(អាមេរិក)៖ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្ត កំពុងព្យាយាមធ្វើការពិចារណាថា តើគួរទៅស្រាវជ្រាវលើសុក្រ (Venus) ជាថ្មីម្តងទៀតដែរ ឬមួយក៏អត់ ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីភព ដែលមើលទៅហាក់មិនអំណោយផលសោះនេះ ជាពិសេសគឺថវិកាជាតិដែលកំពុងតែស្តួចស្តើងខ្លាំងណាស់ សម្រាប់អង្គការ NASA។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅល្ងាចថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
យើងដឹងហើយថា ភពសុក្រពុំមានលក្ខណៈអំណោយផលនោះឡើយ។ ដុំពពករបស់ Venus ផ្សំឡើងពីអាស៊ីតស៊ុលផួរិច ហើយឯផ្ទៃរបស់វាមានកម្តៅក្តៅខ្លាំងរហូតអាចធ្វើឲ្យសូម្បីតែសំណរលាយតែម្តង ហើយខ្យល់របស់វាតែងតែកើនដល់ល្បឿនស្មើកម្លាំងព្យុះហឺរិខិនលើផែនដីជាប់ជានិច្ច។
មូលហេតុទាំងអស់នេះហើយ ទើបកន្លងមកមានយានរ៉ូបូតតែប៉ុន្មានគ្រឿងប៉ុណ្ណោះ (យានស៊េរី Venera របស់រុស្ស៊ី) បានធ្វើដំណើរទៅជាន់លើផ្ទៃរបស់ Venus ហើយពុំមានយានណាមួយ ធ្វើប្រតិបត្តិការនៅទីនោះបានលើសពីរយៈពេល ០២ម៉ោងឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នាពេលបច្ចុប្បន្ន គឺវិទ្យាសាស្រ្តកំពុងអន្ទះសាខ្លាំងក្នុងការចង់ស្វែងយល់បន្ថែមអំពីអ្វីៗ ដែលកំពុងកើតឡើងនៅលើផ្ទៃរបស់ភពសុក្រ។
ហេតុដូចនេះហើយ ទើបអ្នកវិទ្យាសាស្រ្តកំពុងជជែកគ្នាអំពីគម្រោងយានចុះចតមួយ ហៅថា Venera-D សម្រាប់ធ្វើបេសកកម្មនៅលើភពសុក្រ។ ប៉ុន្តែខណៈពេលនេះ ពុំទាន់មានការអភិវឌ្ឍយានណាមួយឡើងនៅឡើយទេ ដែលនេះគឺចង់សំដៅទៅលើការមិនទាន់មានសង្ឃឹមថា គំរោងនេះនឹងអាចទទួលបានថវិកាជាតិសម្រាប់ជួយឧបត្ថម្ភ ដូចគំរោងសំខាន់ៗផ្សេងទៀតទៅឋានព្រះច័ន្ទ ឬក៏ភពអង្គារជាដើម។
ជុំវិញរឿងនេះ ទីភ្នាក់ងារអវកាស NASA កំពុងចាប់ដៃគូជាមួយទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ដើម្បីពិគ្រោះអំពីប្រភេទបេសកកម្មថ្មីនៅ Venus ពោលគឺគម្រោងអភិវឌ្ឍន៍យានចុះចត (Lander) មួយគ្រឿង ដែលអាចស៊ូទ្រាំជាមួយនៅលើផ្ទៃរបស់ Venus មិនមែនត្រឹមតែប៉ុន្មានថ្ងៃនោះទេ គឺរហូតដល់រាប់ខែ ហើយអាចបាញ់បញ្ជូនចំណេះដឹងផ្នែកវិទ្យាសាស្រ្តសំខាន់ៗអំពីភពសុក្រ មកកាន់ផែនដីវិញ៕