(អាមេរិក)៖ តើផ្កាយប្រហែលមានលក្ខណៈដូចម្តេច នៅក្នុងចក្រវាឡដ៏ទៃទៀត។ នៅក្នុងចក្រវាឡដទៃ ដែលមានកម្លាំងនៅពីក្រោយប្រតិកម្ម Radioactive Decay ឬ Nuclear Radiation ខ្លាំង ឬខ្សោយជាងអ្វីដែលមាននៅក្នុងចក្រវាឡយើង នាពេលនេះអ្នកវិទ្យាសាស្រ្តបានរកឃើញហើយថា ប្រព័ន្ធផ្កាយបែបនេះភាគច្រើនទំនងជាកន្លែងដែលអាចទ្រទ្រង់ជីវិតបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ច្បាប់រូបវិទ្យានៅក្នុងចក្រវាឡរបស់យើង រួមមានគោលការណ៍មូលដ្ឋានមួយចំនួន ដូចជា ល្បឿននៃពន្លឺជាដើម ប៉ុន្តែគំរូសិក្សាផ្នែកវិទ្យាសាស្រ្តជាច្រើនបានអនុញ្ញាតឲ្យវត្តមាននៃចក្រវាឡដ៏ច្រើនសន្ធឹបសន្ធាប់ គេហៅថា Multiverse ដែលប្រហែលជាមាននូវទីកន្លែង ដែលច្បាប់រូបវិទ្យាមានភាពខុសប្លែកគ្នាពីយើង។
ដើម្បីសិក្សាពីរឿងនេះ អ្នកវិទ្យាសាស្រ្តបានធ្វើការវិភាគទៅលើចក្រវាឡនានា ដែលមានកម្លាំងនុយក្លេអ៊ែរខុសប្លែកពីយើង ហើយតាមដានទៅលើលទ្ធភាពនៃការទ្រទ្រង់ជីវិតនៃកន្លែងទាំងនោះ។ ក្រុមអ្នកស្រាវជ្រាវ បានផ្តោតទៅលើប្រតិកម្ម Weak Interaction ដែលគេអាចហៅបានថា កម្លាំង Weak Force ឬ Weak Nuclear Force (កម្លាំងនុយក្លេអ៊ែរកម្រិតខ្សោយ)។ កម្លាំងប្រភេទនេះទាក់ទិននឹងដំណើរការរបស់វា ដែលមានលក្ខណៈខុសពីយើង។
មធ្យោបាយស្នូលមួយ ដែលអ្នកវិទ្យាសាស្រ្តប្រើប្រាស់ដើម្បីវាស់វែងទៅលើលទ្ធភាពនៃការទ្រទ្រង់ជីវិតបាន ដើម្បីធ្វើការប៉ាន់ស្មានថា តើភពនានានៅក្នុងចក្រវាឡទាំងនេះ អាចមានផ្ទុកទឹករាវនៅលើផ្ទៃរបស់ពួកវាដែរ ឬក៏អត់។ ដោយសារតែនៅលើផែនដី ជីវិតមានវត្តមានស្ទើរតែនៅគ្រប់ទីកន្លែងដែលមានទឹក ដូច្នេះការរុករកជីវិតនៅក្រៅផែនដី ជារឿយៗតែងផ្តោតទៅលើវត្តមាននៃទឹក។
បើតាមការសិក្សានាពេលកន្លងទៅ ចក្រវាឡដែលមានពុំមានវត្តមានកម្លាំង Weak Force សោះនោះ ក៏នៅអាចមានលទ្ធផលទ្រទ្រង់ជីវិតបានដែរ។ ចំណែកនៅក្នុងការសិក្សាថ្មីនេះវិញ អ្នកស្រាវជ្រាវបានវិភាគទៅលើស្ថានភាព ដែលថាកម្លាំង Weak Force នៅមានវត្តមាន ប៉ុន្តែខ្សោយជាងនៅក្នុងចក្រវាឡរបស់យើង ហើយក៏មានករណីដែលវាខ្លាំងជាងផងដែរ។
នៅក្នុងចក្រវាឡ ដែលមានកម្លាំង Weak Force ខ្លាំងជាងចក្រវាឡយើង ណឺត្រុង នឹងពុកផុយយ៉ាងឆាប់រហ័ស រហូតដល់វាស្ទើរតែពុំមានផ្ទុកនូវអេល្យ៉ូមតែម្តង។ ប៉ុន្តែវាគ្មានបញ្ហានោះទេ បើយើងគិតពីកម្រិតទឹកនៅក្នុងចក្រវាឡ ដោយសារតែទឹកផ្សំឡើងពីអ៊ីដ្រូសែន និងអុកស៊ីសែន។ នៅក្នុងចក្រវាឡ ដែលមានកម្លាំង Weak Force ខ្សោយ ណឺត្រុងនឹងពុលផុយក្នុងល្បឿនយឺត ដែលជាហេតុធ្វើឲ្យវាមានវត្តមានអេល្យ៉ូមច្រើន។
កម្លាំង Weak Force ក៏ដើរតួក្នុងរបៀបដែលផ្កាយច្របាច់បញ្ចូលអ៊ីដ្រូសែនទៅជាអាតូមអេល៉្យូម ដែលអាចជះឥទ្ធិពលទៅលើកម្រិតពន្លឺ កម្តៅ ទំហំ និងអាយុកាលរបស់ពួកវាផងដែរ។ នៅក្នុងចក្រវាឡ ដែលមានកម្លាំង Weak Force ខ្សោយ ផ្កាយនៅទីនោះនឹងធំជាង ភ្លឺជាង ហើយក្រហមជាងផ្កាយប្រភេទដូចគ្នា នៅក្នុងចក្រវាឡរបស់យើង។ សម្រាប់ចក្រវាឡ ដែលមានកម្លាំង Weak Force ខ្លាំងវិញ ផ្កាយនៅទីនោះនឹងភ្លឺ ហើយធំជាងផ្កាយប្រភេទដូចគ្នានៅក្នុងចក្រវាឡយើងតែបន្តិចប៉ុណ្ណោះ ហើយពួកវាមានអាយុកាលរស់នៅតិចជាង ទោះបីជាមានកម្រិតសីតុណ្ហភាព ប្រហាក់ប្រហែលគ្នាក៏ដោយ។
គួរជម្រាបថា ទោះជាផ្កាយនៅក្នុងចក្រវាឡទាំងនេះ ខុសប្លែកពីយើងក៏ដោយ កម្រិតសីតុណ្ហភាព ពន្លឺ ទំហំ និងអាយុកាល ដែលអាចប្រៀបធៀបគ្នាបានរបស់ពួកវា មានន័យថាចក្រវាឡទាំងនោះ នឹងនៅតែមានលទ្ធភាពអាចទ្រទ្រង់ជីវិតបាន នៅក្រោមស្ថានភាពកម្រិតកម្លាំងខុសៗគ្នានៃ Weak Force។ ម៉្យាងវិញទៀត អ្វីដែលសំខាន់នោះ គឺថាវាមានផ្លូវយ៉ាងច្រើនខុសៗគ្នា ដែលចក្រវាឡអាចដំណើរការទៅបាន ហើយនៅតែអាចទ្រទ្រង់ជីវិត គឺមិនចាំបាច់ផ្អែកតែទៅលើច្បាប់រូបវិទ្យារបស់យើងឡើយ៕