ស្ថានីយអវកាស​អន្តរជាតិ ISS នឹងត្រូវ​បិទជា​បណ្តោះអាសន្ន ក្រោយ​រុស្ស៊ីបរាជ័យ​បាញ់បង្ហោះ​យាន Soyuz

0

 

(ម៉ូស្គូ)៖ គណៈកម្មការរដ្ឋនៃប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងរួចរាល់ហើយបន្ទាប់​ពីការបាញ់បង្ហោះយាន Soyuz របស់រុស្ស៊ីបរាជ័យ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយភាពបរាជ័យនេះ នឹងនាំទៅរកការពិភាក្សាដើម្បីបិទស្ថានីយ ISS នេះជាបណ្តោះអាសន្ននៅថ្ងៃអនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

ព័ត៌មាននៃការរៀបចំគំរោងបិទស្ថានីយអវកាសអន្តរជាតិខាងលើនេះ គឺត្រូវបានបញ្ចេញ​ដោយក្រុមការងារអវកាស និងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតរបស់ប្រទេសរុស្ស៊ី ហើយវានឹង​ផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការបែកធ្លាយប្រព័ន្ធបញ្ចូនឧស្ម័ន​នៅក្នុងស្ថានីយ និងការឈានទៅរក​ការបិទ​ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហាជារួម​តែម្តងក្រោយប៉ុន្មានថ្ងៃនៃការបរាជ័យបាញ់បង្ហោះយាន Soyuz កាលពីថ្ងៃព្រហស្បតិ៍។

ប្រភពមិន​បញ្ចេញឈ្មោះ​ខាងលើនេះ​ បានបញ្ជាក់ទៀតថា «គណៈកម្មការមួយត្រូវបាន​បង្កើតឡើង ដែលនឹងត្រូវរួមគ្នាពិចារណាអំពីជម្រើស សម្រាប់ការ​ចំណាយ​ពេល​បន្ថែមទៀត​ក្នុងការជួសជុលស្ថានីយអវកាស ISS។ ស្ថានីយអវកាសអន្តរជាតិ​អាចនឹង​ត្រូវបិទជាបណ្តោអាសន្ន ហើយផែនការបាញ់បង្ហោះយានជាថ្មីទៅទីនោះ ក៏កំពុងរៀបចំ​ឡើងផងដែរ»។ រុស្ស៊ីកំពុងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ គឺអង្គការ NASA។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែត​រុស្ស៊ី Soyuz MS-10 ដែលដឹកអវកាស​យានិក​ជើងចាស់មួយរូប​របស់​អង្គការ NASA និងពីឡុតម្នាក់ឡើងទៅកាន់ទីអវកាសនោះ បានជួបបញ្ហា​នៅពាក់កណ្តាលផ្លូវ​បន្ទាប់ពីបាន​បាញ់​​ចេញពីតំបន់ Baikonur Cosmosdrome នៃប្រទស​កាហ្សាក់ស្ថាន​បានតែប៉ុន្មាននាទី​​ប៉ុណ្ណោះ ប៉ុន្តែ​អវកាសយានិក​ខាងលើនេះ មិនមានគ្រោះ​ថ្នាក់ដល់​ជីវិត​​ឡើយ ខណៈ​ផែនការដ៏ធំនេះត្រូវបាន​ចាត់ទុកថា បរាជ័យ​ទាំងស្រុង។

បើតាមអង្គការ​អវកាសរុស្ស៊ី បរាជ័យនៃការបាញ់បង្ហោះ​ខាងលើនេះ គឺបង្កើតឡើង​ដោយ​ប្រព័ន្ធដំណើរការក្នុងគ្រាប់រ៉ុក្កែតមានបញ្ហា និងអាចដោយសារការដឹកលើស​ចំណុះផងដែរ។ គ្រាប់រ៉ុក្កែត​នេះមានផ្ទុក​អវកាសយានិក ដែលជិះនៅក្នុង​យន្តហោះអវកាស ហើយ​យន្តហោះអវកាស​នោះត្រូវបាន​គេរំពឹងថា នឹងចុះចតនៅតំបន់ណាមួយក្នុងប្រទេស​កាហ្សាក់ស្ថាន​វិញ ខណៈ​បញ្ហាបន្ថែមទៀតនោះ​​ គឺបណ្តាល​មកពីប្រព័ន្ធរុញច្រាន​រ៉ុក្កែត មិនអាចផ្តាច់​​ចេញពី​យន្តហោះ Soyuz Capsule បានទាន់​ពេល។

គួរបញ្ជាក់ថា លោក Alexey Ovchin អវកាសយានិក​ជើងចាស់របស់ NASA គឺអង្គុយនៅជិត​ពីឡុតយន្តហោះ និងជាវិស្វករ​ជំនាញម្នាក់មាន​ឈ្មោះថា Nick Hague បានគ្រោងធ្វើដំណើរ​​ទៅកាន់ស្ថានីយ​អវកាស​អន្តរជាតិ ISS។ ដោយសារតែ​​បញ្ហាគ្រាប់​រ៉ុក្កែត​ដូច្នេះអវកាសយានិក​លើនេះ មិនអាចឡើង​ទៅ​កាន់ស្ថានីយអវកាស​នោះ​ ទើបយានអវកាស Soyuz Space Capsule បានធ្វើការចុះចត​មកផែនដីវិញ និងមាន​សុវត្ថិភាព៕

ចែករំលែក