ជោគជ័យ​ហើយ! ទីបំផុតរ៉ូបូត​ជប៉ុនពីរគ្រឿង ចុះចតលើ​អាចម៍ផ្កាយ Ryugu ដោយ​សុវត្ថិភាព! (រូបពិតខាងក្នុង)

0

 

(អាមេរិក)៖ យានតូចចំនួនពីរ​គ្រឿងរបស់ទីភ្នាក់ងារ​អវកាសជប៉ុន បានធ្វើការ​ចុះចត​ដោយ​ជោគជ័យ​ នៅលើអាចម៍ផ្កាយ រីយូគុ (Ryugu) ហើយ​​ពួកវាក៏បានផ្ញើរូបភាព​អស្ចារ្យៗមួយចំនួន​មកវិញផងដែរ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅរសៀល​​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

យានរុករក​ខាងលើ គឺជាផ្នែកនៃ​បេសកកម្ម ហាយ៉ាប៊ូសា-២ (Hayabusa-2) ដែលមានគោលដៅ​ប្រមូលគំរូតាង ពីអាចម៍​ផ្កាយរបស់ទីភ្នាក់ងារ​​អវកាសជប៉ុន JAXA។ ពួក​វា​ត្រូវ​បាន​​​​យាន​ Hayabusa-2 បញ្ជូនឲ្យចុះទៅ​កាន់​អាចម៍ផ្កាយ Ryugu កាលពីយប់ថ្ងៃសុក្រ​សប្តាហ៍មុន ប៉ុន្តែ JAXA ត្រូវ​ចំណាយពេលរង់ចាំ​ប៉ុន្មាន​ថ្ងៃ ទើបដឹងថា ប្រតិបត្តិការនេះ​ទទួលបានជោគជ័យ ហើយយាន​ទាំងពីរ​បានចុះដល់ទីនោះ​ដោយសុវត្ថិភាព។

យានទាំងពីរគ្រឿង​នោះមានឈ្មោះថា មីណែវ៉ា 1-A (MINERVA-II1a) និង មីណែវ៉ា 2-b (MINERVA-II2b) ដែលត្រូវបាន​រចនាឡើង ដើម្បីផ្លាស់ទី​ដោយការលោត​​ផ្លោះ​ នៅលើផ្ទៃរបស់​អាចម៍ផ្កាយ Ryugu និង​មាននាទីប្រមូល​យកទិន្នន័យ ក៏ដូចជាផ្តិតយករូបភាព​នានា​នៅទីនោះ។ រូបភាពខ្លះ​ក្នុង​ចំណោមរូបភាព​ដំបូងដែលពួកវាបាន​បញ្ជូនមកផែនដីវិញ គឺមានសភាព​ព្រិលជាខ្លាំង ដោយសារតែ​ការចាប់រូបភាពនោះ ធ្វើឡើង​នៅពេល​យានកំពុងតែលោត​ផ្លាស់ទី។

គួរជម្រាបថា ដើម្បីបញ្ជូន​យាន MINERVA-II1a និង MINERVA-II1b យានអវកាស Hayabusa-2 បានទម្លាក់ខ្លួនវា​ដោយសន្សឹមៗ​ ចុះ​​​ទៅ​ក្បែរផ្ទៃរបស់ Ryugu រហូតដល់ត្រឹម​កម្ពស់ ៥៥ម៉ែត្រ ហើយក្រោយពេល​ទម្លាក់យានទាំងពីរ​គ្រឿង យានអវកាស​មេនេះ បានរកិលឡើង​​ទៅ​លើកម្ពស់ ២០គីឡូម៉ែត្រ ពីផ្ទៃអាចម៍​ផ្កាយវិញដើម្បី​បង្ការការប៉ះទង្គិច ដោយចៃដន្យណាមួយជាមួយ Ryugu។

បេសកកម្ម មិនទាន់ចប់ត្រឹមនេះឡើយ ដោយ​​យាន Hayabusa-2 នៅមានការបញ្ជូនយាន​ចំនួនពីរលើកទៀត។ នៅខែតុលា​ខាងមុខ យានរុករកដែល​មានទំហំធំជាងយាន​ពីរគ្រឿងខាងលើ​ឈ្មោះ MASCOT នឹងត្រូវបានបញ្ជូន​ចុះទៅកាន់អាចម៍ផ្កាយ Ryugu ខណៈនៅ​ឆ្នាំក្រោយ​គឺដល់វេនយាន MINERVA-II2 ដែលជាប្រភេទ​ដូចទៅនឹងយានទាំងពីរ​ខាងលើដែរ។ រីឯបេសកកម្ម​ស្នូលចុងក្រោយ​នោះ គឺ Hayabusa-2 នឹងត្រូវចុះ​ទៅប្រមូល​យកគំរូតាងពី Ryugu ដោយផ្ទាល់ ហើយបញ្ចូនត្រឡប់​មកផែនដី​វិញ ដើម្បីធ្វើការសិក្សា។

គួរបញ្ជាក់ថា អាចម៍ផ្កាយ Ryugu មានបណ្តោយ​ប្រវែងជាង ៨០០ម៉ែត្រ និងមុខកាត់​ទទឹង ៤០០ម៉ែត្រ ដែលផ្ទុកទៅដោយ​រ៉ែមានតម្លៃជាច្រើន​ប្រភេទ។ វាជាអាចម៍ផ្កាយ​ដែលមានគន្លងគោចរ​នៅកៀកផែនដី​យើង គឺស្ថិតនៅចន្លោះភពអង្គារ និងភពផែនដីតែម្តង ហើយនៅ​ខែមេសា ឆ្នាំ២០២៩ ខាងមុខនេះ វានឹងគោចរមកកៀក​ផែនដីបំផុត ក្នុងគម្លាត​តែជាង ៣០,០០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែលប្រការនេះ​កំពុងបង្កក្តីព្រួយបារម្ភ​ជាខ្លាំង សម្រាប់មនុស្ស​លើផែនដី៕

ចែករំលែក