(អាមេរិក)៖ ថ្មីៗនេះយាន Voyager 2 របស់អង្គការ NASA បានផ្តល់ដំណឹងមកថា វាបានហោះទៅជិតដល់ច្រកឆ្លងចេញពីប្រព័ន្ធព្រះអាទិត្យ ដើម្បីចូលទៅកាន់តំបន់ Interstellar Space ហើយ បន្ទាប់ពីការបាញ់បង្ហោះកាលពីឆ្នាំ១៩៧៧ និងបានធ្វើការសិក្សាអ្វីៗជាច្រើនអំពីភពនានា និងលក្ខណៈជារួមនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។ នេះបើតាមការចេញផ្សាយដោយវែបសាយផ្លូវការរបស់អង្គការ NASA នាថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងដំណើរដែលជិតនឹងផុតពីប្រព័ន្ធព្រះអាទិត្យនេះ យានអវកាស Voyager 2 ក៏បានទទួលចំហាយនៃកម្មរស្មី Cosmic Rays ដែលជះមកពីតំបន់ក្រៅប្រព័ន្ធព្រះអាទិត្យកាន់តែកើនឡើងផងដែរ ខណៈប្រព័ន្ធព្រះអាទិត្យមានស្រទាប់ដ៏ធំព័ទ្ធជុំវិញមានឈ្មោះថា Heliosphere ដើម្បីការពារកម្មរស្មីអាក្រក់ៗពីកាឡាក់ស៊ី មិនឲ្យជ្រៀតចូលមកក្នុងប្រព័ន្ធទាំងមូលនោះឡើយ ហើយក៏មិនសូវខុសពីដែនម៉ាញេទិចផែនដី ដែលតែងការពារជីវិតសត្វលោក ពីរលកវិទ្យុសកម្មជះចេញពីព្រះអាទិត្យនោះដែរ។
កាលពីឆ្នាំ២០០៧ យានអវកាស Voyager 2 បានធ្វើដំណើរសំដៅទៅស្រទាប់ជាយបំផុតនៃ Heliosphere ទៅហើយ ដោយឆាប់ៗខាងមុខនេះ វានឹងក្លាយជាគ្រឿងយន្តទីពីរបង្កើតឡើងដោយមនុស្ស ដែលអាចទម្លុះសំណាញ់នៃប្រព័ន្ធព្រះអាទិត្យ ហើយចូលទៅក្នុងតំបន់ទីអវកាសទំនេរ ឬទីអវកាសសាធារណៈដែលគេហៅថា Interstellar Space ជាមិនខាន ខណៈដែលបច្ចុបន្ននេះវាកំពុងតែស្ថិតនៅក្នុង ១៧.៧ពាន់លានគីឡូម៉ែត្រពីភពផែនដី ឬស្មើនឹង ១១៨ដង នៃចម្ងាយរវាងផែនដី និងព្រះអាទិត្យ (១៥០លានគីឡូម៉ែត្រ = 1AU)។
គួរបញ្ជាក់ថា កាលពីចុងខែសីហាយាន Voyager 2 បានចាប់រលកកម្មរស្មី Cosmic Rays កើនឡើងរហូតដល់ ៥% បើធៀបនឹងអ្វីដែលវាចាប់បាន កាលពីអំឡុងដើមខែសីហា ហើយកាលពីអំឡុងខែឧសភា ឆ្នាំ២០១២ យានអវកាស Voyager 1 ក៏បានជួបប្រទះបទពិសោធន៍ស្រដៀងគ្នានេះដែរ។ ពន្លឺ ឬរលកកម្មរស្មី Comsic Rays គឺភាគល្អិតនៃម៉ូលេគុលពន្លឺដែលចល័តលឿនបំផុត មកពីក្រៅប្រព័ន្ធព្រះអាទិត្យ ហើយមួយចំនួននៃពួកវាត្រូវបានរារាំងដោយស្រទាប់ Helisophere នៃប្រព័ន្ធព្រះអាទិត្យ។
បើតាមក្រុមការងារគ្រប់គ្រង Voyager 2 បានសង្កត់ធ្ងន់ថា យាននេះអាចនឹងទៅទម្លាយចេញពីរណាំង Heliopause ចេញក្រៅតំបន់ Heliosphere ជាផ្លូវការក្នុងរយៈពេល ៦ឆ្នាំលឿនជាងយាន Voyager 1 ធ្លាប់បានធ្វើ ព្រោះវាឥទ្ធិពលនៃរវិលជុំព្រះអាទិត្យនៅអំឡុងពេល ១១ឆ្នាំ នៃការប្រែប្រួលផ្ទៃស្រទាប់លើនៃព្រះអាទិត្យដ៏ពុះកញ្ជ្រោល ដែលជាការជះចេញនៃភាគល្អិត (ព្យុះព្រះអាទិត្យ) និងអាណ្តាតភ្លើងដដ៏ធំមហិមា ហើយថាមពលទាំងនេះហើយជាការរុញច្រាន Voyager 2 ឲ្យមានល្បឿនទៅមុខជាង Voyager 1។
គួរកត់សម្គាល់បន្ថែមទៀតថា នៅក្នុងអំឡុងពេលនៃវដ្តន៍ ១១ឆ្នាំ ព្រះអាទិត្យតែងតែឈានដល់ចំណុចមានឥទ្ធិពលខ្ពស់បំផុត និងទាបបំផុត។ ដោយឡែកយាន Voyager 2 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងឆ្លងចូលតំបន់ Interstellar នៅរយៈពេលប៉ុន្មានខែខាងមុខនេះទៀតប៉ុណ្ណោះ ដើម្បីធ្វើការសិក្សាអំពីអ្វីៗប្លែកៗជាច្រើន នៃតំបន់ដែលស្ថិតនៅតំបន់អន្តរ-អវកាស៕