ស្វែងយល់បែបស៊ីជម្រៅ៖ តើការ​ធ្វើទេសចរណ៍នៅទីអវកាស ជាការកម្សាន្ត ឬ​ប្រថុយ​ជីវិត​ដោយ​វេទនា?

0

 

(អាមេរិក)៖ ខណៈក្រុមហ៊ុន​អវកាសធំៗ​នៅជុំវិញ​ពិភពលោក កំពុងផ្តោត​សំខាន់ទៅលើ​ការនាំជនទូទៅ​ឡើងទៅធ្វើទេសចរណ៍ ​នៅក្នុង​ទីអវកា​ស​រហូតដល់ឋាន​ព្រះច័ន្ទជា​ដើមនោះ សំណួរបែបងឿងឆ្ងល់​ជាច្រើនក៏បានផុសផុល​ឡើងផងដែរ ជាពិសេស នោះគឺការចង់ដឹងឲ្យច្បាស់ថា តើអ្នក​ទេសចរអវកាសដំបូងគេទាំងនោះ​នឹង​ត្រឡប់មក​ផែនដី​ដោយសុវត្ថិភាព​តាមរបៀបណា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​​វែប​សាយ Engadget នៅល្ងាច​ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ដោយប្រឈម​ជាមួយសម្ពាធនៃលំហ​អវកាស ដែលនឹងធ្វើឲ្យសួត​របស់អ្នករីកធ្លាយ មុនពេល​ដែលអ្នកត្រូវត្រជាក់​រហូតដល់កកស្លាប់ រួម​ជាមួយ​ការទទួលរង​រលកវិទ្យុសកម្មអវកាស​ក្នុងកម្រិតដ៏គ្រោះ​ថ្នាក់ ព្រមទាំងការ​ប្រែប្រួលផ្នែកអារម្មណ៍​ ដែលបង្កឡើង​ដោយ​ភាព​មាន​កម្លាំង​ទំនាញតិចតួច (Microgravity) និង​ការកើត​ស្រ្តេស​ដោយសារ​នៅ​ដាច់ឆ្ងាយ ក្នុងបរិស្ថាន​ដ៏ប្លែក និងមិនអំណោយផលនោះ ការធ្វើដំណើរ​ឡើង​ទៅផុតពីដែន​ទំនាញផែនដី គឺពុំមែនជា​សកម្មភាព សម្រាប់បុគ្គលដែលខ្វះការ​ត្រៀមលក្ខណៈ ឬក៏មានស្មារតី​ទន់ខ្សោយ​ឡើយ។

តាំងពីដើម​មក បុគ្គល​ដែលធ្លាប់បានឡើងទៅ​កាន់ទីអវកាស សុទ្ធតែជាអវកាសយានិក ដែលបានឆ្លង​កាត់ការហ្វឹកហាត់ និងត្រៀម​ខ្លួន​​យ៉ាង​ពិសេស​លើសពីជនធម្មតា រហូតប្រើពេលរាប់ទសវត្សរ៍។ យ៉ាងណាមិញ នៅពេល​ជនសាមញ្ញទូទៅ តែមានទ្រព្យ​សម្បត្តិហូរហៀរ ចាប់ផ្តើមគ្រោង​​ធ្វើដំណើរ​កម្សាន្ត​នៅទីអវកាស​នោះ ​បញ្ហាផ្នែកសុខភាព​ក៏ដូចជាសុវត្ថិភាពផ្សេងៗ នឹងលេចឡើង​ជាក់ជាពុំខាន។

អ្នកទេសចរ​អវកាសភាគច្រើន​ត្រូវគេរំពឹងថា នឹងឡើងទៅកាន់​ទីអវកាស ដោយនាំយក​ជំងឺជាប់ខ្លួនទៅជាមួយ ហើយអ្វីដែល​សំខាន់​នោះ គឺសម្ភារៈ​វេជ្ជសាស្រ្ត គឺជារឿងមិនខ្វះ​បានដាច់ខាត​ នៅក្នុងការធ្វើដំណើរបែបនេះ។ ទន្ទឹម​នឹងនេះ ដោយសារ​តែបុគ្គលទាំង​នោះ ពុំមែនជាអវកាសយានិក​ដែលមានការ​ហ្វឹកហាត់ខ្ពស់ គោលការណ៍​ផ្នែកសង្រ្គោះ​បន្ទាន់ ព្រមទាំងឧបករណ៍​វេជ្ជសាស្រ្ត នឹងត្រូវតែ​ធ្វើ​ការសម្រប​ខ្លួនទៅតាម​នោះ។

យ៉ាងណាមិញ កត្តាដ៏សំខាន់បំផុតនៃ​ការបង្កើតឧបករណ៍​វេជ្ជសាស្រ្ត សម្រាប់ការប្រើប្រាស់​ក្នុងទីអវកាស គឺរួមមានការកាត់​បន្ថយទម្ងន់ ចំណុះ និងការប្រើ​ថាមពល​ជាដើម។ ដូច្នេះហើយ ការធ្វើឲ្យកត្តាទាំងនេះ​មានភាពងាយយល់ នឹងជួយ​កាត់​បន្ថយ​ពេលវេលា​ នៃការហាត់រៀនរបស់អ្នក​ប្រើប្រាស់ មុនពេលដែលពួក​គេអាចប្រើឧបករណ៍​ទាំងនេះ ដោយត្រឹមត្រូវបាន។

ម៉្យាងវិញទៀត​វាក៏មានន័យថា ឧបករណ៍វេជ្ជសាស្រ្តងាយស្រួល​ក្នុងការប្រើប្រាស់ ក្នុងចំនួន​យ៉ាងច្រើន នឹងមានវត្តមាននៅតាម​ជើង​​ទេសចរណ៍អវកាស​ទាំងនេះ ដូចជាម៉ាស៊ីន​កន្រ្តាក់ចង្វាក់​បេះដូង (Defibrillator) ជាដើម​ធៀបនឹង​បេសកកម្មអវកាស​របស់​រដ្ឋាភិបាល ដោយក្នុង​ការហោះហើររបស់​ ទីភ្នាក់ងារអវកាស NASA ​គឺពុំមានវត្តមាន​ម៉ាស៊ីនទាំងនេះ​ឡើយ ព្រោះវាជារឿង​ពុំចាំបាច់ ប៉ុន្តែផ្ទុយទៅ​វិញ នៅក្នុងការ​ធ្វើទេសចរណ៍អវកាស​បែបនេះ ការធ្វើយ៉ាង​ណាធានាឲ្យបាននូវជីវិត​អ្នកធ្វើដំណើរទាំង​អស់នោះ គឺជាក្តីព្រួយបារម្ភ​​ដ៏​ធំ​​ជាង​របក​គំហើញ​វិទ្យាសាស្រ្ត។

ក្រៅពីនេះ រលកវិទ្យុសកម្មក្នុង​ទីអវកាស ក៏ជារឿងគ្រោះថ្នាក់​មួយផងដែរ សម្រាប់អ្នក​ទេសចរខាងលើ ហើយវាមានប្រភព​ចម្បងៗពីរ​ ដោយទីមួយ​មកពី​ព្យុះព្រះអាទិត្យ (Solar Flare) តែវាកម្រកើត​មាន ខណៈ​ទីពីរ​គឺជា​ប្រភេទ Comic Ray ដែលបញ្ចេញ​មកពី​គ្រប់ផ្កាយ​ទាំងអស់​ នៅទូទាំង​កាឡាក់ស៊ី។

ដោយសារតែ​បេសកកម្មបែបទេសចរណ៍​ទាំងនេះ ត្រូវគេអះអាងថា មិនប្រព្រឹត្ត​ទៅលើសពី០១សប្តាហ៍ឡើយនោះ ហានិភ័យនៃ​ Cosmic Ray គឺមានកម្រិត​តិចតួចស្តួចស្តើង​ប៉ុណ្ណោះ។ សម្រាប់ Solar Flare អាចនឹង​នៅបញ្ហា ប៉ុន្តែគេអាច​ចាប់សញ្ញាវាមុ​នបាន ដូច្នេះ​ហើយ​បើវាកើត​ឡើងនៅមុនការចេញ​ដំណើរនោះ គឺគ្រាន់តែត្រូវ​ផ្លាស់ប្តូរកាលបរិច្ឆេទ​ឡើងវិញ​ទៅបានហើយ។ ប៉ុន្តែជំងឺមហា​រីក ​ជះ​ផលប៉ះពាល់​ដល់​មនុស្សក្នុងរបៀប​ខុសៗគ្នា។ មនុស្សមានវ័យ​ក្រោម ៣០ឆ្នាំ ត្រូវគេអះ​អាងថា មានហានិភ័យខ្ពស់​ក្នុងការកើត​ជា​ជំងឺ​​មហារីក។

ទោះជាបែបនេះក្តី បច្ចេកវិទ្យាការពាររលកវិទ្យុ​សកម្មនាសម័យទំនើបនេះ គឺមានសមត្ថភាព​គ្រប់គ្រាន់ ​​សម្រាប់ការធ្វើ​ទេសចរណ៍​ឆ្ពោះ​ទៅកាន់​គោល​ដៅ​​​មួយចំនួន នៅក្បែរៗភពរបស់យើង​ ដូចដែលក្រុមហ៊ុន SpaceX និង Blue Origin បានលើកឡើង ហើយការចុះចតមកផែនដីវិញ គឺមិនខុសពីវិធី​ដែលអវកាសយានិក​ជំនាញនានា​ធ្លាប់បានធ្វើកន្លង​មកនោះឡើយ៕

ចែករំលែក