HOT NEWS: ទីបំផុតកែវយឺត​អវកាស TESS បញ្ចេញស្នាដៃដំបូងហើយ នោះគឺការ​រកឃើញភពថ្មីៗ​ទៀត!

0

 

(អាមេរិក)៖ កែវយឺតអវកាស TESS ត្រូវអង្គការ NASA ​ប្រកាសឲ្យដឹងថា បានធ្វើការរកឃើញជាលើកដំបូងនូវ​ភពអេលៀន​ចំនួន​ពីរ បន្ទាប់​ពី​វា​ត្រូវបានបាញ់​បង្ហោះឡើងទីអវកាសកាលពី​០៥ខែមុន។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​សុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

កែវយឺត TESS ដែលមាន​ឈ្មោះពេញថា Transiting Exoplanet Survey Satellite បានបង្កើតរបកគំហើញ​ជាលើក​ដំបូង​របស់វា គិតចាប់​តាំង​តែពីការបាញ់​បង្ហោះកាលពី​ខែមេសា តាមរយៈការឆ្លុះ​រកឃើញ​ភព Super-Earth មួយ និង​ភព Hot-Earth មួយ ដែលស្ថិតនៅ​ចម្ងាយ​​យ៉ាងឆ្ងាយ​ពីយើង។

ភព Super-Earth ខាងលើ​មានទំហំ​ធំជាង​​ផែនដី​ពី ០៤ ទៅ ០៥ដង និងស្ថិតនៅចម្ងាយ​​ប្រមាណជិត ៦០ឆ្នាំ​ពន្លឺពីផែនដី ខណៈភព Hot Earth ដែលមានទំហំធំជាង​ភពរបស់យើងតែបន្តិច​ប៉ុណ្ណោះនោះ មានទីតាំងនៅ​ចម្ងាយ ៤៩ឆ្នាំ​ពន្លឺពីផែនដីរបស់យើង (ចម្ងាយ០១ឆ្នាំពន្លឺ = ៩.៤៦១​ពាន់ពាន់លាន​គីឡូម៉ែត្រ)។

យ៉ាងណាមិញ ភពអេលៀន​ទាំងពីរនេះ​ត្រូវគេជឿជាក់ថា មានគន្លង​គោចរ​នៅយ៉ាង​កៀកនឹងផ្កាយមេ​​របស់ខ្លាំង ជាហេតុអាចធ្វើ​ឲ្យ​ពួកវាមាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​​ និងពុំមានលទ្ធភាព​​ទ្រទ្រង់ជីវិតក្នុង​ទម្រង់​ណាមួយ​ឡើយ ដូច្នេះអាច​និយាយ​បានថា វាគ្រាន់តែ​ជាលទ្ធផលថ្មី ដែលមានបង្ហាញ​អំពីសមត្ថភាព​របស់ TESS តែប៉ុណ្ណោះ។

គួរជម្រាបថា TESS កំពុងស្ថិតក្នុងការ​បំពេញបេសកកម្ម​រយៈពេល ០២ឆ្នាំ ដើម្បីតាមរកមើល​ភពនានា​នៅក្រៅប្រព័ន្ធ​​ព្រះអាទិត្យ ខណៈ​របកគំហើញ​នៃភពទាំងពីរ​ខាងលើនេះ បានកើតមានឡើង​ឆាប់ជាងគេការ​រំពឹងទុក ដោយសារតែវា​ទើប​បាន​ចាប់​​ផ្តើម​ប្រតិបត្តិ​ការ​​ជា​ផ្លូវ​ការ​​ប៉ុណ្ណោះ​​៕

ចែករំលែក