Oops! រុស្ស៊ីគ្រោងសងសឹកទណ្ឌកម្មអាមេរិក ដោយលុបចោល​គំរោងកសាងស្ថានីយ៍​អវកាស​នៅឋាន​ព្រះច័ន្ទ?

0

 

(ម៉ូស្គូ)៖ ក្តីព្រួយបារម្ភថ្មីមួយបានលេចឡើងហើយ ដោយគំរោង​កសាងស្ថានីយ៍ច្រក​ទ្វារអវកាស​ឋានព្រះច័ន្ទ ឬ Lunar Deep Space Gateway អាចនឹងត្រូវរុស្ស៊ី​ប្រកាសលុបចោល ដោយកាលពីឆ្នាំ​មុនមហាអំណាចអវកាសលេខ ២ នៅលើសកលលោក​មួយនេះ បានយល់ព្រម​សហការជាមួយ​អង្គការ NASA របស់អាមេរិកក្នុង​ការបង្កើតវាឡើង។ នេះបើ​តាមការចេញផ្សាយ​ដោយសារ​ព័ត៌មានអង់គ្លេស Express នារសៀល​ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ការព្រមាន​ខាងលើនេះ ត្រូវបានធ្វើឡើងដោយប្រធាន​អង្គការអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin ជាការឆ្លើយតប​ទៅ​នឹង​ភាពតានតឹងផ្នែកពាណិជ្ជកម្ម និង​នយោបាយ​​យុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក​កំពុងបង្ក​​ឡើង មិនថាតែជាមួយរុស្ស៊ី​នោះឡើយ គឺទៅលើប្រទេស​​ណាក៏ដោយ ដែលមានទំនាក់ទំនង​​ជិត​ស្និទ្ធជាមួយនឹង​ទីក្រុងម៉ូស្គូ ហើយក្នុងនោះក៏មាន​​មហាយក្សចិន ដែលទើបបានទទួលរង​ទណ្ឌកម្មក្តៅៗ​ផងដែរ។

សហរដ្ឋអាមេរិក​ទើប​​តែ​បញ្ចេញទណ្ឌកម្ម​ប្រឆាំង​ប្រទេសចិន និងត្រៀមទណ្ឌកម្ម​ទុកដាក់បន្ថែមលើ​ទីក្រុង​ម៉ូស្គូទៀត ដោយសារតែចិន​បានទិញ​សព្វាវុធ​ជាច្រើន ​ដូចជាយន្តហោះចម្បាំង និងប្រព័ន្ធ​ការពារ​​មីស៊ីល S-400 ដ៏មានអានុភាព ដែលផ្ទុយទៅនឹង​ការព្រមានរបស់​សហរដ្ឋអាមេរិក​កន្លងមក។ ទង្វើរបស់សហរដ្ឋអាមេរិក​បែបនេះ គឺ​ប្រទេសរុស្ស៊ី​មិនអាចទទួលយក​បាននោះឡើយ ដោយវាត្រូវបាន​ទីក្រុងម៉ូស្គូចាត់ទុកថា ជាទណ្ឌកម្ម​ដែល​គ្មានហេតុផល​ទាល់តែសោះ និងមានចេតនា​បង្អាក់ដល់ពាណិជ្ជកម្មលក់សព្វាវុធដែលរុស្ស៊ី​តែងតែធ្វើឡើង​ដោយស្របច្បាប់​អន្តរជាតិ។

ហេតុដូច្នេះទើប​រដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើម​ធ្វើការគិតគូរ និងពិចារណា​ក្នុងការកាត់ផ្តាច់​ទំនាក់ទំនងសំខាន់ៗ​មួយចំនួនជាមួយអាមេរិក ជាការសងសឹក​ទៅនឹងទង្វើដែលអាមេរិក​បានបង្កឡើង ហើយក្នុងនោះស្ថានីយ​អវកាស​ច្រកទ្វារឋានព្រះច័ន្ទ Lunar Orbital Space Gateway ដែលរុស្ស៊ីបានព្រមព្រៀង​រួមគ្នាកសាងជាមួយអាមេរិក ក៏នឹងត្រូវលុប​ចោលផងដែរ ដោយទុក​ឲ្យអាមេរិក កសាងវាតែឯងចុះ។

លោក Dmitry Rogozin បានសង្កត់​ធ្ងន់យ៉ាងដូច្នេះថា «រុស្ស៊ីប្រហែល​ជាងាកមកយក​ពេលវេលា និងធនធាន ដើម្បីអភិវឌ្ឍន៍គំរោង​នានារបស់ខ្លួនឯងវិញ។ សហព័ន្ធ​រុស្ស៊ី មិនអាចទ្រាំទ្រ​ក្នុងការដើរតួរងលើកម្មវិធីខាងលើនេះ​បានឡើយ»។​ ការបញ្ជាក់​របស់ប្រធានទីភ្នាក់ងារ​អវកាស​រុស្ស៊ីពេលនេះ គឺបានកើតមានឡើង​តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី​ដដែលបាន​អះអាងថា ខ្លួននឹងឈប់ដឹក​អវកាសយានិកអាមេរិក ឡើងទៅកាន់ស្ថានីយ​អវកាសអន្តរជាតិទៀតហើយ ចាប់ពី​ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះតទៅ។

គួរបញ្ជាក់ថា ទោះបី​ជាលោក Dmirty Rogozin បានព្រមាន​ដូចខាង​លើនេះក្តី ប៉ុន្តែនាប៉ុន្មាន​ម៉ោងក្រោយ​មក ទីភ្នាក់ងារ​អវកាស Roscosmos បានបញ្ជាក់ជំហរប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​វិញថា «រុស្ស៊ីមិនទាន់មាន​ផែនការភ្លាមៗ ក្នុងការសម្រេចចិត្តដកខ្លួនចេញពី​គំរោង​កសាងស្ថានីយអវកាស​ច្រកទ្វារឋាន​ព្រះច័ន្ទនោះឡើយ»។ តាមរយៈ​សារព័ត៌មាន TASS បានឲ្យដឹងថា អង្គការ NASA និង Roscosmos បានព្រមព្រៀងគ្នា​កាលពីខែកញ្ញា ឆ្នាំ២០១៧ ថានឹងរួមគ្នា​កសាងស្ថានី Lunar Orbital Space Gateways ឲ្យបាននៅអំឡុង​ទសវត្សរ៍ ២០២០។

រំលឹកបន្ថែម៖ ស្ថានីយច្រកទ្វារ​អវកាសឋានព្រះច័ន្ទ គឺជាគំរោងដ៏​ធំមហិមាមួយ កើតចេញ​ក្នុងរដ្ឋបាល​របស់លោក ដូណាល់ ត្រាំ ដែលវាបានមកពី​ការលុបចោលគំរោង​ទៅកាន់​ភពអង្គារ ដែលពីដំបូង​ឡើយគេបានគ្រោងធ្វើឡើង​នៅឆ្នាំ២០៣០។ លោក ដូណាល់​ ត្រាំ បានបង្កើត​ពាក្យស្លោកថា «ត្រឡប់ទៅ​ឋានព្រះច័ន្ទវិញ ឬ Back to the Moon» ក្នុងន័យ​បង្កើតស្ថានីយអវកាស​​ស្រាវជ្រាវនៅជុំវិញ​ព្រះច័ន្ទ និងនៅលើ​ផ្ទៃព្រះច័ន្ទ រួមសឹមប្រើ​វាជាកន្លែងសំចត​ សម្រាប់ត្រៀមធ្វើដំណើរ​​ទៅកន្លែងឆ្ងាយដូចជា​ភពអង្គារ​ជាដើម៕

ចែករំលែក