មានតំបន់​អាថ៌កំបាំងមួយ​ជិតស្នូលផែនដី ដែលអ្នក​វិទ្យាសាស្ត្រកំពុងការសិក្សា ដើម្បី​បកស្រាយការពិត…

0

 

(អាមេរិក)៖ តំបន់ដ៏ចម្លែក​មួយចំនួន នៅកប់យ៉ាងជ្រៅ​ក្នុងស្រទាប់​ផែនដី អាចជារ៉ែ​ដែលបន្សល់ទុក​ដោយ​មហាសមុទ្រ​​ម៉ាកម៉ា (Magma) កាលពីសម័យ​បុរាណ ដែលបាន​កកើតឡើង​ដោយសារការប៉ះទង្គិចគ្នាដ៏កក្រើកមួយរវាងភពផែនដីក្មេង និងវត្ថុអវកាស​ដ៏ធំមហិមា ដែលបានផ្តល់​កំណើត​ឲ្យ​ព្រះច័ន្ទ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Spaceនៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

តំបន់ទាំងនោះ​ដែលគេ​ហៅថា Ultralow Velocity Zone មានទីតាំងស្ថិត​នៅជម្រៅយ៉ាងជ្រៅ​ក្នុងស្រទាប់ផែនដី ដែលកៀកនឹង​​ស្នូល​​តែ​ម្តង។ តំបន់នោះត្រូវ​បានគេស្គាល់ ដោយសារ​នៅពេលដែល​​រលក​រំញ័រ Seismic Waves បង្កឡើង​ដោយបាតុភូត​រញ្ជួយដី ធ្វើដំណើរ​​ឆ្លង​កាត់ពួកវា រលករំញ័រ​ទាំងមានការប្រែប្រួល​គួរឲ្យកត់សម្គាល់។

ប្រការនេះ​បានបង្ហាញថា តំបន់ទាំង​នោះហាក់ដូចមាន​ភាពខុសប្លែកពី​​​ផ្នែក​ដទៃៗទៀត​នៃស្រទាប់ផែនដី ប៉ុន្តែពុំមាន​នរណា​ដឹង​ច្បាស់លាស់នៅឡើយទេ អំពិភាព​លម្អិតនៃបាតុភូត ឬសមាសធាតុ​ផ្សំទាំងនោះ ខណៈការសិក្សា​កំពុងតែបន្តឡើង​ទៅមុខទៀត ដើម្បីវិភាគ​អំពីស្រទាប់ សមាសធាតុផ្សំ បាតុភូតរំញ័រ និងចលនា​ដែលអាចប្រែប្រួល​ឥតឈប់ឈរ​ដែលស្ថិត​នៅពីក្រោមជើង​របស់យើង​រាល់គ្នានេះ។

បច្ចុប្បន្ន​ការសិក្សាស្រាវជ្រាវថ្មី​បានលើក​ឡើងថា តំបន់​ទាំងនេះ​អាចជារ៉ែម៉្យាង​ដែលគេហៅថា Magnesiowustite ប្រសិនបើបែបនេះ​​មែននោះ វត្តមាន​​របស់​វាប្រហែល​ជាអាច​ផ្តល់តំរុយ​ អំពី​អតីតមហាសមុទ្រ​ភ្លើងម៉ាក់ម៉ា​មួយ ដែលទំនងជា​ធ្លាប់មានវត្តមាន​​​កាលពី​​​ ៤.៥​​ពាន់លានឆ្នាំមុន នៅពេល​វត្ថុដ៏ធំសម្បើម​មួយ (ទំហំប៉ុនភពអង្គារ) បានបកបុកចំផែនដី ដែលរហូតដល់បង្កើត​ចេញពីឋានព្រះច័ន្ទ ហើយ​​ហេតុ​ការណ៍នោះ ប្រហែលជា​បានធ្វើឲ្យ​​រលាយ​ផ្នែកមួយចំនួន​ធំនៃភពរបស់យើង​ថែម​ទៀត។

គួរជម្រាបថា ស្រទាប់ផែនដី​មានកម្រាស់ប្រហែល​ ២,៩០០គីឡូម៉ែត្រ ហើយតំបន់ Ultralow Velocity Zone ​មានកម្រាស់​ និងទំហំ​មិន​ដល់​ ១០០គីឡូម៉ែត្រនោះឡើយ​ ហើយពួកវា​តែងបន្ថយល្បឿន​រលករំញ័រ ដែលធ្វើដំណើរឆ្លងកាត់​ពួកវាពី ៣០ ទៅ ៥០ភាគរយ៕

ចែករំលែក