បាតុភូត​សន្ទុះ​ថាមពល FRB ​ពីទីអវកាស​ជ្រៅៗ ត្រូវក្រុម​អ្នកវិទ្យាសាស្ត្រអូស្ត្រាលីចាប់​បាន…

0

 

 

(អូស្រ្តាលី)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៅប្រទេសអូស្រ្តាលី បានប្រកាសឲ្យដឹង​ពីការរកឃើញ នៃបាតុភូតសន្ទុះដ៏មានថាមពលខ្ពស់​ដែល​គេ​ហៅថា Fast Radio Burst ឬ FRB ចំនួន ១៩ថ្មីទៀត ដោយរបកគំហើញនេះ​ប្រហែលជា​អាចជួយ​ បង្កើនការស្វែងយល់​​អំពី​បាតុភូត​អាថ៌​កំបាំងនានា ដែលមកពី​លំហអវកាស​ដ៏ជ្រៅទាំងនេះ។ នេះបើ​តាមការ​ដកស្រង់​ការ​ផ្សាយ​ចេញពីវែបសាយ Space.com នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

 

បាតុភូតសន្ទុះថាមពលខាងលើ ត្រូវបានគេប្រទះ​ឃើញជាលើកដំបូង​នៅឆ្នាំ២០០៧។ សម្រាប់រយៈពេល​មួយនេះឆ្នាំ FRB សរុប​ចំនួន​ ២០ ហើយ​ត្រូវបាន​រកឃើញ ដោយក្នុងនោះ​ក៏មាន FRB ដែលនៅ​កៀកនឹងផែនដី និងបញ្ចេញពន្លឺខ្លាំង​ជាងគេបំផុត​ផងដែរ។ បាតុភូត FRB គឺជាការបញ្ចេញ​ពន្លឺនៃរលកថាមពល​នៅពាសពេញ​ផ្ទៃមេឃ ដែលមាន​រយៈពេល​យ៉ាងខ្លី (មីលីវិនាទី) ហើយប្រភពថា តើពួកវា​កកើត​ឡើងដោយ​សារអ្វីនោះ នៅមិនទាន់​ត្រូវបានដឹងច្បាស់​នៅឡើយ​ទេ។

ប៉ុន្តែអ្នកវិទ្យាសាស្រ្ត​បានយល់​ឃើញថា ពួកវាចេញមកពី​​លំហអវកាសយ៉ាងឆ្ងាយ​ពីយើង និងអាចផ្ទុក​ថាមពល​​ស្មើនឹង​​ថាមពល​ដែល បញ្ចេញដោយ​ព្រះអាទិត្យក្នុងរយៈពេល ៨០ឆ្នាំឯណោះ ហើយ FRB ក៏ធ្វើដំណើរ​ក្នុងចម្ងាយ​រាប់ពាន់​លានឆ្នាំ និងឆ្លងកាត់សំណុំ​ឧស្ម័ន​អវកាស​ម្តងម្កាល​ផងដែរ៕

ចែករំលែក