យានតូចមួយគ្រឿងទៀត​ហើយ ទើបចុះចត​លើអាចម៍​ផ្កាយ «Ryugu» ដែលកំពុង​ស្ថិតនៅចម្ងាយ ៣០០លានគីឡូម៉ែត្រ​ពីយើង!

0

 

(ជប៉ុន)៖ យានរុករកខ្នាតតូចមួយគ្រឿង​របស់អឺរ៉ុប បានធ្វើការចុះចតដោយជោគជ័យនៅលើ​អាចម៍ផ្កាយ Ryugu ផងដែរ ដែលបច្ចុប្បន្ននេះ​ប្រទេសជប៉ុន កំពុងតែដឹកនាំ​​ការសិក្សា​ស្រាវជ្រាវ និងទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់។ នេះបើ​តាម​ការដក​ស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

នាឱកាសនោះ​យានរុករកមួយមាន​ឈ្មោះថា MASCOT ដែលបានចុះចតនៅលើ Ryugu ក្រោយពីត្រូវទម្លាក់​ចេញពី​យានអវកាស​ជប៉ុន Hayabusa-2 ពីកម្ពស់​ ៥១ម៉ែត្រ ក៏បានបញ្ជូនរូបភាព​ដំបូងពី Ryugu មកផែនដី​ផងដែរ។ MASCOT បានចំណាយ​ពេល ២០នាទី ទើបចុះ​ទៅ​ដល់លើផ្ទៃ​របស់អាចម៍ផ្កាយ Ryugu ដែលបច្ចុប្បន្នកំពុង​ស្ថិត​នៅចម្ងាយ​ ៣០០លានគីឡូម៉ែត្រ​ពីផែនដី។

គួរជម្រាបថា MASCOT ពុំមែន​ជាយានទីមួយ ដែលកំពុងស្ថិតនៅលើ​អាចម៍ផ្កាយ Ryugu ឡើយ ដោយកាលពីចុង​ខែកញ្ញាកន្លងទៅ យាន​អវកាស​ជប៉ុន Hayabusa-2 បានបញ្ជូនយាន​ខ្នាតតូច​ពីគ្រឿង​ឈ្មោះថា MINERVA-II1A និង MINERVA-II1B ទៅលើអាចម៍​ផ្កាយ​​នោះដោយជោគជ័យ។ ក្រៅពីយាន​ទាំងនេះ Hayabusa-2 គ្រោងនឹង​បញ្ជូនយាន MINERVA និងឧបករណ៍​​មួយទៀត​នាឆ្នាំ​ក្រោយ។

យាន Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារនេះ ក៏នឹងត្រូវ​ប្រមូល​យកគំរូតាង​របស់អាចម៍​ផ្កាយ Ryugu ហើយនាំយកពួកវា​​ត្រឡប់មកកាន់ផែនដីវិញ​នៅខែធ្នូ ឆ្នាំ២០២០ ផងដែរ ក្រោយពីយានអវកាសនេះ​ត្រូវបានទីភ្នាក់ងារ​អវកាសជប៉ុន បញ្ជូនឡើង​ទីអវកាស​កាលពីឆ្នាំ២០១៤ និងបានទៅដល់អាចម៍​ផ្កាយប្រវែងជិតមួយគីឡូម៉ែត្រនេះ​ជាផ្លូវការ​កាលពី​ប៉ុន្មានខែមុន។

នាចុងឆ្នាំនេះដែរថា យានអវកាសអាមេរិក OSIRIS-Rex នឹងធ្វើដំណើរដល់​អាចម៍ផ្កាយមួយឈ្មោះថា Bennu សម្រាប់អង្គការ NASA។ OSIRIS-Rex ត្រូវគេរំពឹងថា នឹងទៅដល់ Bennu នៅថ្ងៃទី៣១ ខែធ្នូ ហើយប្រមូលគំរូតាងដើម្បីនាំយកមកកាន់ផែនដី នៅឆ្នាំ២០២៣៕

ចែករំលែក