(ភ្នំពេញ)៖ ប្រិយមិត្តអ្នកតាមដានទាំងអស់គ្នាប្រាកដជាគិតថា ព្រះអាទិត្យពិតជាខ្លាំងក្លាលើសពីអ្វីដែលយើងបានដឹងពីមុនមក ហើយភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺគ្រាន់តែជាកូនៗដែលត្រូវព្រះអាទិត្យបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែវាមិនប្រាកដថា ព្រះអាទិត្យដែលមានទំហំធំជាងភពផែនដីដល់ទៅជាង ១.៣លានដងនេះ ខ្លាំងក្លាគ្រប់តែចំណុចនោះឡើយ។ ដូច្នេះបើយើងនិយាយពីដែនម៉ាញេទិចវិញ តើវត្ថុមួយណាក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលមានកម្លាំងម៉ាញេទិចខ្លាំងក្លាជាងគេបំផុតនោះ?
ជាការពិតតាមរយៈការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រ នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភពភាគច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យ សុទ្ធតែមានដែនម៉ាញេទិចរៀងៗខ្លួន គ្រាន់តែខ្លះខ្លាំង និងខ្លះទៀតខ្សោយប៉ុណ្ណោះ លើកលែងតែភពពុធ ដែលនៅកៀកព្រះអាទិត្យបំផុត និងគ្មានបរិយាកាស នោះវាមិនមានដែនម៉ាញេទិចដែលគួរឲ្យកត់សម្គាល់នោះឡើយ។
ដែនម៉ាញេទិច គឺមានលក្ខណៈខុសអំពីកម្លាំងទំនាញផែនដី ព្រោះដែនម៉ាញេទិច (Magneticfield) គឺសំដៅទៅលើអំណាចថាមពល (មិនអាចមើលឃើញ) ចេញពីស្នូលរបស់ផែនដី ជះទៅកាន់ទីអវកាសជុំវិញផែនដី។ ដែន ឬកម្លាំងម៉ាញេទិច មានអំណាចចំនួនពីរនោះគឺ ១. ស្រូបវត្ថុពីរឲ្យចូលគ្នា និង ២. ច្រានវត្ថុពីឲ្យចេញពីគ្នា។ ឥរិយាបទនៃដែនម៉ាញេទិច ក៏រងឥទ្ធិពលដោយចលនាប្រែប្រួល នៃថាមពលអេឡិចត្រុងនៅក្នុងវត្ថុនីមួយៗផងដែរ ប៉ុន្តែចំណុចនេះវាមិនមែនមានន័យ ដូចទៅនឹងដែនទំនាញ និងកម្លាំងទំនាញនោះឡើយ។
ដែនម៉ាញេទិចរបស់ភពផែនដី ពិតជាខ្លាំងក្លាមែនបើធៀបនឹងទំហំរបស់ផែនដី ប៉ុន្តែយើងប្រៀបធៀបទៅនឹងដែនម៉ាញេទិចនៃភពព្រហស្បតិ៍ សៅរ៍ អ៊ុយរ៉ាណុស និងណិបទូន ផែនដីពិតជាខ្សោយខ្លាំងណាស់ ប៉ុន្តែភាពចម្លែក និងអស្ចារ្យបំផុតមួយនោះ គឺដែនម៉ាញេទិចនៃភពព្រហស្បតិ៍ ដែលជាភពយក្សឧស្ម័នលេខ ១ ក្នុងចំណោមភពនៃប្រព័ន្ធព្រះអាទិត្យ និងជាវត្ថុដែលមានដែនម៉ាញេទិចខ្លាំងជាងព្រះអាទិត្យទៅទៀត នៅក្នុងប្រព័ន្ធទាំងមូល។
ហេតុអ្វីបានជាភពព្រហស្បតិ៍ខ្លាំងក្លាបែបនេះ? ភពព្រហស្បតិ៍មានទំហំតូចជាងព្រះអាទិត្យដោយមុខកាត់ព្រះអាទិត្យវែងជាភពព្រហស្បតិ៍ ១០ ដងឯណោះ។ ភពព្រហស្បតិ៍ពេលខ្លះមិនត្រូវបានចាត់ទុកជាភពនោះឡើយ តែវាត្រូវបានចាត់ទុកជាផ្កាយភ្លោះ ហើយបើវាមានចំហេះដូចព្រះអាទិត្យ នោះប្រព័ន្ធរបស់យើងនឹងក្លាយជាប្រព័ន្ធផ្កាយភ្លោះជាមិនខាន។ បន្ថែមពីនេះទៀតភពព្រហស្បិ៍មានស្នូលជាវត្ថុរឹង ដែលអាចមានទំហំធំជាងផែនដី ១០ ទៅ ២០ដងផងដែរ។
ជាងនេះទៅទៀត ការដែលភពព្រហស្បតិ៍វិលជុំវិញខ្លួនឯងក្នុងល្បឿនដ៏លឿន (៩.៨ម៉ោងក្នុងមួយថ្ងៃនៃពេលវេលាផែនដី) គឺជាកត្តាចម្បងដែលធ្វើកម្លាំងម៉ាញេទិច ដែលផលិតចេញពីស្នូលរបស់វា ខ្លាំងក្លាជាងព្រះអាទិត្យ ដោយវាអាចបំបែកអ្វីគ្រប់យ៉ាងទាំងអស់ដែលតំរង់ទៅកៀកខ្លួនវា ឧទាហរណ៍ដូចជាអាចម៍ផ្កាយ Shoemaker Levy 9 ដែលមានមុខកាត់រហូតដល់ ៤គីឡូម៉ែត្រ មួយដុំត្រូវបានកម្លាំងម៉ាញេទិចនៃភពព្រហស្បតិ៍ បំណែកទៅជា ២១បំណែក មុននឹងធ្លាក់ស្រោចលើភពព្រហស្បតិ៍កាលពីឆ្នាំ១៩៩៣។
ដូច្នេះវត្ថុដែលមានកម្លាំងម៉ាញេទិចខ្លាំងជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺភពព្រហស្បតិ៍។ ព្រះអាទិត្យមានកម្លាំងម៉ាញេទិចខ្លាំងជាងផែនដីតែ ១២,០០០ដងប៉ុណ្ណោះ ប៉ុន្តែភពព្រហស្បតិ៍វិញ គឺរហូតដល់ទៅ ២០,០០០ដង ខ្លាំងជាងផែនដីយើង (កម្លាំងម៉ាញេទិចផែនដី លាតសន្ធឹងក្នុងរយៈចម្ងាយជាង ៦០០,០០០គីឡូម៉ែត្រពីផែនដី)។ ទោះបីជាបែបនេះក្តី វិសាលភាពនៃកម្លាំងម៉ាញេទិចរបស់ព្រះអាទិត្យ នៅតែខ្លាំងជាងគេដដែល ដោយវាអាចអូសទាញភពទាំងឡាយ រួមទាំងភពព្រហស្បតិ៍ឲ្យគោចរជុំវិញខ្លួនវាបាននៅក្នុងគន្លងដ៏ត្រឹមត្រូវ៕ (ប្រភព: Wikipedia, Science Today, and Space.com)