(ភ្នំពេញ)៖ មានអ្វីៗច្រើនណាស់ដែលក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើផែនដីដែលស្រឡាញ់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ-អវកាស ចង់ឲ្យកើតមានឡើងនៅថ្ងៃអនាគតដ៏ខ្លីខាងមុន ប៉ុន្តែអ្វីៗមិនអាចធ្វើទៅដោយបង្ខំនោះឡើយ ដោយវាត្រូវពេលសិក្សាស្រាវជ្រាវ និងសហការរវាងក្រុមអ្នកអភិវឌ្ឍន៍ក្នុងប្រទេស ឬមួយក៏កិច្ចសហការជាលក្ខណៈអន្តរជាតិ ទើបអាចសម្រេចបាន។
បន្ថែមពីនេះទៀតថវិកា គឺជារឿងមួយចាំបាច់បំផុត ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញថា អង្គការ-ក្រុមហ៊ុនអវកាសជាច្រើន ចាប់ផ្តើមងាករេចង្កូតទៅធ្វើការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រដោយសហការជាមួយក្រុមហ៊ុនឯកជន ឬមួយក៏ពាក់កណ្តាលឯកជន ដើម្បីទ្រទ្រង់កម្មវិធីអភិវឌ្ឍន៍របស់ខ្លួនប្រកបដោយនិរន្តរភាពផងដែរ ព្រោះពួកគេមិនអាចពឹងផ្អែកតែទៅលើថវិកាជាតិ បានរហូតនោះឡើយ។ ខាងក្រោមនេះជាថាមពលដ៏អស្ចារ្យ ដែលមនុស្សចង់សម្រេចឲ្យបាននៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែអាចនិយាយបានថា វាត្រឹមតែជាការស្រមៃដ៏ជ្រុលហួសមួយប៉ុណ្ណោះ៖
ឥន្ធនៈ Antimatter ក្នុងក្តីស្រមៃ គឺថាមពលដែលមានចរីភាព និងខ្លាំងក្លាជាងថាមពលប្រើប្រាស់បច្ចុប្បន្ន៖ បច្ចុប្បន្នថាមពលដែលខ្លាំងនឹងត្រូវបានប្រើប្រាស់ច្រើនបំផុតនោះ គឺមានដូចជា នុយក្លេអ៊ែរ ចំហេះអ៊ីដ្រូសែន ឥន្ធនៈ-សាំង និងពន្លឺព្រះអាទិត្យជាដើម ប៉ុន្តែទាំងអស់នេះ គឺមានព្រំដែនកំណត់ ហើយមិនអាចស្តុកទុកក្នុងរយៈពេលយូរនោះឡើយ។ ដូច្នេះមនុស្សត្រូវការថាមពលប្រភេទផ្សេងទៀត ដែលអាចប្រើប្រាស់ក្នុងចំនួនតិច តែមានប្រសិទ្ធភាពខ្ពស់។
និយាយដល់ចំណុចនេះ គ្រប់គ្នាប្រាកដជានឹកដល់ឥន្ធនៈ Antimatter ជាមិនខាន។ ពិតប្រាកដណាស់ ឥន្ធនៈប្រភេទនេះគឺមិនទាន់មាន ឬពិបាកក្នុងការសង្ឃឹមថា មានវិធីណាមួយអាចផលិតវាបានណាស់ ប៉ុន្តែឧទាហរណ៍ថ្ងៃអនាគតមនុស្សអាចបង្កើតថាមពលនេះឡើងបាន ឬប្រហាក់ហែលនឹងវាបាន នោះការធ្វើដំណើរនៅទីអវកាសពិតជាងាយស្រួលខ្លាំងជាងមុនដាច់ ឬអាចថា ជាច្រកទ្វារថ្មីនៃភពជោគជ័យ។ តើហេតុអ្វីបានជា Antimatter ខ្លាំងដល់ថ្នាក់ហ្នឹង?
អ្នកវិទ្យាសាស្ត្រអះអាងថា តែមួយក្រាមប៉ុណ្ណោះនៃឥន្ធនៈ Anitmatter អាចមានកម្លាំងស្មើនឹងគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ធំ។ ប៉ុន្តែដើម្បីផលិតមួយក្រាមនៃ Antimatter យើងត្រូវការថាមពលទ្រទ្រង់ប្រតិបត្តិការចម្រាញ់ រហូតដល់ទៅ ២៥,០០០,០០០ ពាន់លានគីឡូវ៉ាត់ម៉ោង ជាមួយនឹងតម្លៃជាទឹកប្រាក់រហូតដល់ ១,០០០,០០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះលោកអ្នកអាចស្រមៃមើលបានថា តើនរណាទៅចំណាយលុយក្នុងផលិតតែមួយក្រាមនោះ?
ដូច្នេះសរុបសេចក្តីមក ឥន្ធនៈ Anitmatter នៅតែបន្តជាក្តីស្រមៃទៅមុខទៀត បន្ទាប់ពីលោកអ្នកបានទស្សនាភាពយន្ត Avatar នៃការនាំមនុស្សលោក ទៅព្រះច័ន្ទ Pendora ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Alpha Centauri កាលពីជិតមួយទសវត្សរ៍មុននោះ ប៉ុន្តែវាមិនមែនមានន័យថា បេសកកម្មអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត និងថាមពលជំរុញនានាត្រូវអស់សង្ឃឹមនោះឡើយ។ អង្គការ និងក្រុមហ៊ុននានានៅតែកំពុងស្រាវជ្រាវ ដែលអាចឲ្យយើងទទួលបានថាមពលថ្មី ដែលមានប្រសិទ្ធភាព និងចំណាយកាន់តែតិច៕