ចិនមិនមែនកំពុង​លេងសើចទេ, គំរោងធំៗដើម្បី​ស្រាវជ្រាវឋាន​ព្រះច័ន្ទ​ទើបលេចឡើង!

0

 

(ប៉េកាំង)៖ ប្រទេសចិន​កំពុងគ្រោងនឹងជាន់ ក៏ដូចជាធ្វើ​ការរុករកនៅលើ​តំបន់ប៉ូលខាងត្បូង និងខាងជើង របស់ព្រះច័ន្ទ​ឲ្យបាននៅត្រឹម​​ឆ្នាំ២០៣០។ នេះបើតាម​ទីភ្នាក់ងារអវកាស​ចិន CNSA ដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី​២៥ ខែកញ្ញា ឆ្នាំ២០១៨។

បច្ចុប្បន្ន​ចិនកំពុងរៀបចំគម្រោង​​បេសកកម្មចំនួន ៤ សម្រាប់ដំណាក់​កាលទី០៤ នៃបេសកកម្មរុករក​​របស់ខ្លួននៅលើឋានព្រះច័ន្ទ។ ​កម្មវិធីរុករកឋានព្រះច័ន្ទ ដែលយកឈ្មោះ​តាមទេពធិតានៃឋាន​ព្រះច័ន្ទ ឆាងអី (Chang’e) ក្នុងទេវកថាចិននោះ បានចាប់ផ្តើម​កាលពី​ឆ្នាំ២០០៣ និងបីដំណាក់កាល​ដំបូងនៃកម្មវិធី​អវកាសនេះ រួមមានការ​ធ្វើគោចរ និងចុះចតនៅលើ​ឋានព្រះច័ន្ទ ព្រមទាំង​ការនាំយក​គំរូ​តាងត្រឡប់​មកផែនដីវិញ។

ចំណែកដំណាក់​កាលទី ៤ នឹងរួមមានការ​បញ្ជូនយាន Chang’e-4 ទៅកាន់តំបន់ Far Side of the Moon នៅចុងឆ្នាំ២០១៨នេះ ដែល​គេ​រំពឹងថា វានឹងក្លាយជា​យានដំបូងបំផុត​លើលោក ដែលទៅចុះ​នៅតំបន់មួយចំហៀង​ទៀតរបស់ព្រះច័ន្ទ ហើយក៏ជាការបង្ហាញពីអំណាច នៃការរុករកទីអវកាស​របស់ប្រទេសចិន ដែលសហរដ្ឋ​អាមេរិកកំពុងសំឡឹងមើលមិនដាក់ភ្នែក។

ទន្ទឹមនឹងនេះ​ផ្កាយរណប​មួយ​គ្រឿងឈ្មោះ Queqiao ដែលនឹងទាក់ទង​ជាមួយ​យាន Chang’e-4 បានទៅចម្ងាយ ​៦៥,០០០គីឡូម៉ែត្រ ពីព្រះច័ន្ទ​កាលពី​ខែមិថុនាកន្លងទៅ។​រីឯបេសកកម្ម ០៣ទៀត រួម​មាន​ការ​នាំយក​គំរូ​តាងលើឋានព្រះច័ន្ទ​មកផែនដីវិញ ជាលើកទីពីរ រួមជាមួយការទៅចុះ​លើតំបន់​ប៉ូលខាង​ត្បូង និងខាងជើង​នៃទីនោះ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីព្រះច័ន្ទ។

គួរជម្រាបថា ការុករកនៅតំបន់​ប៉ូលខាងត្បូងព្រះច័ន្ទ មានគោលដៅ​សិក្សាអាយុកាល​នៃដីរបស់ព្រះច័ន្ទ ព្រមទាំងសមាសធាតុ​នៅ​ក្នុង​​ព្យុះ​ព្រះអាទិត្យ Solar Wind ខណៈការរុករក​នៅប៉ូលខាងជើង​ មានគោលដៅ​ស្វែងរកចម្លើយថា តើ​ទឹកកកមានវត្តមាន​នៅតំបន់ដែល​ងងឹតសូន្យសុង​រហូតនេះដែរ ឬយ៉ាងណា។​

ដោយឡែក​បន្ទាប់ពីបេសកកម្ម​ទាំងអស់នោះ ចិន​ក៏កំពុងសាងសង់​ស្ថានីយស្រាវជ្រាវ​វិទ្យាសាស្រ្ត​នៅលើឋាន​ព្រះច័ន្ទ និង​រៀបចំ​​គម្រោង​រុករក​ដោយរ៉ូបូត​ក៏ដូចជាដោយមនុស្ស​បន្ថែមទៀត​សម្រាប់អនាគតផងដែរ បន្ថែមពីលើ​គំរោងសាងសង់ស្ថានីយ​អវកាសផ្ទាល់ខ្លួន ដែលចាប់​ផ្តើមឡើងនៅដើម​ទសវត្សរ៍២០២០៕

ចែករំលែក