កែវយឺតអវកាសមួយទៀតហើយគឺ «ចាន់ត្រា» បានគាំងដំណើរការ ខណៈ​យាន​អវកាស Dawn នឹងស្លាប់ក្នុងខែនេះ…

0

 

(អាមេរិក)៖ កែវយឺតអវកាសមួយទៀត ដែលត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ១៩៩៩ នោះ​បានគាំងដំណើរការ និងលោតចូលមុខងារ Safe Mode កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះមក ដោយអង្គការ NASA បានព្យាយាមជួសជុលតាមរយៈ​ប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យវាអាចដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។

យោងតាម​ការ​បញ្ជាក់ព័ត៌មាន​ផ្លូវការ ពីក្រុមការងារគ្រប់គ្រង​កែវយឺតអវកាស ចាន់ត្រា (Chandra X-Ray Space Telescope) បានឲ្យដឹងថា «គ្រប់មុខងារទាំងអស់ និង​ឧបករណ៍នានានៅលើកែវយឺត ចាន់ត្រា បានដំណើរការឡើងវិញដោយសុវត្ថិភាពហើយ»។ បញ្ហានៃការគាំងដំណើរប៉ុន្មានលើកជាប់ៗគ្នាខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការអង្កេត ប៉ុន្តែក្រុមជំនាញអាចសន្និដ្ឋានបានខ្លះៗថា វាអាចត្រូវបានបង្កឡើងដោយ​ប្រព័ន្ធទប់លំនឹង និងបញ្ជាទិសដៅ (Gyroscopes) មានបញ្ហា។

កែវយឺត​អវកាស Chandra ត្រូវបានបាញ់បង្ហោះ​ដោយអង្គការ NASA កាលពី​ឆ្នាំ១៩៩៩ ដោយវាមានតួនាទី​ក្នុងការអង្កេត​ចក្រវាឡ ដើម្បីស្វែងរកពន្លឺ​ដ៏មានឥទ្ធិពលនានា ដែល​ជះចេញក្នុង​ទីអវកាស នឹងមកធ្វើដំណើរមក​កាន់ផែនដី តាមរយៈ​ប្រព័ន្ធ X-Ray ដែលមាន​បំពាក់លើតួកែវយឺត​អវកាសនោះ។ កែវយឺតនេះ​ហើយ គឺជាអ្នកសិក្សាអំពីដំណឹងអេលៀន​រហូតដល់​ទៅ ៧០ភាគរយ នៃដំណឹង​អេលៀនដែលយើងបានដឹងដល់សព្វថ្ងៃនេះ ប៉ុន្តែ​អ្នកតាមដានមួយចំនួន ប្រហែលជាមិនធ្លាប់ឮឈ្មោះវានោះឡើយ។

សម្រាប់ប្រព័ន្ធ Gyroscopes ដែលជួប​បញ្ហានោះ គឺជាប្រព័ន្ធ​សម្រាប់ទប់​លំនឹង និងធ្វើឲ្យកែវយឺតអាច​បញ្ជាប្តូរទិសដៅ​យ៉ាងត្រឹមត្រូវ។ ទោះបី​ជាយ៉ាងណាក៏ដោយ ពេលនេះ​កែវយឺត Chandra បានវិលទៅរកស្ថានភាពល្អ​ប្រសើរវិញហើយ ខណៈបញ្ហា Gyroscopes ដូចគ្នានេះ ក៏ធ្លាប់បានកើតមាន​ឡើងទៅលើកែវយឺត​អវកាស Hubble ផងដែរកាល​ពីសប្តាហ៍មុន ដែលបាននាំ​ឲ្យវាលោតទៅ​កាន់មុខងារ Safe Mode ដើម្បីរក្សា​សុវត្ថិភាព។

គួរបញ្ជាក់ថា ក្រៅពីផ្កាយរណប Hubble, Kepler និង Chandra ដែលមានបញ្ហា ព្រមទាំងមានសភាព​ចាស់ទ្រុឌទ្រោម​នេះ យានអវកាស Dawn របស់​អង្គការ NASA ដែលបាន​ទៅ​ដល់ភពបម្រុង Ceres និង Vesta នៅតំបន់​​ខ្សែក្រវ៉ាត់អាចម៍​ផ្កាយ​ចន្លោះ​ភព​ព្រហស្បតិ៍ និង​ភពអង្គារ ក៏ជិតអស់​ឥន្ធនៈ​​ទ្រទ្រង់វា​ផងដែរ ដោយយ៉ាងហោចណាស់ គឺវានឹងអស់អំឡុងខែតុលានេះ។ Dawn គឺជាយាន​​តែមួយគត់​ហោះទៅ​ពី​ផែនដី ដែលបាន​ឃើញ​ភពបម្រុង (ភពមិនគ្រប់​លក្ខណៈ) ទាំងពីរ និង​ធ្វើការសិក្សាអ្វីៗជាច្រើននៅ​ទីនោះ៕

ចែករំលែក