ទីបំផុត​យានអវកាស Solar Parker ហោះឆ្វែលភព​សុក្រ ដើម្បីត្រៀម​ឆ្ពោះទៅព្រះអាទិត្យ!

0

 

(អាមេរិក)៖ យានអវកាស​ដែលត្រូវទៅសិក្សាពីព្រះអាទិត្យ​នោះ នាពេលនេះ បានធ្វើដំណើរ​ឆ្វែលភពសុក្រ (Venus) ហើយ​កំពុង​​ត្រៀម​ខ្លួននៅលើផ្លូវឆ្ពោះ​ទៅក្បែរព្រះអាទិត្យ​ជាលើកដំបូង​។ នេះ​បើ​តាមការ​ដក​ស្រង់ការផ្សាយចេញ​វែបសាយ Space នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា យាន Parker Solar Probe ទីបំផុតបានធ្វើការ​ហោះឆ្វែលភពសុក្រ ជា​លើកដំបូង​នៅ​ចម្ងាយ​ ២,៤០០គីឡូម៉ែត្រ​ តាម​ការគ្រោងទុក។ ការហោះឆ្វែល​ភពសុក្របែបនេះ នឹងត្រូវ​ប្រព្រឹត្តទៅ​ ០៦លើកទៀត ក្នុងអំឡុងពេល​​ជិត​ ០៧ឆ្នាំ ដើម្បីបង្រួញគន្លង​ធ្វើដំណើររាងពងក្រពើ​សរុបចំនួន ២៤ជុំ របស់យាន Parker Solar Probe នៅជុំវិញព្រះអាទិត្យ​ឲ្យកាន់តែតូចទៅៗ​​។ សម្រាប់​ការ​សិក្សា​​ស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្តវិញ នឹងប្រព្រឹត្តទៅនាអំឡុង​ពេលប៉ុន្មានឆ្នាំនោះ ដោយផ្តោតសំខាន់​លើរយៈពេល​ដែល​យានអវកាសនេះ នៅកៀកនឹង​ព្រះអាទិត្យបំផុត។

គួរជម្រាបថា បន្ទាប់ពីវាត្រូវ​បានបាញ់បង្ហោះចេញពីផែនដី​កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ ការជួបមុខគ្នាលើកដំបូងរវាងព្រះអាទិត្យ និងយាន Parker Solar Probe នឹងកើត​មានឡើង​យៈពេល​ ១២ថ្ងៃ ចាប់ថ្ងៃទី​៣១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា​ក្នុងរយៈ​ចម្ងាយ ៤៣លាន​គីឡូម៉ែត្រ​ពីគ្នា ដែលជាការបំបែកកំណត់ត្រាចាស់​របស់យាន Helios 2 កាលពី​ឆ្នាំ​​១៩៧៦​ ដែលជាកិច្ចប្រឹងប្រែងរួមរវាង​អាមេរិក​និង​អាល្លឺម៉ង់។ ចំណែកការ​ជួបមុខគ្នា​ចុងក្រោយ នៅឆ្នាំ២០១៥ វិញនោះ ​យាន Parker Solar Probe នៅទៅក្រឡឹង​ផ្កាយរបស់ផែនដី ក្នុង​ចម្ងាយ​ត្រឹម​៦.៦១លានគីឡូម៉ែត្រប៉ុណ្ណោះ​ពីផ្ទៃដុំបាល់ភ្លើង​យក្សនោះ។

ការបញ្ជូនយាន​​ទៅកៀកព្រះអាទិត្យបំផុត​មិន​ធ្លាប់មាន (ក្នុងគម្លាតជាង ៦លាន​គីឡូម៉ែត្រ) គឺជាលើក​ដំបូងបំផុត និងគួរឲ្យរំភើបនឹកស្មាន​​មិនដល់ផងដែរ ប៉ុន្តែបេសកកម្ម​​ដ៏ធំរបស់អង្គការ NASA មួយនេះ ពិតជា​មាន​ភាពវិសេស និងអស្ចារ្យ លើសពីរូបភាព​ដែលបាន​បង្ហាញ​កន្លង​​​​មក​នោះ​ទៅទៀត។

ក្រុមការងារ​គ្រប់​គ្រងបេសកកម្ម​នៃយាន Solar Parker Probe បានឲ្យដឹងថា យានដែល​អាច​តស៊ូ​កម្តៅរាប់ពាន់​រាប់ម៉ឺនអង្សា​ពី​ព្រះអាទិត្យ​នេះ គឺនឹងធ្វើការសិក្សា​​អំពីស្ថាន​ភាពទូទៅ​នៃព្រះអាទិត្យ ដែលជាតំរុយដ៏​សំខាន់បំផុត អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​ឈានទៅវិភាគដឹង អំពីវត្តមានជីវិត​អេលៀន (Alien) នៅបណ្តាភព​​ផ្សេងៗ ដែលមានលក្ខណៈ​ស្រដៀងនឹងព្រះអាទិត្យ​យើង។

បន្ថែមពីខាង​លើនេះ លោកស្រី Evgenya Shkolnik ជាអ្នកវិទ្យាសាស្ត្រ, តារាវិទូ និងភពសាស្ត្រ ប្រចាំនៅ​សាកលវិទ្យាល័យរដ្ឋ Arizona ធ្លាប់បានលើកឡើងថា «យើងអាច​សិក្សាអ្វីៗ​ច្រើនណាស់​ពីព្រះអាទិត្យ​របស់យើង និងជាពិសេសទៅ​លើ​ផ្កាយផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀង​​នឹងព្រះអាទិត្យរបស់​យើងនេះតែម្តង។ បន្ថែមពីនេះ​យើងចង់សិក្សាឲ្យកាន់​តែច្បាស់អំពីភាគល្អិត ថាមពលហ្វូនថុន (photons) ឬមួយ​ភាគល្អិត​នៃពន្លឺ ដែលផ្កាយនានា​ផលិតចេញ​មក។ វាពិតជា​ស្មុគស្មាញ​​ខ្លាំងណាស់ នៅក្នុងការ​ស្វែងយល់​វត្ថុធាតុ​ទាំងនេះ ដែលត្រូវបានជះ​ដោយតារាទាំង​នោះ ទៅលើភព​នានារបស់​ពួកវា…»។

តាមពិតទៅគ្រប់គ្នា​បានដឹងអំពីភាគគ្រោះថ្នាក់​នៃភាគល្អិត និងថាមពលហ្វូនថុន ជះចេញពី​តារានិមួយៗ ដូចជាភពអង្គារ​ដែលបានរងគ្រោះរាប់ពាន់លានឆ្នាំ​មកហើយ រហូតក្លាយ​​ជាភពស្លាប់ ប៉ុន្តែដោយសារតែផែនដី​មានដែនម៉ាញេទិច​ដ៏ខ្លាំងក្លា និងបរិយាកាស​ដ៏ក្រាសនោះ ទើបថាមពល​អាក្រក់ៗទាំងអស់នេះ​មិនអាចយាយីជីវិត​នានានៅលើភព​បៃតងរបស់យើងបាន។

ដូច្នេះការសិក្សាដឹងអំពីភាគល្អិត និងហ្វូថុនរបស់​​ព្រះអាទិត្យយើង គឺមានផលប្រយោជន៍​​នៅក្នុងការសិក្សា​ដឹង​អំពីថាមពលដូចគ្នានៅ​ផ្កាយ​ផ្សេងៗ ដែលមាន​ជម្រក​​នៃភពស្ថិតក្នុង​គន្លង​ត្រឹមត្រូវ​ដូច​ផែនដី ឬមួយក៏អាចល្អៀងគ្នា​​បន្តិចបន្តួចក៏បានដែរ។ កន្លងមក​ភពអេលៀន​ដែលចាត់ទុកថា​ មានគន្លង​ត្រឹមត្រូវ (Habitable Zone) គឺត្រូវបាន​យកគំរូតាម គម្លាត​នៃគន្លងគោចរ​រវាងផែនដី និងព្រះអាទិត្យ ព្រមទាំង​ទំហំនៃភព និងកម្រិតនៃពន្លឺចេញពីផ្កាយមេ​នោះ​ថែមទៀត។

គួរបញ្ជាក់ថា ការសិក្សាអំពីរូបធាតុ​ខាងលើនេះ គឺនឹងពិបាកនៅពេល​ដែលផែនដី ឬយាន​នានាស្ថិតនៅឆ្ងាយ​ពីព្រះអាទិត្យខ្លាំងពេក ដូច្នេះទើប​យាន Solar Parker ត្រូវបាន​ផលិតជាមួយ​ខែលការពារ ដែលអាចចូលទៅកៀក​ព្រះអាទិត្យបំផុត​នៅក្នុង​រយៈចម្ងាយ​តែជាង ៦លានគីឡូម៉ែត្រប៉ុណ្ណោះ ដែលចម្ងាយនេះ​ស្ទើរតែគ្មាននរណា​ជឿនោះឡើយថា អាចមានវត្ថុធាតុ​ណាមួយទ្រាំទ្ររួច នឹងកម្តៅ​ដ៏មហិមា​​នោះណាស់។

ដូច្នេះប្រយោជន៍​​​ធំធេងរបស់វា គឺសិក្សាដឹងអំពីថាមពល​​ទាំងល្អ និងអាក្រក់​ចេញ​ពី​ព្រះអាទិត្យយើង​ឲ្យ​បាន​ច្បាស់​ជាងមុន រួចបន្ទាប់មកគេ​​នឹងយកលទ្ធផល​​ទាំងនេះ ដើម្បីវិភាគ​ទៅ​លើតារានានា​ដែល​គេ​សង្ស័យថា មានភពគោចរ​នៅជុំវិញតារាទាំងនោះ ដែលអាចកំពុងលាក់ជីវិតក្នុង​ទម្រង់ណាមួយ បន្ថែមពីលើ​ការ​សិក្សាស្រាវជ្រាវ ដោយប្រើប្រាស់​កែវយឺតអវកាស​នានាដូចជា Kepler ឬក៏ James Webb ដែលបីឆ្នាំទៀតនឹងត្រូវបាញ់​បង្ហោះនោះជាដើម៕

ចែករំលែក