ទីបំផុតចិន​ដាក់ឈ្មោះ​ឲ្យអាចម៍ផ្កាយ​មួយ តាមឈ្មោះ​ស្ថាបនិក​តេឡេស្កូ​យក្ស FAST ដែលបាន​ទទួល​មរណភាព

0

 

(ប៉េកាំង)៖ អាចម៍ផ្កាយមួយត្រូវ​បានដាក់ឈ្មោះថា Nan Rendong ដែលជាស្ថាបនិក​បង្កើតតេឡេស្កូបយក្ស FAST នៅក្នុងប្រទេសចិន ដែលមានមុខកាត់ ៥០០ម៉ែត្រនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

អាចម៍ផ្កាយ Nanrendong គឺមាន​លេខកូដ 79694 ត្រូវបានរកឃើញ​កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៨ ដោយក្រុមតារាវិទូ ជាមួយនឹងកម្មវិធី​អង្កេតអាចម៍ផ្កាយ Beijing Schmidt CCD ស្ថិតនៅក្នុង​មន្ទីរអង្កេត Xinglong នៃភាគខាងជើង​​ប្រទេសចិន។ ការដាក់ឈ្មោះ​ត្រូវបានធ្វើឡើង​ជាផ្លូវការ នៅក្នុងកម្មវិធីនៃ​មន្ទីរអង្កេតតារាសាស្ត្រជាតិចិន នៅក្នុង​ខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន។

ដោយរូបសំណាក​របស់លោក Nan ក៏ត្រូវបាន​បង្ហាញនៅក្នុងការ​​ប្រារព្ធពិធី​​ដាក់ឈ្មោះ​ ឲ្យអាចម៍ផ្កាយ​​ខាងលើ​​នេះដែរ។ សម្រាប់តេឡេស្កូប​ប្រើរលក​វិទ្យុសកម្ម FAST ខាងលើនេះ​​វិញ គឺត្រូវបានដាក់ឲ្យ​ដំណើរការនៅ​ឆ្នាំ២០១៦ ចំពេល​ប្រារព្ធខួប ២០ឆ្នាំ នៃការរក​ឃើញ​អាចម៍ផ្កាយ ទើបត្រូវបាន​​ដាក់ឈ្មោះ​ឲ្យថា Nanrendong នោះ​ផងដែរ។

បន្ថែមពីនេះ​ទៀតលោក Nan គឺជាស្ថាបនិក​មួយរូប ដែលធ្លាប់បម្រើ​ការងារជាប្រធាន​ក្រុមអ្នកវិទ្យាសាស្ត្រ​​ក្នុងការជ្រើសរើស​​ទីតាំងសម្រាប់តម្លើង និងកសាង FAST តាំងពីឆ្នាំ១៩៩៤​មក។ លោកបានប្តេជ្ញា​កសាងតេឡេស្កូប​ប្រើរលកសញ្ញា ដែលធំជាងគេ​បំផុតនៅលើ​ភពផែនដី ដើម្បីចាប់យករលក​សំឡេងពីទីអវកាស​ឆ្ងាយ និង​ជា​តេឡេស្កូប​ដែលមានសមត្ថភាព​បកស្រាយសារ ដែលបញ្ជូន​មកពីទីអវកាស​ផងដែរ។

គួរបញ្ជាក់ថា លោកបាន​ចំណាយពេល ២២ឆ្នាំទៅលើគំរោង​ទាំងមូល និងបានទទួល​មរណភាព​ដោយជំងឺមហារីកកាល​ពីឆ្នាំ២០១៧ ក្នុងជន្មាយុ ៧២ឆ្នាំ។ ការដាក់ឈ្មោះ​ឲ្យអាចម៍ផ្កាយ​ដែលមាន​លេខកូដ 79694 ថា Nanrendong គឺដើម្បីរំលឹក​ដល់លោក Nan Rendong ដែលបាន​ចំណាយពេលស្ទើរ​កន្លះជីវិត ដើម្បីអភិវឌ្ឍន៍វិស័យ​តារាសាស្ត្ររបស់ចិន៕ (មិនទាន់​ការបញ្ជាក់ទំហំ​អាចម៍ផ្កាយ និងទីតាំង​ច្បាស់លាស់ទេ)

ចែករំលែក