខាងលើ​មានឈ្មោះថា Remove Debris Satellite។ សម្រាបអវកាស​​ប្រមាណ ៧,៥០០តោន ត្រូវគេអះអាងថា​ កំពុងតែរសាត់អណ្តែត​គ្មានកោះត្រើយ នៅក្នុងគន្លងនៃភព​របស់យើង ហើយប្រការនេះ​អាចបង្កជាហានិភ័យ​យ៉ាងធ្ងន់ធ្ងរ សម្រាប់​ការ​​ចេញបេសកកម្មរុករក​ក្នុងទីអវកាសនា​ពេលអនាគត៕

ចែករំលែក