នេះជា​ទិដ្ឋភាព​កាឡាក់ស៊ី Milky Way ដែលជា​ជម្រករបស់​យើង និងបណ្តុំ​នៃពន្លឺដ៏ស្រស់​ស្អាត (រូបភាពខាងក្នុង)

0

 

(ឈីលី)៖ ទិដ្ឋភាពដ៏រំភើបអស្ចារ្យ​​នៃវត្តមានរបស់​កាឡាក់ស៊ី Milky Way ដែលពោរពេញទៅ​ដោយ​បណ្តុំពពកធូលី​ ក៏ដូចជាឧស្ម័ន​អវកាស រួមទាំង​កញ្ចុំផ្កាយ​ភ្លឺចែងចាំងរាប់ពាន់លានដួង បានបង្ហាញខ្លួនលើផ្ទៃមេឃ​នាពេលរាត្រី នៅពីលើមជ្ឈមណ្ឌល​តាមដានលំហអវកាស ALMA ដែលស្ថិត​នៅភាគខាងជើង​ប្រទេស​ឈីលី។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅរសៀលថ្ងៃ​អង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

ក្នុងរូបភាព​នៃទិដ្ឋភាពខាងលើ ក៏មានវត្តមាន​ពន្លឺ​ពណ៌សព្រឿងៗ​ម៉្យាង ដែលគេហៅថា Zodiacal Light ផងដែរ។ ពន្លឺ Zodiacal Light បានបង្ហាញខ្លួន​នៅពីខាងក្រោម​ចានអង់តែន DV-21 នៃ​មជ្ឈមណ្ឌល ALMA នៅក្នុងរូបភាព​នោះ ហើយបាតុភូត​ពន្លឺនេះ កកើត​ឡើង​ចេញពីការរាយប៉ាយ​នៃពន្លឺព្រះអាទិត្យ ចាំទៅលើ​ធូលីអវកាស។

គួរជម្រាបថា មជ្ឈមណ្ឌល ALMA ផ្សំឡើងពីចាន​អង់តែនសរុប​ ៦៦គ្រឿង នៅលើវាល​ខ្សាច់ Atacama នៃប្រទេស​ឈីលី ហើយវា​គ​ជាកែវយឺតដ៏​មានអានុភាពបំផុត​នៅលើផែនដី សម្រាប់ការ​សង្កេតទៅលើធូលី​ និងឧស្ម័នម៉ូលេគុលក្នុងចក្រវាឡ ហើយ​ភពអេលៀន និងប្រព័ន្ធព្រះអាទិត្យក៏ស្ថិតនៅ​ក្នុងមុខព្រួញ នៃការតាមដាន​របស់វាផងដែរ។

ALMA ត្រូវបាន​រចនាឡើង ដើម្បីសិក្សា​ទៅលើ ​កញ្ចុំផ្កាយ ប្រព័ន្ធភព កាឡាក់ស៊ី ព្រមទាំងទម្រង់ជីវិត ដើម្បីជួយអ្នកវិទ្យាសាស្រ្ត​​បកស្រាយសំណួរ​​ស៉ីជម្រៅមួយចំនួន ទាក់ទិននឹងដើម​​កំណើតរបស់ចក្រវាឡ។ ការជ្រើសរើសយក​ទីតាំងខាងលើ​នៅក្នុង​ប្រទេសឈីលីនោះ ក៏ព្រោះ​តែតំបន់នោះ មានអាកាសធាតុ​អំណោយ និងមេឃ​ស្រឡះល្អ​បំផុតជាងទីណាៗ​លើភពផែនដី ដែលអាចឲ្យ​កែវយឺត​បញ្ចេញ​សមត្ថភាព​ដ៏អស្ចារ្យ៕

ចែករំលែក