(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនរបស់សហរដ្ឋអាមេរិក SpaceX នៅទីបំផុតបានសម្រេចជោគជ័យជាលើកដំបូងក្នុងការបាញ់ផ្កាយរណបអង្កេតផែនដី របស់ប្រទេសអាហ្សង់ទីនឡើងទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតថ្មី Falcon 9 ហើយតួរ៉ុក្កែតដែលជំរុញផ្កាយរណបឡើងទៅកាន់ទីអវកាសនោះ អាចចុះចតមកលើដីវិញបានដោយជោគជ័យ នៅឯមូលដ្ឋានទ័ពអាកាស Vandenberg នៃរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨។
វាត្រូវបានចាត់ទុកជាលើកដំបូងបំផុតសម្រាប់ SpaceX ដែលបានធ្វើការកែច្នៃបច្ចេកវិទ្យា ដើម្បីសង្គ្រោះគ្រាប់រ៉ុក្កែតរបស់ខ្លួនក្រោយការបាញ់បង្ហោះ ដែលតួរ៉ុក្កែតត្រូវបានបាញ់រួចរាល់នោះ បានធ្វើការចុះចតមកវិញដោយជោគជ័យ ទៅលើដីតែម្តងក្នុងមូលដ្ឋានទ័ពអាកាស ដោយមិនមែនជាការចុះចតលើនាវាដ្រូន ឬមូលដ្ឋានចល័តលើសមុទ្រដើម្បីចាំទ្រគ្រាប់រ៉ុក្កែត ដែលជាការរៀបចំឡើងដោយ SpaceX ដូចជាលើកមុនៗនោះឡើយ។
រ៉ុក្កែតខាងលើនេះបានហោះចេញពីមូលដ្ឋាន Vandenberg កាលពីវេលាម៉ោង ៧៖២១នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅកាលីហ្វរញ៉ា) ហើយបន្ទាប់មកផ្កាយរណប SAOCOM 1A ត្រូវបានព្រលែងឲ្យគោចរនៅគន្លងគោចរកម្រិតទៀតនៃភពផែនដី នៅរយៈពេល ១២នាទីក្រោយពីការបាញ់បង្ហោះនោះ។ ក្រោយពីបំពេញតួនាទីរួចរ៉ុក្កែត Falcon 9 បានត្រឡប់មកចុះចតនៅក្នុងតំបន់ Landing Zone 4 ដែលត្រូវបានរៀបចំឡើងនៅលើទីលាននៃមូលដ្ឋាន Vandenberg។
បើគិតទាំងលើនេះ គឺវាមានចំនួន ៣០ដងហើយ ដែលក្រុមហ៊ុន SpaceX ដែលបញ្ជាតួរ៉ុក្កែតដែលត្រូវបានបាញ់ទៅទីអវកាស ឲ្យត្រឡប់មកចុះចតលើដីវិញ ប៉ុន្តែលើកនេះវាបានដឹកផ្កាយរណបជាផ្លូវការ នឹងទៅកាន់គន្លងតារាវិធីដោយជោគជ័យ និងសំណល់រ៉ុក្កែតបានចុះចតមកវិញនៅលើដីផ្ទាល់ មិនខុសពីខ្សែភាពយន្តវិទ្យាសាស្ត្រនោះឡើយ ដែលវាស្ថិតនៅក្នុងគំរោងសន្សំសំចៃជាងមុនរបស់លោក Elon Musk ស្ថាបនិក SpaceX។
SpaceX បានអះអាងថា ការប្រើប្រាស់តួរ៉ុក្កែត Falcon 9 ដែលធ្លាប់ប្រើម្តងរួចហើយនោះ នឹងទទួលបានការបញ្ចុះតម្លៃ ពីតម្លៃដើមរ៉ុក្កែត Falcon 9 ថ្មីសន្លាងដែលមានតម្លៃ ៦២លានដុល្លារ ក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស។ គំរោងថ្មីនេះនឹងក្លាយជាការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីតំណាក់អតិថិជនក្នុងស្រុក និងរដ្ឋាភិបាលប្រទេសនានា ដែលចង់បានការបាញ់បង្ហោះផ្កាយរណប ក្នុងតម្លៃទាបជាងមុន។
គួរបញ្ជាក់ថា ការបាញ់បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណប កាលពីថ្ងៃអាទិត្យនោះ គឺជាលើកទី ១៧ហើយសម្រាប់ SpaceX នៅក្នុងឆ្នាំ២០១៨នេះ ហើយវាក៏បានទាក់ទាញមហាជន និងអ្នកសារព័ត៌មានយ៉ាងកុះកររង់ចាំផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យពេលរ៉ុក្កែតត្រូវបានបាញ់ និងពេលវាហោះឆ្លងកាត់បរិយាកាសផែនដីក្នុងរយៈកម្ពស់រាប់រយគីឡូម៉ែត្រផងដែរ៕