ប្រធានក្រុមហ៊ុន SpaceX ខាតបង់ប្រាក់ ៤០លានដុល្លារ ដោយសារ​តែបង្ហោះ​សារមិនប្រយ័ត្ន​លើ Twitter

0

 

(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន​ផលិតរថយន្ត Tesla ​លោក Elon Musk បានបង្ហោះសារ​ឌឺដងដាក់​គណៈកម្មការ​ទីផ្សារ​មូលបត្រ និង​ភាគហ៊ុនអាមេរិក ហៅកាត់ថា SEC ជុំវិញរឿងចោទ​​ប្រកាន់​រូបលោកពី​បទឆបោក។ នេះបើតាម​ការ​ដក​​ស្រង់​ការ​​ផ្សាយ​​​ចេញ​​ពី​សារ​ព័ត៌​មាន​រុស្ស៉ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

ទីភ្នាក់ងារ SEC បាន​សង្ស័យថា ការបង្ហោះសារ​របស់លោក Musk នៅបណ្តាញទំនាក់ទំនង​សង្គម មានការប៉ះពាល់ទៅ​លើ​តម្លៃភាគ​ហ៊ុន​របស់ក្រុមហ៊ុន។ បន្ទាប់ពីបានបើក​ការស៉ើបអង្កេត​យ៉ាងល្អិតល្អន់ SEC បានអះអាងថា លោក Musk បាននិយាយ​ភូតកុហកនៅ​​​ក្នុងសារ​លើបណ្តាញសង្គម ក្រោមគោល​បំណងធ្វើឲ្យ​ភាគហ៊ុនរបស់​ក្រុមហ៊ុនហក់​ឡើងខ្ពស់ ហើយបានដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​មហាសេដ្ឋីរូបនេះ​កាលពីសប្តាហ៍មុន។

យ៉ាងណាមិញ កាលពីចុង​សប្តាហ៍មុន ទីភ្នាក់ងារ SEC បានប្រកាសថា លោក Musk បានយល់ព្រម​បញ្ចប់រឿង​ តាមរយៈការចុះចេញ​ពី​តំណែងប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន និងបង់ប្រាក់ពិន័យ ​២០លានដុល្លារ។ បន្ថែមពីនេះ​ក្រុមហ៊ុន Tesla ក៏បាន​ព្រមព្រៀងបង់​​ប្រាក់ពិន័យ ២០លានដុល្លារ​ដាច់ដោយឡែក​ផ្សេងទៀត ដើម្បីដោះស្រាយ​ការចោទប្រកាន់​ដែលថា ខ្លួន​បរាជ័យ​ក្នុងការ​ត្រួត​ពិនិត្យ​លើ​​​សកម្មភាព​បង្ហោះសាររបស់​លោក Musk ផងដែរ៕

ចែករំលែក