ហេតុអ្វី​អាចម៍ផ្កាយ Ryugu អាច​គំរាមកំហែង​ភពផែនដី នៅឆ្នាំ២០២៩?

0

 

(ភ្នំពេញ)៖ មួយរយៈចុង​​ក្រោយនេះ អ្នកតាមដានព័ត៌មាន​​វិទ្យាសាស្ត្រ-អវកាស ហាក់​មានការចាប់​​អារម្មណ៍ខ្លាំង ចំពោះផ្កាយរណប​ផ្ទុកយានខ្នាតតូច​មួយចំនួន​របស់ជប៉ុន​ ដែលបានធ្វើដំណើរ​​ទៅដល់អាចម៍​ផ្កាយ Ryugu (រីយូគុ) និងបានទម្លាក់​​រ៉ូបូតពីរគ្រឿង​នៅលើនោះ​ដើម្បី​ធ្វើការ​សិក្សា និងត្រៀមប្រមូល​​គំរូតាងមួយចំនួនមក​កាន់ផែនដី​វិញ ដើម្បី​ធ្វើ​ការសិក្សា។ ប៉ុន្តែមាន​​ការអះអាងថា អាចម៍ផ្កាយនេះ​ទៅថ្ងៃមុខ​អាចបង្កការ​គំរាមកំហែង​ដល់ភពផែនដីយើង, តើវាអាចកើត​មានឡើងយ៉ាង​ដូចម្តេចទៅ?

មុននឹងស្វែងយល់​មូលហេតុនៃការគំរាមកំហែង សូមបងប្អូនតាម​ដាននូវលក្ខណៈ​ពិសេសៗមួយចំនួននៃអាចម៍ផ្កាយ 162173 Ryugu ជាមុនសិន។ អាចម៍ផ្កាយនេះ ​ត្រូវបានក្រុមអង្កេតលើផែនដីប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ១៩៩៩ និង​ត្រូវ​បានចាត់ចូលជា​វត្ថុអវកាស​ខ្នាតធំ (អាចម៍ផ្កាយខ្នាតធំ) ដែលស្ថិត​នៅតំបន់​កៀកភពផែនដី​ដែលប្រវែងខ្លួន​របស់វា​​គឺជិត១គីឡូម៉ែត្រ និងមុខ​កាត់​ទទឹងគឺ ៤០០ម៉ែត្រ ព្រមទាំងការ​ធ្វើគោចរមួយជុំព្រះអាទិត្យ ​ក្នុងរយៈពេល ៤៧៤ថ្ងៃនៃភពផែនដី។

ឈ្មោះ Ryugu នេះគឺជប៉ុន​ជាអ្នកដាក់ឲ្យ ដោយបកប្រែថា «រាជវាំងរបស់នាគ» និងជា​ការយកលំនាំ​ទៅ​តាមរឿងព្រេងបុរាណ​មួយ របស់ប្រទេសនេះ​ផងដែរ។ អាចម៍ផ្កាយ​នេះ ធ្វើដំណើរនៅ​ចម្ងាយពីព្រះអាទិត្យ ១.៤១ AU (មួយ AU = ១៥០លានគីឡូម៉ែត្រ​ ដោយយក​គម្លាតរវាងផែនដី និងព្រះអាទិត្យជារង្វាស់) ដែលវា​មានន័យថា គន្លងគោចរ​របស់វា គឺស្ថិតនៅ​ចម្លោះភពអង្គារ និងភពផែនដី​យើងនេះតែម្តង។

សម្រាប់រូបភាពពិតប្រាកដរបស់អាចម៍ផ្កាយ Ryugu គឺត្រូវបានថតជាលើកដំបូង​បំផុត​ដោយផ្កាយរណបជប៉ុន Haybusa-2 នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ នៅថ្ងៃទី១៨ ខែមិថុនា យាន-ផ្កាយរណប​របស់ជប៉ុនខាងលើនេះ បានបន្ទាបខ្លួនទៅដល់រយៈកម្ពស់ ២៤០គីឡូម៉ែត្រពីលើ Ryugu និងបានថតរូបបន្ថែមទៀត កាន់តែជិតទៅអាចម៍ផ្កាយ ដែលប្រៀបបាន​ដូចទៅនឹងត្បូងពេជ្រយក្សមិនទាន់ច្នៃមួយនេះ។

យាន​បេសកកម្ម Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារ ត្រូវបានបាញ់​បង្ហោះកាលពីចុង​ឆ្នាំ២០១៤ ហើយបាន​ទៅដល់​ Ryugu ជាអាចម៍ផ្កាយ​មានមុខកាត់ជិតមួយ​គីឡូម៉ែត្រ ដែលស្ថិតនៅគន្លងគោចរចន្លោះ​ផែនដី និងភពអង្គារ កាលពី​ខែមិថុនា ឆ្នាំ២០១៨នេះ។ យានរ៉ូបូត MINERVA-II1A និង MINERVA-II1B ​មានទទឹងត្រឹម ​១៨សង់ទីម៉ែត្រ និងកម្ពស់​ ០៧សង់ទីម៉ែត្រ រួមជាមួយ​ទម្ងន់​ ១.១គីឡូក្រាម​​ប៉ុណ្ណោះ​។​

ក្រៅពីយានទាំងពីរ​ខាងលើនេះ នៅអំឡុងដើម​ខែក្រោយ យានមេ Hayabusa-2 ត្រូវគេកំណត់ថា នឹង​ទម្លាក់យានចុះចត​មួយគ្រឿង​ដែល​ធំជាងនេះ មានឈ្មោះថា MASCOT ទៅកាន់ Ryugu ខណៈយានតូចចុង​ក្រោយមួយទៀត ឈ្មោះ MINERVA-II2 នឹងឆ្ពោះទៅ​កាន់​អាចម៍ផ្កាយនោះ​នៅឆ្នាំក្រោយ។

ម៉្យាងវិញទៀត នៅឆ្នាំ២០១៩ Hayabusa-2 ក៏នឹងបញ្ជូនម៉ាស៊ីន​មួយទៅបំបុកផ្ទៃរបស់​អាចម៍ផ្កាយ Ryugu ផងដែរ ដើម្បីបង្កើត​ជារណ្តៅ​សម្រាប់​ឲ្យយាននេះ ចុះទៅប្រមូលគំរូតាង​នៅទីនោះផ្ទាល់តែម្តង ហើយគំរូតាង​ទាំងអស់នោះ នឹងត្រូវនាំយកមក​កាន់ផែនដីវិញ នៅ​​ខែ​ធ្នូ ឆ្នាំ២០២០ ប្រសិនបើអ្វីប្រព្រឹត្ត​ទៅយ៉ាងរលូន​ តាមការគ្រោង​ទុកទាំងអស់។

ងាកមកកាន់​សំនួរយើងវិញថា តើអាចម៍ផ្កាយ Ryugu អាចគំរាមកំហែង​ផែនដីដូចម្តេច​នោះ? ចម្លើយគឺដោយសារ​តែអាចម៍ផ្កាយនេះមាន​ទំហំធំ និងស្ថិតនៅគន្លង​គោចរនៅកៀក​ភពផែនដី នៅក្នុងស្ថានភាពមិននឹងនរនោះឡើយ។ ជាក់ស្តែង​នៅក្នុងខែមេសា ឆ្នាំ២០២៩ ខាង​មុខនេះ Ryugu ត្រូវបានក្រុម​តារាវិទូព្យាករណ៍ថា នឹង​គោចរមក​​កៀកភពផែនដី​បំផុតក្នុងរយៈចម្ងាយ​តែជាង ៣០,០០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែលវាជិត​ចម្ងាយរវាងព្រះច័ន្ទ និងផែនដីរហូត​ដល់ទៅ ១០ដង។ ដូច្នេះវាពិតជារឿង​គ្រោះថ្នាក់បំផុតមួយ ដែលយើងមិនអាច​មើល​រំលងនោះ៕

ចែករំលែក