ធ្លាប់គិតថា​ផែនដីជាចំណុចកណ្តាល​នៃអ្វីៗទាំងអស់ទេ? តើធ្លាប់គិតថាផែនដីធំជាង​ព្រះអាទិត្យដែរឬទេ?

0

 

(ភ្នំពេញ)៖ ខ្ញុំចាំបានកាលខ្ញុំរៀនថ្នាក់ទី ៩ នៅឆ្នាំ២០០២-២០០៣ នាសាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ ដោយ​កាល​ណោះ​ខ្ញុំ​បាន​ប្រកែក​ឡើង​តឹងសសៃក​ជាមួយ​សិស្សស្រីម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំ ហើយនាងតែងតែរៀនបានលេខ១ទៀត។ កាលណោះ​ខ្ញុំបានប្រាប់​នាងថា ព្រះអាទិត្យធំ​ជាងផែនដី តែនាងបាននិយាយ​ប្រកែកមកវិញថា «ហ្ហែងមើល​ម៉េចឃើញ​ព្រះអាទិត្យធំ​ជាងផែនដី? មិនឃើញ​ទេអី នៅលើមេឃ​តូចមួយហ្នឹង! វាគ្មានទៅធំជាង​ផែនដី​ឯណាកើតទេ…»។

ជាការពិតខ្ញុំទុកចិត្ត និងជឿជាក់លើការគិតរបស់ខ្ញុំ ព្រោះខ្ញុំបានអាចសៀវភៅមួយ​​ដែល និយាយ​ចំ​ចំណុច​ដែល​ព្រះអាទិត្យ​ធំ​ជាង​ផែន​ដី​រាប់​លាន​ដង ប៉ុន្តែតើឲ្យខ្ញុំពន្យល់នាង​បែបណា​ បើគ្រាន់តែថាព្រះអាទិត្យធំជាងផែនដី ក៏នាងប្រកែកដាច់ខាតថា នាង​មិន​ជឿ​ផង ចុះទម្រាំ​តែខ្ញុំប្រាប់ថា ព្រះអាទិត្យធំជាងផែនដីរហូតដល់រាប់លានដងទៀតនោះ សិស្សស្រីលេខ១ប្រចាំថ្នាក់រូបនេះ ប្រាកដ​ជា​គិតថាខ្ញុំឆ្កួតជាមិនខាន។ ខ្ញុំក៏ធ្លាប់ឃើញ​រូបភាពពីបុរាណដែលបង្ហាញ ផែនដីជាចំណុចកណ្តាលនៃចក្រវាឡផងដែរ។

ខ្ញុំនិយាយពីប្រវត្តិនេះ មិនមែនចង់មើលងាយ ឬសើចចំអកចំពោះមិត្តភក្តិខ្ញុំខាងលើនេះឡើយ ប៉ុន្តែបងប្អូនដែលរៀនមុនខ្ញុំឬជំនាន់​ដូច​ខ្ញុំ​លើសខ្វះឆ្នាំគ្នាប៉ុន្មានឆ្នាំ ពិតជាយល់អំពី​រឿងនេះ (សម្រាប់អ្នកស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ ភូមិវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា និង​ផែនដីវិទ្យា) ព្រោះពួកគេអាចផ្សាភ្ជាប់បានច្រើនទៅនឹងបរិស្ថាន ធម្មជាតិ និងការប្រែប្រួលនៃអ្វីៗជុំវិញខ្លួន​យើងទាំងអស់។ ជា​ការ​ពិត​ការ​សិក្សា​កាល​ណោះ អាចថាត្រឹមតែអានទន្ទិញមេរៀន ទ្រឹស្តី​ចម្លែកៗ និងទស្សនារូបភាពស-ខ្មៅប៉ុណ្ណោះ ឬត្រឹម​ឃើញ​ក្រប​សៀវ​ភៅ ដែលលោកគ្រូ​អ្នកគ្រូ​ខ្លះ​លោកមិនបានពន្យល់លម្អិតនោះឡើយ។

ដូច្នេះងាកមកកាន់មិត្តខ្ញុំវិញ មិនមែនមានន័យថា នាងមិនសមជាប់លេខ១ នៅក្នុងថ្នាក់នោះទេ ប៉ុន្តែនាង​ពូកែ​ត្រង់​មុខ​វិជ្ជា​ដែល​រដ្ឋ​លើក​ស្ទួយ​ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាខ្មែរ​ជាដើម ហេតុដូច្នេះទើបនាងក៏ដូចជា​សិស្ស​មួយ​ភាគ​ធំ​ទៀត​ដែល​ខ្ញុំហ៊ាន​ថា គឺមិនបាន​ចាប់អារម្មណ៍រឿងនេះឡើយ ដោយសារតែវាមិនបានពិន្ទុច្រើនឬអាចថា ពួកគេនៅក្មេង​ជ្រុល​ពេក​ក្នុង​ការ​ស្វែង​យល់។

ខ្ញុំមិនដែលតវ៉ា ឬតាមពន្យល់រកខុសត្រូវនោះឡើយពី​អ្នក​ដែលមិនយល់ ប៉ុន្តែក្នុងចិត្តនៅតែឆ្ងល់និងស្វែងរកចម្លើយជានិច្ចថា តើ​អ្វី​ទៅ​ភ្លឺៗ​​នៅ​លើ​មេឃ​ពេលយប់? តើហេតុអ្វីមានយប់និងថ្ងៃ? ហេតុអ្វីនៅ​តំបន់ប៉ូលត្រជាក់? ហេតុអ្វីបានជាផែនដីវិល? និងជាពិសេស​គឺសំនួរថា បើមនុស្សយើង​មានលទ្ធភាពរុលចូល​ទៅទីអវកាស តើយើងនឹង​ឃើញ​អ្វីទៅ ឬមានរនាំងខណ្ឌ​យើង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ ឬទេ? សំនួរជាច្រើនទៀត ត្រូវបានបកស្រាយ​ ប៉ុន្តែចំណេះដឹងថ្មីៗបំផុត គឺជាការជម្រុញឲ្យខ្ញុំបង្កើត Cambo Space ឡើង​នៅ​ឆ្នាំ២០១៥។

ចំណេះដឹងទាំងអស់នោះ គឺទាក់ទងនឹងការរុករកភពអេលៀន ប្រហោងខ្មៅ ការបាញ់​បង្ហោះ​យាន​ស្រាវ​ជ្រាវ​ទីកន្លែង​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ជាពិសេសគឺភពអង្គារ និងការ​ប្រកួតប្រជែងគ្នាពីសំណាក់បណ្តាប្រទេស ដែលមានសក្តានុពល ឬយើង​អាច​និយាយ​បាន​​ថា ជាមហាអំណាចអវកាស។ ខ្ញុំខ្លួនឯងរំភើប ខ្ញុំខ្លួនឯងទើបតែបានដឹង ហើយខ្ញុំខ្លួន​ឯងជាអ្នកចង់​បង្កើត​ស្ថាប័ន​ដ៏​តូច​មួយ​នេះ​ឡើង ដើម្បីឲ្យគ្រប់គ្នាបានដឹង ​និងសិក្សាជាមួយខ្ញុំដែរ ព្រោះខ្ញុំក៏កំពុងស្រាវជ្រាវដូចគ្នា។

សរុបសេចក្តីមកសំនួរកាលពីនៅក្មេងៗ ឬចម្លើយដែលខ្ញុំទទួលបានទាំងពិត និងមិនពិតពីអ្នក​ដែលត្រូវបានខ្ញុំសួរ គឺខ្ញុំស្ទើរតែភ្លេច​អស់​ទៅ​ហើយ ប៉ុន្តែអ្វីដែលខ្ញុំចាំ គឺជាអ្វីដែលខ្ញុំបានព្យាយាមបកប្រែ ស្រាវជ្រាវ សិក្សា និងចែករំលែងបងប្អូនរយៈពេល៣ឆ្នាំ​មក​នេះ។ វាមិនអស្ចារ្យអ្វីឡើយ ប៉ុន្តែដោយសារ​តែតម្លៃ​ដែលបងប្អូនផ្តល់ឲ្យ ពាក្យសរសើរចេញពីចិត្តបងប្អូន និងការចង់ដឹងបន្ថែម​របស់ខ្លួន​ខ្ញុំផ្ទាល់ ចំណេះដឹងដែលប្រទេសជឿនលឿនគេដឹង និងផ្តល់តម្លៃបំផុតនេះ ជនជាតិខ្មែរដ៏ក្រីក្រ ​ក៏អាច​ដឹង​ទាន់​សម័យ​កាល​ដូច​គេ​ដែរ៕

ចែករំលែក