សំនួរក្តៅៗ៖ តើចក្រវាឡ​យើងនេះនៅ​រីកធំបន្តទៀត ឬក៏អាចរួមតូច​មកវិញ?

0

 

(អាមេរិក)៖ តើយើងទាំងអស់គ្នា​មានធ្លាប់ឆ្ងល់​ទេថា តើចក្រវាឡនឹង​បន្តពង្រីកខ្លួនជា​រៀងរហូត ឬក៏នៅថ្ងៃណាមួយ​នឹងរួមខ្លួន​មកវិញ​ក្លាយទៅជាចំណុច​តូចមួយប៉ុណ្ណោះ។ សិក្សាមួយចេញ​ផ្សាយកាលពីខែមិថុនា​កន្លងទៅ បានលើកឡើងថា ការបន្តពង្រីកខ្លួន​​ជា​រៀង​រហូត​របស់​​ចក្រ​វាឡ គឺមិនអាច​ទៅរួច​ឡើយ។

ប៉ុន្តែបើតាម​ការសិក្សាថ្មីមួយ​កាលពីដើមខែនេះវិញ បានបង្ហាញពី​​ភាព​ចន្លោះ​ប្រហោង​ក្នុង​លទ្ធ​ផល​​សិក្សា​នោះ ដែលមាន​ន័យថា ការដែលចក្រវាឡ​អាចវាទទីលាតសន្ធឹង​ទៅមុខរហូតនោះ ពុំទាន់និយាយបាន​ទាំងស្រុង​មិនអាចទៅរួច​នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីវែបសាយ Space.com នៅព្រឹក​ថ្ងៃ​ពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ចក្រវាឡរបស់​យើង​ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ពោរពេញទៅដោយ​កម្លាំង​ធំធេងម៉្យាង ដែលមើលមិន​ឃើញ និង​ទំនងជាមាន​លក្ខណៈ​​ប្រឆាំង​នឹង​​កម្លាំង​​ទំនាញ ដែលគេហៅថា ថាមពល​ងងឹត ឬ Dark Energy ហើយកម្លាំង​អាថ៌កំបាំងនេះ ហាក់ដូចជាកំពុង​រុញច្រានចក្រវាឡ​របស់យើងឲ្យរីកទំហំធំឡើងៗជាលំដាប់។

ប៉ុន្តែកាលពីខែ​មិថុនាកន្លងទៅ អ្នកវិទ្យាសាស្រ្ត​មួយក្រុម​បានចេញរបាយការណ៍​សិក្សាមួយ ដែលលើក​ឡើងថា ថាមពល Dark Energy គឺមានការប្រែប្រួល​របស់វា ដែលមាន​ន័យថា ចក្រវាឡនឹងមិនរីកខ្លួ​នជារៀងរហូតឡើយ​ ប៉ុន្តែនាថ្ងៃណា​មួយនោះនឹងរួមមាឌមកវិញ​នៅត្រឹមទំហំជា​ចំណុចតូចមួយ ដូចមុនពេលដែល​មហាព្រឹត្តិការណ៍​បន្ទុះ Big Bang កាលពី ១៣.៧ពាន់លានឆ្នាំ កើតឡើងដូច្នោះឯង។

យ៉ាងណាមិញ ក្រុមរូបវិទូដទៃទៀត​បានរកឃើញមាន​បញ្ហាជាច្រើននៅក្នុង​ទឹ្រស្តីខាងលើ ហើយស្នើឲ្យមានការគិតគូរឡើងវិញ​​ ចំពោះការសន្និដ្ឋាន​បែបនេះ។ រហូតមកដល់​ដើមខែតុលា ការសិក្សាថ្មីមួយ​បានលើក​ឡើងថា ទឹ្រស្តីដែលរក​ឃើញកាលពីខែ​មិថុនា​ គឺមិនអាច​នោះទេ ដោយសារតេវា​មិនអាចពន្យល់បកស្រាយ​ ពី​ភាគល្អិតម៉្យាង​ដែលគេហៅថា Higgs Boson បាន ព្រោះថាអ្នកវិទ្យា​សាស្រ្ត​ដឹងយ៉ាងប្រាកដ​ថា ភាគល្អិតនេះ​មានមែន តាមរយៈម៉ាស៊ីន​ដែលមានសមត្ថភាពអាចចាប់យកភាគល្អិត​ដ៏មានអានុភាពមួយ នៅព្រំដែន​​បារាំង​ និងស្វីស៕

ចែករំលែក