ទោះទៅមិនរួចក៏នៅ​តែគិត! តើធ្វើ​ដូចម្តេចទៅ ទើបអាច​ធ្វើដំណើរលឿន​ជាងល្បឿន​ពន្លឺ?

0

 

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​​មួយចំនួន នៅឯទីភ្នាក់ងារអវកាស NASA កំពុងតែធ្វើការស្រាវជ្រាវ​ទៅលើលទ្ធភាព​ ​នៃ​បច្ចេកវិទ្យា Warp Drive ដែលបច្ចុប្បន្ន​មានតែក្នុងរឿង​ប្រឌិតប៉ុណ្ណោះ ព្រមទាំង​មធ្យោបាយ​ធ្វើដំណើរ​មួយចំនួន​ទៀត ដែលលឿន​ជាងល្បឿនពន្លឺ ប៉ុន្តែអ្នក​ស្រាវ​ជ្រាវ​ភាគច្រើន យល់ឃើញថា ការធ្វើដំណើរ​ប្រភេទនេះ គឺពុំអាចទៅរួចឡើយ ដោយសារតែ​គោលការណ៍មូលដ្ឋាន​ នៃរូបវិទ្យា​នៅ​ក្នុង​​ចក្រវាឡ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Daily Galaxy នៅល្ងាច​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

របៀបនៃការធ្វើ​ដំណើរជាប្រចាំឆ្លង​កាត់ប្រព័ន្ធផ្កាយ គឺមិនអាចទៅរួច​នោះឡើយ ដោយពុំមាន​របកគំហើញថ្មី ទាក់ទិននឹង​សមត្ថភាព​នៃការប្រើប្រាស់​ស្រទាប់អវកាស​ និងពេលវេលា (Fabric of Space and Time) សម្រាប់បំពេញ​តម្រូវការរបស់​ពួកយើង (នោះគឺការធ្វើដំណើរឲ្យដល់កម្រិតល្បឿនពន្លឺ ឬអាចលឿនជាងនេះ)។

ដោយឡែក​​ទោះបីជាគំនិត​​ នៃការបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា Warp Drive ដែលអាច​ដំណើរការបាន គឺជារឿងហួស​ពីការស្រមៃក៏ដោយ ប៉ុន្តែអ្វីដែល​​​សំខាន់នោះ គឺនៅតែមាន​ការគិត ក៏ដូចជាពីភាក្សា​អំពីរឿងនេះ ដែលធ្វើឲ្យ​យើងនឹកឃើញថា ចំណង់​នៃការរុករក​នៅតែបន្តចាក់ឫស​​យ៉ាងជ្រៅ នៅក្នុងមនុស្សជាតិ ដូច្នេះការប្រឹង​គិតគូរក្នុងការរកអ្វីដែលថ្មីៗនោះ អាចជាកូន​សោររំដោះយើងចេញ​ពីភាពទ័លច្រក ​ទៅថ្ងៃមុខផង​ក៏ថាបាន។

ប៉ុន្មានឆ្នាំ​កន្លងមកនេះ ក៏មានតំរុយខ្លះៗផងដែរថា ទីភ្នាក់ងារអវកាស NASA ប្រហែលជាកំពុង​ស្ថិតនៅលើ​ផ្លូវឆ្ពោះ​ទៅរក ការបង្កើត​របក​គំហើញនៃ​បច្ចេកវិទ្យា Warp Drive ដែលនឹងអនុញ្ញាត​ឲ្យ​ការធ្វើដំណើរ​ឆ្លងប្រព័ន្ធផ្កាយ អាចប្រព្រឹត្ត​ទៅបាន សម្រាប់ការ​រុករក​របស់មនុស្ស នៅក្នុងទីអវកាសឆ្ងាយៗ ឬឈានទៅដល់ឆ្លងប្រព័ន្ធ​ព្រះអាទិត្យទៅ​រកប្រព័ន្ធផ្កាយផ្សេង មិនខុសពី​ក្នុងខ្សែភាពយន្ត​នោះឡើយ។

គួរជម្រាបថា បើតាម​ទឹ្រស្តីនេះ Warp Drive អាចកាត់​បន្ថយរយៈពេលធ្វើដំណើរពី​ប្រព័ន្ធផ្កាយមួយទៅមួយ ពីរាប់ម៉ឺនឆ្នាំទៅត្រឹមប៉ុន្មាន​សប្តាហ៍ ឬប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែវា​នៅផ្សារភ្ជាប់ជា​មួយគំនិត នៃការធ្វើដំណើរលឿន​ជាងល្បឿនពន្លឺដដែល គ្រាន់តែ​វិធីសាស្ត្ររបស់វា មានលក្ខណៈស្មុគស្មាញ​ជាងប៉ុណ្ណោះ។

អ្វីដែល​លោកអ្នកត្រូវដឹងនោះ បើមាន​យានណាមួយអាច​ធ្វើ​ដំណើរក្នុងល្បឿន​​ពន្លឺបាន វាត្រូវតែ​មាន​កម្លាំង​​ជម្រុញ​​ដ៏ខ្លាំងក្លា និងតួយាន​ដែល​អាចស៊ូទ្រាំ​នឹង​បរិស្ថាន នៃការហោះក្នុង​​ល្បឿននោះបាន (៣សែន​គីឡូម៉ែត្រ​ក្នុងមួយវិនាទី ឬអាចថា ជិះពីផែនដីទៅព្រះច័ន្ទប្រើពេលតែ ១វិនាទី) ហើយ​បច្ចុប្បន្ននេះ នៅតែគ្មាន​តំរុយណា​មួយថា អ្នកវិទ្យាសាស្ត្រ​អាចផលិតយានប្រភេទនេះ​បានដដែល៕

ចែករំលែក