ចាំបាន​ទេយាន Cassini ដែលកម្ទេច​ខ្លួនឯងលើ​ភពសៅរ៍? ពេលនេះ​លទ្ធផលសិក្សា​ចេញមក​ហើយ…

0

 

(អាមេរិក)៖ អង្គការ NASA បានបញ្ចេញ​របាយការណ៍ថ្មី ដែលស្តីពីដំណាក់​ចុងក្រោយ​នៃបេសកកម្ម​របស់យានអវកាស Cassini ដោយរបាយការណ៍នេះ​បានទម្លាយ​ឲ្យដឹងពីបាតុភូតគួរ​ឲ្យភ្ញាក់ផ្អើលមួយចំនួន នៅតំបន់ចន្លោះ​ភពសៅរ៍ (Saturn) និង​ខ្សែក្រវាត់​​របស់វា។ នេះបើ​តាម​ដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

 

នាអំឡុង​ដំណាក់កាលចុង​ក្រោយ​ Grande Finale ដែល​យាន Cassini បានចំណាយពេល​យ៉ាងយូរ សិក្សាទៅលើលំហ​​ដែល​ស្ថិត​នៅ​ចន្លោះ Saturn និងខ្សែក្រវាត់​របស់វា ឧបករណ៍​របស់យាន Cassini បានរកឃើញ​ពីវត្តមាននៃបាតុភូតម៉្យាង​ បៀបដូចជាភ្លៀងធ្លាក់​នៅ​ទីនោះ។ ​បាតុភូតនោះ គឺជាលំហូរ​នៃភាគល្អិត​​ ដែលធ្លាក់ចេញពី​ផ្នែកខាងក្នុង​​នៃខ្សែក្រវាត់ចុះទៅ​​កាន់​បរិយាកាស​ផ្នែក​ខាង​លើ​​របស់​ភព​ឧស្ម័ន​​យក្ស​​នោះ ហើយអ្វីគួរឲ្យភ្ញាក់​ផ្អើលថែម​ទៀត គឺវាមានផ្ទុក​សារធាតុចម្រុះ​ជាច្រើន។

ក្រៅពីរបកគំហើញខាងលើ អ្នកវិទ្យាសាស្រ្តនាពេលនេះបានដឹងថែមទៀតថា ​អ័ក្សនៃដែនម៉ាញេទិចរបស់ភពសៅរ៍ គឺមានការត្រួតស៊ីគ្នា​យ៉ាង​​ល្អ​ឥតខ្ចោះ​តែម្តង​ជាមួយអ័ក្សរង្វិលជុំរបស់វា។ គួរជម្រាបនេះ លទ្ធផលបាន​មកពីបេសកកម្ម​ចុងក្រោយ​របស់ Cassini នៅមិនទាន់ចប់​ត្រឹមនេះឡើយ។ បើតាម​ការបញ្ជាក់ពី NASA ​របាយការណ៍​ទាក់ទិននឹងបាតុភូតជាច្រើន​ផ្សេងទៀត នៅលើភពសៅរ៍ នឹងត្រូវចុះផ្សាយ​ជាបន្តបន្ទាប់ទៀត​នាពេលអនាគត។

យានអវកាស Cassini បានចំណាយពេល​សរុប​ចំនួន ១៣ឆ្នាំ ធ្វើការសិក្សា​ស្រាវជ្រាវលើ​ភពសៅរ៍ ព្រមទាំងព្រះច័ន្ទ​របស់វា។ ប៉ុន្តែនៅ​ពេលដឹងវា​នឹងត្រូវអស់ថាមពល​នាពេលឆាប់ៗ ក្រុមការងារ​នៃបេសកកម្មនេះ បានរៀបចំដំណាក់កាលចុង​ក្រោយមួយ សម្រាប់បញ្ជូន​យានអវកាស​នេះ ឲ្យធ្វើដំណើរទៅមកឆ្លងកាត់​​ចន្លោះរវាងភពសៅរ៍ និងខ្សែក្រវាត់របស់វា រហូតទាល់តែ​ដល់ពេលត្រូវទម្លាក់​ខ្លួន​ កម្ទេច​ចោលទៅក្នុង​បរិយាកាសរបស់ Saturn។

គួររំលឹកថា ការធ្វើបែបនេះ​គឺដើម្បីធានាថា​​ព្រះច័ន្ទ​របស់វា ដែលទំនងមាន​​សក្តានុពលក្នុងការទ្រទ្រង់​​​ជីវិត​នោះ នឹងពុំទទួលរង​ការបំពុលពី​មេរោគនៅ​លើផែនដី ដែលប្រហែល​ជា​បានដោយ​ទៅតាមយាន Cassini នោះឡើយ។ នេះជាការ​គិតគូរយ៉ាង​ល្អិតល្អន់​ពីអង្គការ NASA ដើម្បីបេសកកម្មល្អៗទៅថ្ងៃមុខទៀត៕

ចែករំលែក