កែវភ្នែករបស់ Kepler កាន់តែព្រិលមែនទែនហើយ… វាអាចនឹងផុតរលត់ជីវិតក្នុងខែនេះ…

0

 

(អាមេរិក)៖ ទីបំផុត Kepler ជិតដល់ដំណាក់​កាលចុងក្រោយមែនទែន​ហើយ ខណៈកែវយឺតអវកាស​ឆ្លុះភពដ៏ជំនាញ​របស់​​អង្គការ NASA មួយនេះកាន់តែ​បាត់បង់សមត្ថភាព​ធ្វើប្រតិបត្តិការ ហើយបើតាមការ​បង្ហើបឲ្យ​ដឹងពី NASA នាពេលថ្មីៗ​នេះ បេសកកម្ម Kepler អាច​នឹង​ត្រូវ​បញ្ចប់នៅខែតុលា​នេះតែម្តង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅយប់ថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

បើតាម NASA ប្រព័ន្ធ​មួយចំនួន កំពុងបង្កបញ្ហាដល់​កែវយឺតអវកាស ដែលមានអាយុកាលជិត ១ទសវត្សរ៍នេះ។ ទិន្នន័យថ្មី​បានបង្ហាញ​ថា Kepler កំពុងមានការ​លំបាកជាខ្លាំង ក្នុងតម្រង់ឆ្លុះមើល​ផ្ទៃមេឃ​ឲ្យចំគោលដៅ ស្របពេលដែល​បរិមាណ នៃឥន្ទ​នៈ​របស់វា​កាន់តែ​តិច​​ទៅៗ។

ក្រុមការងារ​បេសកកម្ម បានសម្រេចបិទ​ប្រព័ន្ធ​ដំណើរការរបស់ Kepler ជា​បណ្តោះ​​អាសន្ន​សិន ហើយនឹងដាស់វាឲ្យ​ដឹងខ្លួនវិញនៅថ្ងៃទី​១០ ខែតុលា ខាងមុខនេះ ជាពេលដែល​គេរំពឹងថា វានឹងបាញ់បញ្ចូន​សំណុំទិន្នន័យថ្មីបន្ថែមទៀត ត្រឡប់មកផែនដីវិញ តែ​យោងលើ​ស្ថាន​ការណ៍​​​វិវឌ្ឍន៍បែបនេះ NASA មិនអាចដឹង​ច្បាស់ទេថា តើដំណើរការនេះ​នឹង​ជោគជ័យ​​ដែរ ឬយ៉ាងណានោះ។ ទោះបី​ជាបែបនេះក្តី ប្រសិនបើ​​ជោគ​ជ័យ NASA នឹងបន្តឲ្យ​​កែវយឺត Kepler ប្រមែប្រមូល​ទិន្នន័យទៀត តាម​តែអាចប្រព្រឹត្តទៅ​បានរហូតដល់​ទីបញ្ចប់។

គិតមកទល់​ពេលនេះ Kepler បានស្ថិតក្នុងសភាជិត​អស់ឥន្ទនៈ​ប្រមាណ ០៦ខែមកហើយ។ ម៉្យាងវិញទៀត កែវយឺត​អវកាសនេះ​ពុំមាន​ផ្ទុកគំនូស​រង្វាស់ជាក់លាក់​សម្រាប់តំណាង​ឲ្យបរិមាណ​នៃឥន្ទនៈរបស់វា​ឡើយ ដូច្នេះហើយអ្នក​វិទ្យាសាស្រ្ត​មិនអាចស្មានត្រូវថា តើ​វា​នៅ​សល់ចំនួនឥន្ទនៈ​ ឬក៏រយៈពេល​ធ្វើប្រតិបត្តិការប៉ុន្មាន​ទៀតនោះទេ។

គួរជម្រាបថា ចាប់តាំងតែពីត្រូវ​បានបាញ់បង្ហោះកាលពី​ឆ្នាំ២០០៩ Kepler បានរកឃើញវត្តមាន​ភពអេលៀន Exoplanet ចំនួនច្រើន​ជាង​ ២,៦០០ភព ដែលស្មើនឹង​ពីរភាគបីនៃ​ចំនួន Exoplanet សរុបដែល​អ្នកវិទ្យាសាស្រ្តបានរក​ឃើញមកទល់សព្វថ្ងៃនេះ។ យ៉ាងណា​មិញ បើ​អត់ពី Kepler ក៏មិនមាន​បញ្ហានោះដែរ ព្រោះថា​កែវយឺតអវកាស​មានមុខងារ​ដូចគ្នានេះ ត្រូវបានបាញ់​បញ្ជូនឡើងទីអវកាស​រួចស្រេច​ទៅហើយ​ដោយវាមាន​ឈ្មោះថា TESS។

នាពេលថ្មីៗនេះ TESS ទើបតែបានរកឃើញ​ភពអេលៀនថ្មីៗចំនួន ០២ ​​​​បន្ទាប់ពីវាទើប​ចាប់ផ្តើម​ប្រតិបត្តិការ​ជាផ្លូវការប៉ុណ្ណោះ ខណៈអ្នក​វិទ្យាសាស្រ្តមានក្តី​សង្ឃឹមខ្ពស់ថា កែវយឺត​អវកាសនេះ​នឹងអាចរកឃើញ Exoplanet បាន​ចំនួន​​រហូតដល់ ១០,០០០ ក្នុងអំឡុង​បេសកកម្មរយៈពេល ០២ឆ្នាំរបស់វា នៅក្នុងទីអវកាស៕

ចែករំលែក