រកឃើញ​ព្រះច័ន្ទយក្សមួយ ដែលទំហំ​ប៉ុនភពណិប​ទូន!

0

 

(អាមេរិក)៖ ការរកឃើញភស្តុតាង​នៃវត្តមានព្រះច័ន្ទធំមួយ នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ កំពុងផ្តល់ក្តីសង្ឃឹម​កាន់តែច្រើន​ដល់​អ្នក​វិទ្យា​សាស្រ្ត ដើម្បីឈានទៅដល់ការរកឃើញ​ព្រះច័ន្ទអាចទ្រទ្រង់ជីវិត ដូចក្នុងក្តី​ស្រមៃកន្លងមក ដែលនេះជាលទ្ធផលនៃការអង្កេតរបស់កែវយឺតអវកាស Kepler និង Hubble។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅរសៀល​ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

ថ្មីៗនេះ​ក្រុមអ្នកស្រាវជ្រាវ បានប្រកាស​ឲ្យដឹងថា ពួកគេបានប្រទះ​ឃើញភស្តុតាង​នៃព្រះច័ន្ទមួយ​ ទំហំប៉ុនភពណិបទូន ដែល​ធ្វើ​គោចរ​​ជុំវិញ​ភព​អេលៀន Kepler-1625b នៅចម្ងាយ​ប្រមាណជា ៧,០០០ឆ្នាំពន្លឺពីយើង ហើយព្រះច័ន្ទមានទំហំធំបែបនេះ ក៏ព្រោះ​តែភព​មេរបស់វា ក៏មានទំហំធំ​មហិមាផងដែរ។

យ៉ាងណាមិញ ព្រះច័ន្ទនេះ​នៅត្រូវការឲ្យអ្នកវិទ្យាសាស្ត្រ ធ្វើការ​ផ្ទៀត​ផ្ទាត់​​ឲ្យ​បាន​ច្បាស់សិន តាម​រយៈការ​​សង្កេត​​ជាបន្តបន្ទាប់ទៀត ហើយវាទំនងសម្បូរ​ទៅដោយឧស្ម័ន ដូច្នេះហើយ គឺមិនអំណោយ​​ផល​​ដើម្បី​ទ្រទ្រង់ដល់​ជីវិតឡើយ។ ​ប៉ុន្តែ​​អាចមាន​ព្រះច័ន្ទអេលៀន (Exomoon) ផ្សេងទៀត​ដែលអាចទ្រទ្រង់​ជីវិតបាន កំពុង​តែ​រង់​ចាំ​​ឲ្យ​ពួក​យើង​រកឃើញ​ពួកវានៅថ្ងៃអនាគត​ជាបន្តបន្ទាប់។

ជុំវិញរបកគំហើញ​ខាងលើ អ្នកវិទ្យាសាស្រ្ត​កាន់តែមានក្តីសង្ឃឹមថា ថ្ងៃណាមួយមនុស្ស​លោកយើង ប្រហែលជាអាច​រកឃើញ ​ព្រះច័ន្ទ ដែលមានលក្ខខណ្ឌ​បរិស្ថានស្រដៀងទៅ​នឹងផែនដី ដូចជា​ព្រះច័ន្ទ Pandora ឬក៏ Endor ដែលយើង​គ្រប់គ្នាធ្លាប់តែឃើញ​​នៅ​ក្នុង​ភាព​យន្ត​បែបស្រមើស្រមែជា​ដើមនោះ។

គួរបញ្ជាក់ថា ព្រះច័ន្ទដែល​អាចទ្រទ្រង់​ជីវិតបាន គឺសំដៅទៅលើ​ទីឋានដែលមានទំហំ​ប្រហាក់ប្រហែល​ហ្នឹងភពផែនដី និងមានបរិយាកាស​ដែលសមស្របបំផុត។ ទោះបីវាគោចរ​ជុំវិញភពធំមួយ​ក៏ដោយ តែប្រសិនបើវា​មានរង្វិលជុំ និងគន្លងគោចរ​​ត្រឹមត្រូវពីភពមេ​របស់វា​នោះ វាក៏អាចស្រូបពន្លឺ​ផ្កាយបានគ្រប់គ្រាន់ អំឡុងពេលវាធ្វើគោចរ​ជាចង្កោម​ជាមួយ​ភពមេ​នៅជុំវិញផ្កាយនោះ​ផងដែរ៕

ចែករំលែក