រកឃើញមូលហេតុ៖ មនុស្សជាអ្នក​ធ្វើឲ្យអ័ក្សផែនដី​ ល្អៀង​១០.៥ម៉ែត្រ​បន្ថែម​ទៀត!

0

 

(អាមេរិក)៖ ផែនដីត្រូវបានអ្នកវិទ្យាសាស្រ្ត​ដឹង តាំងតែពីយូរណាស់មកហើយថា បាននិងកំពុងធ្វើចលនាមិន​ស្មើនោះឡើយ នៅក្នុងចលនាវង្វិលខ្ចាល់ (វិលជុំវិញខ្លួនឯង) ហើយ​នា​ពេលនេះ​មូលហេតុថា បណ្តាលមកពីអ្វីនោះ​ត្រូវបានរកឃើញហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space នៅរសៀល​ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

មូលហេតុមួយ​ចំនួននៃបាតុភូត​ខាងលើ គឺមានជាប់​ពាក់ព័ន្ធ​ជាមួយនឹងសកម្មភាព​របស់មនុស្សយ៉ាងពិតប្រាកដ។ គិតចាប់តាំងពី​ឆ្នាំ១៨៩៩ អ័ក្ស​នៃ​រង្វិលជុំ​​របស់​​ផែន​ដី​បាន​ប្រែប្រួល​ក្នុងប្រវែងប្រហែល​ ១០.៥ម៉ែត្រ ហើយនា​ពេលនេះ​អ្នកវិទ្យាសាស្រ្ត បានរក​ឃើញថា មួយផ្នែកគឺដោយសារតែ​ការ​រលាយនៃផ្ទាំងទឹក​នៅតំបន់ប៉ូល បូកជាមួយ​ការកើនលើកកម្ពស់​នីវ៉ូទឹកសមុទ្រ ជាពិសេសនៅ​តំបន់កោះ Greenland (កោះទឹកកកធំជាងគេលើ​ផែនដី ដែលកម្មសិទ្ធិរ​បស់ប្រទេសដាណឺម៉ាក និងស្ថិតនៅជាប់តំបន់ភាគឦសាន​ប្រទេសកាណាដា) របស់តែម្តង។

មួយទៀត​គឺដោយសារតែការកើនឡើងទម្ងន់ដីទៅភាគខាងជើង ខណៈដែល​ផ្ទាំងទឹកកធំៗ​ប្រមូលផ្តុំខ្លួន​វាវិញ នៅពេលមាន​ការលាយ។ ចុងក្រោយ​គឺ​​ទាក់ទងជា​មួយស្រទាប់ Mantle ដែលជាស្រទាប់កណ្តាល​របស់ផែនដី ដែល​មាន​ចលនាប្រែប្រួល ធ្វើឲ្យប៉ះពាល់ដល់លំនឹងនៃអ័ក្សរបស់ភពផែនដី ធ្វើឲ្យផែនដីយើង​ល្អៀងអ័ក្សទៅរក​ព្រះអាទិត្យរហូតដល់ទៅជាង ​១០ម៉ែត្រ បន្ថែម​ទៀត។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្ត​បានដឹងយូរមក​ហើយថា របាយនៃទម្ងន់​នៅជុំវិញផែនដី ស្ថិតក្រោមការកំណត់​នៃរង្វិលជុំរបស់វា ហើយ​រង្វិលជុំ​របស់ផែនដី គឺពុំមានភាពស្មើគ្នា​ឥតខ្ចោះនោះឡើយ បើតាមអ្នក​វិទ្យាសាស្រ្តដឹង ដោយសារតែការប្រែប្រួល​នៅក្នុងចលនានៃ​​​ផ្កាយនៅលើផ្ទៃមេឃ ដែលត្រូវបានកត់​ត្រាទុក អស់រយៈពេលរាប់ពាន់ឆ្នាំ​កន្លងមកនេះ។

ម៉្យាងវិញទៀត​ចាប់ពីទសវត្សរ៍ទី៩០មក ការ​វាស់​វែងនៅ​លើទីអវកាស ក៏បានបញ្ជាក់​ផងដែរថា អ័ក្សរង្វិលជុំរបស់​ផែនដី បានប្រែប្រួល​​ជារៀងរាល់ឆ្នាំ ដោយជាទូទៅគឺឆ្ពោះ​ទៅតំបន់ ឈូងសមុទ្រហូដសុន (Hudson Bay) នៅភាគឦសាន​កាណាដា (ព័ទ្ធជុំវិញដោយតំបន់ថ្មចំណាស់បំផុត នៅលើភពផែនដី)។

រំលឹកមេរៀន៖ ផែនដីមានចម្ងាយ ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ (ជាគន្លងត្រឹមត្រូវ ដែលអ្នកវិទ្យាសាស្ត្រចាប់យក​ជាឧទាហរណ៍ ដើម្បីស្វែងរកពិភពភពផ្សេងៗទៀត ដែលអាចមានជីវិត)។ ផែនដីមានកាំប្រវែង ៦,៤០០គីឡូម៉ែត្រ និងបរិយាកាសគិតពីស្រទាប់ក្រោមបំផុត រហូតដល់មណ្ឌលមេសូ គឺមានកម្ពស់ជាង ៨០គីឡូម៉ែត្រ ប៉ុន្តែសម្រាប់ស្រទាប់អូហ្សូន គឺស្ថិតនៅក្នុងរយៈកម្ពស់ជិត ៥០គីឡូម៉ែត្រពីផ្ទៃដី។

ផែនដីវិលជុំវិញខ្លួនឯងក្នុងរយៈពេល ២៣ម៉ោង ៥៦នាទី និង ០៤វិនាទីក្នុងមួយជុំ ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកផែនដីគោចរជុំវិញព្រះអាទិត្យ ក្នុងល្បឿន ៣០គីឡូម៉ែត្រ​ក្នុងមួយវិនាទី ស្មើនឹង ៣៦៥.២៥៦ថ្ងៃ (មួយឆ្នាំ) ឬចម្ងាយធ្វើគោចរមួយជុំ ៩៤០លានគីឡូម៉ែត្រ។ បន្ថែមពីនេះទៀត ផែនដីមានផ្ទៃ​គ្របដណ្តប់ដោយទឹក ៧១ភាគរយ (៩៦.៥ភាគរយជាទឹកប្រៃ) និង២៩ភាគរយជាផ្ទៃដី៕

ចែករំលែក