អាចទៅរួចដែរ? ស្គែន​កាឡាក់ស៊ី Andronmeda ដែលនៅ​ជិតយើងជាងគេ ដើម្បីរកជីវិតអេលៀន?

0

 

(អាមេរិក)៖ យុទ្ធនាការ​មានឈ្មោះថា Trillion Planet Survey ប្រកប​ដោយ​មហិច្ឆតា បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស្គែនទៅលើ​កាឡាក់ស៊ីធំ​មួយ​ឈ្មោះថា Andromeda នៅ​ចម្ងាយ២.៥លានឆ្នាំពន្លឺ ព្រមទាំងកាឡាក់ស៊ី Milky Way របស់យើងផ្ទាល់ ដើម្បីស្វែងរក​វត្តមាននៃកាំរស្មី​ពន្លឺ ដែលទំនងអាចផលិតឡើង​ដោយ​​ពពួកអេលៀន ដែលមានអរិយធម៌ជឿនលឿនណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញ​ពី​វែប​សាយ Space.com នៅ​យប់ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

ការដាក់ឈ្មោះបែបនេះឲ្យគម្រោងខាងលើ គឺដោយសារតែតាមពិតទៅ កាឡាក់ស៊ី Andromeda គឺជាទីជម្រកនៃ​ផ្កាយ​ប្រហែល​០១​ពាន់​លានដួង ហើយ​ផ្កាយទាំងនោះ ត្រូវគេយល់ឃើញជាទូទៅថា ​មានផ្ទុកភពយ៉ាងហោចណាស់មួយ គិតជាមធ្យម។ ការសង្កេតទីអវកាស​នេះ នឹងប្រព្រឹត្តទៅតាមរយៈ​បណ្តាញ​តេឡេស្កូប ដែលប្រតិបត្តិការដោយ​​អង្គការ Las Cumbres Observatory។

គួរជម្រាបថា បើតាមប្រធានស្រាវជ្រាវនៃគម្រោងខាងលើ ដែលជានិស្សិតនៃសាកលវិទ្យាល័យ Emory ក្នុងក្រុង Atlanta នៃប្រទេស​ហ្សកហ្ស៉ី ​ជាដំបូងនោះ គឺជាពួកគេធ្វើការសន្និដ្ឋាន ក្នុងទីអវកាសពិតជាមានជីវិតឆ្លាតវៃ ដែលមានអរិយធម៌ប្រហាក់ប្រហែលនឹង​យើង កំពុងព្យាយាមបាញ់បញ្ជូន​​សញ្ញានៃវត្តមានរបស់ពួកគេ តាមរយៈការប្រើប្រាស់​កាំរស្មីពន្លឺអុបទិច។

ការសន្និដ្ឋានទីពីរ គឺ​ប្រភេទកាំរស្មី​នេះ ជាប្រភេទដែលពួកគេអាចចាប់សញ្ញាបាន ហើយការសន្និដ្ឋានចុងក្រោយ គឺពន្លឺនោះអាចផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យចាប់​សញ្ញាបានដោយពួកគេ។ ទោះបីជាគំរោងខាងលើនេះ អាចលេចចេញជាសញ្ញា​ណាមួយ ក៏ដោយ ក៏ចម្ងាយ ២.៥លានឆ្នាំពន្លឺ និងស្ថិតនៅ​កាឡាក់ស៊ីផ្សេង ពិតណាស់គ្រាន់តែជាដំណឹងប៉ុណ្ណោះ៕

ចែករំលែក