អាចទៅរួចទេ? ប្រទេសចិនចង់បង្ហោះព្រះច័ន្ទសិប្បនិម្មិត ដើម្បីបំភ្លឺផ្លូវពេលរាត្រី?

0

 

(ប៉េកាំង)៖ ចិនកំពុងគ្រោង​នឹងបាញ់បង្ហោះ​ព្រះច័ន្ទសិប្បនិម្មិតមួយឡើង ទៅកាន់ទីអវកាស​នៅឆ្នាំ២០២០ ក្រោម​គោលបំណង​យកវា​​ធ្វើជាប្រភពផ្តល់​ពន្លឺជំនួសឲ្យបង្គោលភ្លើង​នៅតាមផ្លូវ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីវែបសាយអង់គ្លេស Express នៅ​រសៀល​ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

បើតាមនាយក​វិទ្យាស្ថានស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យា​ និងវិទ្យាសាស្រ្ត​ផ្នែកអវកាសចិន CASC លោក វូ ឈុនហ្វេង (Wu Chunfeng) គឺនៅ​សល់​​តែ​ពីរ​ឆ្នាំ​​ទៀត​ប៉ុណ្ណោះ ចិននឹងបញ្ជូន​ផ្កាយរណបសម្រាប់​ធ្វើជាប្រភពពន្លឺមួយ​គ្រឿង ឡើងទៅកាន់​ទីអវកាស។ ឧបករណ៍​​ដែល​ប្រៀប​ដូច​ជា​​ព្រះច័ន្ទ​សិប្ប​និម្មិត​​នេះ ត្រូវបាន​​រចនាឡើង​ដើម្បីបំភ្លឺ​ដល់តំបន់មានមុខ​កាត់ទំហំពី ១០គីឡូម៉ែត្រ ទៅ ​៨០គីឡូម៉ែត្រ ដោយវា​​នឹង​​ដើរ​​តួនាទី​ជា​ប្រភព​ពន្លឺ​​បន្ទាប់​បន្សំ​​ បន្ថែមពីលើ​​រស្មី​របស់​ព្រះច័ន្ទ​នា​​ពេល​រាត្រី​។

ថាមពលបំភ្លឺផែនដី​របស់ផ្កាយរណប​ខាងលើ នឹងមានកម្រិត​ខ្លាំងជាងពន្លឺដែលជះ​មកពីព្រះច័ន្ទ​​​ពិត ​ដល់ទៅ ០៨ដងឯណោះ ដែល​វា​គ្រប់គ្រាន់ដើម្បី​ជំនួយពន្លឺបង្គោលភ្លើង​នៅតាមដងផ្លូវបាន ខណៈព្រះច័ន្ទ​សិប្បនិម្មិតនោះ នឹងបញ្ចេញពីលើពន្លឺរបស់វា​ទៅលើទីក្រុង Chengdu ដែលស្ថិតនៅភាគនិរតី​ប្រទេសចិន ដោយសារតែទីនោះ​ពន្លឺអគ្គិសនីបំភ្លឺផ្លូវនៅពេលរាត្រី គឺមានការខ្វះខាត។

សម្រាប់​គំនិតនៃការ​បង្កើតព្រះច័ន្ទសិប្បនិម្មិតនេះ បានមកពីវិចិត្រករ​ជនជាតិបារាំងម្នាក់ ដែលបានស្រមើស្រមៃ​​ពីការ​ព្យួរ​កញ្ចក់​មួយខ្សែនៅ​លើផែនដី ដើម្បី​ឲ្យចាំង​ផ្លាតពន្លឺព្រះអាទិត្យ​ មកលើដងផ្លូវក្នុង​ទីក្រុងប៉ារីស​ពេញមួយឆ្នាំៗ។ ទោះបីជា​បែបនេះក្តី ការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន ក៏ត្រូវបានធ្វើឡើងផងដែរ រួមជាមួយ​នឹងការចំណាយ ដែលពេលខ្លះគឺ​អាចលើសការចំណាយបំពាក់​អគ្គិសនីតាមដង​ផ្លូវទៀត៕

ចែករំលែក