ក្រុមអ្នក​វិទ្យាសាស្ត្រ​អះអាងថា «អាចមាន​ពពួកមីក្រូ​សារពាង្គកាយ នៅក្នុងផ្ទៃភពអង្គារ»

0

 

(អាមេរិក)៖ ប្រសិនបើជីវិតពិតជា​មានវត្តមាន​ នៅក្រោមផ្ទៃ​របស់​ភពអង្គារ (Mars) កាលពីយូរណាស់​មកហើយមែន​នោះ វាប្រហែល​ជា​បានប្រើប្រាស់​ប្រភពថាមពល​គីមី ដ៏ច្រើន​សន្ធឹកសន្ធាប់​មួយ។ នេះបើតាម​ការលើកឡើង​នៃការសិក្សាស្រាវជ្រាវ​ថ្មីមួយ ដកស្រង់ខ្លឹមសារ​ដោយ​វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ប្រភពថាមពល​នោះគឺជា «អ៊ីដ្រូសែន» ដែលកកើតឡើង​នៅពេលសារធាតុ​វិទ្យុសកម្ម មានប្រតិកម្មជាមួយទឹក​នៅក្រោមដី ហើយនៅ​ខាង​​ក្រោមនោះប្រហែលជាមាន​អ៊ីដ្រូសែនគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់​ពពួកមីក្រូសារពាង្គកាយក្នុងចំនួនច្រើនគួរសមមួយ សម្រាប់​រយៈពេល​រាប់​រយ​​លានឆ្នាំ ដោយចាប់ផ្តើមកាល​ពីប្រមាណជា ០៤ពាន់លានឆ្នាំមុន។

គួរជម្រាបថា តាមរយៈការប្រើប្រាស់​ទិន្នន័យ​នៃផ្កាយរណប Odyssey នៅ​ភពអង្គារ ​ក្រុមអ្នកស្រាវជ្រាវ​​បានរកឃើញវត្តមាន​យ៉ាង​ក្រាស់​ក្រែល​ នៃសារធាតុវិទ្យុសកម្ម​មួយចំនួន នៅក្នុងស្រទាប់​របស់ភពក្រហម​នេះ។ ដោយសារតែ​សារធាតុទាំងនេះ ពុកផុយនៅក្នុង​​កម្រិត​ដែលគេដឹង អ្នកវិទ្យាសាស្រ្ត​អាចធ្វើការ​ពិសោធន៍​​ដើម្បីកំណត់ពី​បរិមាណ​របស់ពួកវា កាលពីអតីត​កាលដ៏​យូរលង់​បាន។ ​

ទន្ទឹម​នឹងនេះ ​ការវិភាគក៏ធ្វើឡើងទៅ​លើ​កម្រាស់នៃ​ស្រទាប់​របស់ Mars រួមជាមួយគំរូ​បរិយាកាស និងកម្រិតកម្តៅ​​នៅទីនោះផងដែរ ដើម្បី​​ស្វែងរក​ចម្លើយថា តើបរិមាណទឹក​ច្រើនប៉ុន្មាន ដែលទំនងជាអាចត្រូវ​ធ្វើប្រតិកម្មជាមួយ​សារធាតុ​វិទ្យុ​សកម្មទាំងនេះ កាលពីពេល​​ដែល​ Mars នៅមាន​អាយុកាល​ក្មេងខ្ចី។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រ​ដែលបានធ្វើការសិក្សា​ស្រាវជ្រាវ​ភពអង្គារ ក្នុងរយៈពេល​ជាច្រើនទសវត្សរ៍​មកនេះ​បានអះអាងថា ភពនេះកាលពី​រាប់ពាន់លាន​ឆ្នាំមុន​គឺធ្លាប់មានទឹកហូរពាសពេញ​ផ្ទៃរបស់វា ហើយនិង​បរិយាកាសយ៉ាងក្រាស់ មិនខុសពីផែនដី​នោះឡើយ។ ភស្តុតាងនេះ​ពិតជាបញ្ជាក់ថា ជីវិតក្នុង​ទម្រង់ណាមួយ ឬពពួកមីក្រូសារពាង្គកាយ ក៏អាចធ្លាប់​មានវត្តមាន​ផងដែរ៕

ចែករំលែក