ប្រធានអង្គការ NASA បញ្ជាក់ច្បាស់ៗ៖ យើងយក​ព្រះច័ន្ទធ្វើ​ជាឈ្នាន់ សម្រាប់​រៀបចំក្បួន​ទៅ​ភពអង្គារ!

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA បានគូស​បញ្ជាក់ថា ព្រះច័ន្ទពុំមែន​ជាគោលដៅជំនួស​ឲ្យ​ភពអង្គារ (Mars) ក្នុងការចេញ​បេសកកម្ម​បញ្ជូនមនុស្ស​ឡើយ ទោះបីជា​បច្ចុប្បន្ន NASA កំពុងផ្តោត​សំខាន់លើការនាំយក​អវកាសយានិក ទៅកាន់ឋានព្រះច័ន្ទ​ក៏ដោយ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ប្រធាន​អង្គារ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បាន​សង្កត់ធ្ងន់ថា ភពក្រហម​យក្យ «នៅតែជាគោលដៅ​ចម្បងដ៏សំខាន់បំផុត​ដដែល» ហើយ​ព្រះច័ន្ទ នឹងដើរតួជា​ស្ពានចម្លងនៅក្នុងកិច្ច​ប្រឹងប្រែង ដើម្បីឆ្ពោះទៅ​កាន់ទីនោះ។ និយាយជារួម​ទៅ​ឋានព្រះច័ន្ទអាចចាត់ទុកថា ជាកន្លែង​សម្រាប់​ហាត់សម ខណៈ Mars គឺជាគោលដៅ​ស្នូល។

​បើតាម​លោក Bridenstine ចំណុចពិសេស​របស់ព្រះច័ន្ទ គឺថា វាត្រូវការពេលធ្វើដំណើរ​ត្រឹមតែ ០៣ថ្ងៃប៉ុណ្ណោះ ដើម្បីត្រឡប់​មក​ផែនដី​វិញ ដូច្នេះហើយយើង​មានឱកាស ធ្វើតេស្ត​បច្ចេកវិទ្យាគ្រប់បែបយ៉ាង យើង​អាចកាត់​​បន្ថយរាល់ហានិភ័យ យើងអាចព្យាយាម​អនុវត្តន៍​មធ្យោបាយ​ផ្សេងៗ ដែលចាំបាច់​​ដើម្បីធ្វើការ និងរស់នៅលើ​ភពដទៃ។ សរុបមក​យើងអាចធ្វើរាល់​រឿងទាំងនេះ​នៅលើព្រះច័ន្ទ ជាទី​​ដែលថា​ប្រសិនបើមាន​បញ្ហាកើតឡើង ប្រសិនបើមាន​អាសន្នបន្ទាន់​យើងដឹងច្បាស់ថា ពួកយើងអាចនាំ​យកមនុស្សរបស់​យើង​ត្រឡប់​មក​ផ្ទះវិញ។

ដើម្បីគាំទ្រ​ការអះអាងរបស់​​លោក លោក Bridenstine បានរំលឹកអំពី​​បេសកកម្ម Apollo 13 របស់ NASA កាលពីឆ្នាំ១៩៧០ ដែលល្បី​​ថា​ ​បានត្រឡប់មកផែនដីវិញ​ដោយសុវត្ថិភាព ក្រោយពីបាន​ជួបបញ្ហាធ្ងន់ធ្ងរ​មួយ នៅតាមផ្លូវឆ្ពោះ​ទៅកាន់​ឋាន​ព្រះច័ន្ទ។ ប្រធាន NASA រូប​នេះ​បានបន្ថែមថា បេសកកម្មឆ្ពោះ​ទៅកាន់ឋាន​ព្រះច័ន្ទ នាពេលបច្ចុប្បន្ន និង​ថ្ងៃអនាគត នឹងជួយជំរុញ​គម្រោងទៅកាន់ Mars របស់ NASA បោះជំហាន​ទៅមុខកាន់​តែលឿន។ NASA បានកំណត់​គោលដៅថា នឹងបញ្ជូនមនុស្ស​ទៅកាន់ភពអង្គារ នៅអំឡុង​ទសវត្សរ៍​ឆ្នាំ​២០៣០។

គួរជម្រាបថា សម្រាប់គម្រោង​ទាក់ទននឹងឋានព្រះច័ន្ទ នាខណៈពេលនេះ គឺ NASA កំពុងគ្រោងចាប់ផ្តើម​កសាង​​ស្ថានីយអវកាសខ្នាត​តូចមួយ នៅក្បែរគន្លង​របស់ព្រះច័ន្ទ នៅឆ្នាំ២០២២ ដោយស្ថានីយនោះមានឈ្មោះថា Lunar Orbital Platform-Gateway ដែលនឹងអាច​ទទួលអវកាសយានិកឲ្យស្នាក់នៅបាននៅឆ្នាំ២០២៦។

 

ក្រុមអវកាសយានិក ត្រូវគេរំពឹងថា នឹងស្ថិតនៅលើស្ថានីយខាងលើ សម្រាប់រយៈពេលពី៣០ទៅ៩០ថ្ងៃ ដើម្បីធ្វើការងារស្រាវជ្រាវ និង​ពិសោធន៍ផ្សេងៗ។ ម៉្យាងវិញទៀត ក៏នឹងមានការចុះទៅជាន់លើផ្ទៃឋានព្រះច័ន្ទផ្ទាល់ផងដែរ ដោយការធ្វើបែបនេះ អាចនឹងប្រព្រឹត្តទៅ​នៅមុនដំណាច់ទសវត្សរ៍២០២០។

ជាមួយគ្នានេះ ការធ្វើដំណើរ​ឡើងទៅកាន់ស្ថានីយ Gateway នេះមិនថា ដោយមនុស្ស ឬក៏រ៉ូបូតឡើយ នឹងពុំមែនជា​ភាពខ្នះខ្នែងរបស់​ NASA តែឯងឡើយ​ប្រសិនបើអ្វីៗ​ប្រព្រឹត្ត​ទៅតាម​ការគម្រោងទុក ដោយទីភ្នាក់ងារ​អវកាសអាមេរិក​មានគោលដៅថា នឹងធ្វើឲ្យ​មូល​ដ្ឋាននេះ​ក្លាយជាកន្លែង​សម្រាប់ដោះដូរបទពិសោធន៍ និងព័ត៌មាន ហើយអាច​ប្រើប្រាស់ដោយ​ក្រុមហ៊ុនឯកជននានា និងប្រជាជាតិ​​ដទៃ​បាន៕

ចែករំលែក