HOT NEWS: ការបាញ់បង្ហោះយានរុស្ស៊ីបរាជ័យ, អវកាសយានិកអង្គការ NASA ​ក្នុងយាន Soyuz Capsul ចុះចតមកផែនដីវិញ!

0

 

(ម៉ូស្គូ)៖ គ្រាប់រ៉ុក្កែត​រុស្ស៊ី Soyuz MS-10 ដែលដឹកអវកាស​យានិក​ជើងចាស់មួយរូប​របស់​អង្គការ NASA និងពីឡុតម្នាក់ឡើងទៅកាន់ទីអវកាសនោះ បានជួបបញ្ហា​នៅពាក់កណ្តាលផ្លូវ​បន្ទាប់ពីបាន​បាញ់​​ចេញពីតំបន់ Baikonur Cosmosdrome នៃប្រទស​កាហ្សាក់ស្ថាន​បានតែប៉ុន្មាននាទី​​ប៉ុណ្ណោះ ប៉ុន្តែ​អវកាសយានិក​ខាងលើនេះ មិនមានគ្រោះ​ថ្នាក់ដល់​ជីវិត​​ឡើយ។ នេះបើតាម​ការ​ចេញផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

បើតាមអង្គការ​អវកាសរុស្ស៊ី បរាជ័យនៃការបាញ់បង្ហោះ​ខាងលើនេះ គឺបង្កើតឡើង​ដោយ​ប្រព័ន្ធដំណើរការក្នុងគ្រាប់រ៉ុក្កែតមានបញ្ហា និងអាចដោយសារការដឹកលើស​ចំណុះផងដែរ។ គ្រាប់រ៉ុក្កែត​នេះមានផ្ទុក​អវកាសយានិក ដែលជិះនៅក្នុង​យន្តហោះអវកាស ហើយ​យន្តហោះអវកាស​នោះត្រូវបាន​គេរំពឹងថា នឹងចុះចតនៅតំបន់ណាមួយក្នុងប្រទេស​កាហ្សាក់ស្ថាន​វិញ។

ជុំវិញបញ្ហា​ខាងលើនេះ មជ្ឈមណ្ឌល​អវកាស​​អាមេរិក Johnson ក្នុងទីក្រុង​ហួស្តុន រដ្ឋ​តិចសាស់ ក៏បានធ្វើការទាក់ទង​​ដោយផ្ទាល់ ទៅកាន់ទីភ្នាក់ងារ​អវកាស​រុស្ស៊ីផងដែរ ដោយរុស្ស៊ីបាន​​អះអាងថា ពួកគេកំពុងធ្វើការ​​ទាក់ទងទៅអវកាសយានិក​​លើយន្តហោះ​អវកាស ហើយការចុះចត​នឹងធ្វើ​ឡើងវិញប្រកប​ដោយសុវត្ថិភាព ខណៈ​បញ្ហានោះ​អាចបណ្តាល​មកពីប្រព័ន្ធរុញច្រាន​រ៉ុក្កែត មិនអាចផ្តាច់​​ចេញពី​យន្តហោះ Soyuz Capsule បានទាន់​ពេល។

គួរបញ្ជាក់ថា លោក Alexey Ovchin អវកាសយានិក​ជើងចាស់របស់ NASA គឺអង្គុយនៅជិត​ពីឡុតយន្តហោះ និងជាវិស្វករ​ជំនាញម្នាក់មាន​ឈ្មោះថា Nick Hague បានគ្រោងធ្វើដំណើរ​​ទៅកាន់ស្ថានីយ​អវកាស​អន្តរជាតិ ISS។ ដោយសារតែ​​បញ្ហាគ្រាប់​រ៉ុក្កែត​ដូច្នេះអវកាសយានិក​លើនេះ មិនអាចឡើង​ទៅ​កាន់ស្ថានីយអវកាស​នោះ​ឡើយ ដោយពេលនេះ​​គេបានប្រើប្រាស់​​ឧទ្ធម្ភាគចក្រ ដើម្បីស្វែងរក​មើលយានអវកាស Soyuz Space Capsule និងពិនិត្យមើលវាចុះចតវិញដោយ​សុវត្ថិភាព៕

ចែករំលែក