ផ្កាយរណប​ថតបាន​យាន Opportunity លើ​ភពអង្គារ តែវានៅ​តែមិនទាន់​ងើបពី​ដេក…

0

 

(អាមេរិក)៖ មួយរយៈចុង​ក្រោយនេះ ផ្ទាំងធូលីដែលនៅ​ហ៊ុមព័ទ្ធលើភពអង្គារ (Mars) ដោយសារព្យុះ​នោះ ហាក់បានរំសាយទៅវិញ​បាន​ច្រើន​​គ្រាន់បើ​ហើយ ខណៈយានរុករក Opportunity របស់ទីភ្នាក់ងារ​អវកាស NASA ទីបំផុត​ត្រូវគេប្រទះឃើញពី​ទីអវកាស។ នេះបើ​តាម​ការ​ដក​ស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីថ្មីៗនេះ ផ្កាយរណប MRO របស់ NASA បានផ្តិតយករូបភាព​​នៃ​យាន Opportunity ដែលស្ថិតនៅ​ជ្រលង ភែសែវែរែន (Perseverance Valley) លើមាត់រណ្តៅ​ទំហំ ២២គីឡូម៉ែត្រ (Endeavour Crater) នៃភពក្រហមនេះ ខណៈ MRO ស្ថិតនៅ​ចម្ងាយ ២៦៧គីឡូម៉ែត្រ ពីផ្ទៃរបស់ភព Mars។

យ៉ាងណាមិញ​ទោះជាវាត្រូវគេមើល​ឃើញពី ទីអវកាសក៏ដោយ​ក៏យាន Opportunity នៅតែទាន់ភ្ជាប់​ការទាក់ទងឡើងវិញ​បាន ជាមួយ​​ក្រុមបេសកកម្ម​នៅផែនដីដដែល គិតចាប់តាំង​ពីខែមិថុនាមក។ ក្រោយពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ ព្យុះធូលី​ដ៏អាក្រក់មួយ​បានធ្វើឲ្យផ្ទៃមេឃ​ភពអង្គារបាត់បង់ពន្លឺ នៅលើ​យានរុករក ដែលដើរដោយថាមពល​ព្រះអាទិត្យនេះ រហូតមិនអាចធ្វើឲ្យ Opportunity មានឱកាសប្រមូលយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ សម្រាប់សាកថ្មរបស់វា។

បន្ទាប់​មកទៀតមិនយូរប៉ុន្មានឡើយ ព្យុះនេះក៏បានគ្រប់ដណ្តប់​ភព Mars មួយទាំងមូលតែម្តង ប៉ុន្តែកាលពីចុងខែកក្កដាវិញ វាបានចាប់ផ្តើមថមថយ​ឥទ្ធិពល​ទៅវិញ ហើយផ្ទៃមេឃក៏ចាប់ផ្តើមមានភាពស្រស់ស្រាយឡើងវិញដែរ នៅពាក់កណ្តាលខែកញ្ញានេះ ខណៈ​ក្រុម​​ការ​ងារ​ Opportunity ក៏បានស្ទុះមកប្រឹងប្រែង​ភ្លាមៗ ដើម្បីតភ្ជាប់ការ​ទាក់ទងឡើងវិញ​ជាមួយ​យានកង់ ០៦នេះ។

គួរជម្រាបថា យាន Opportunity បានចំណាយពេល​ជាង ១៤ឆ្នាំ ធ្វើការរុរករក​នៅលើផ្ទៃ​​ភពអង្គារ។ យានដែលមាន​ទំហំប៉ុនយានជំនិះ​ដែលយើងនិយម​ឃើញគេ​ជិះក្នុងទីលានវាយកូន​គោលនេះ បានចុះ​ទៅដល់ Mars កាលពីខែមករា ឆ្នាំ២០០៤ ពោលគឺនៅ​០៣សប្តាហ៍​ក្រោយពី​យានភ្លោះ​របស់វា ឈ្មោះ Spirit បានទៅដល់​តំបន់មួយផ្សេងទៀត ​​នៅលើភពក្រហម​នេះ៕

ចែករំលែក