អាមេរិកព្រមាន៖ ចិនគ្រោងប្រើផ្កាយរណប និងយាន​នៅឋាន​ព្រះច័ន្ទ ដើម្បី​វាយប្រហារ​ឧបករណ៍​អវកាស​អាមេរិក!

0

 

(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់​ម្នាក់នៅកងទ័ពអាកាស​អាមេរិក បានបង្ហាញពីក្តី​ព្រួយបារម្ភថា យានរុករក និងផ្កាយរណបទំនាក់ទំនង​​​ក្នុងបេសកកម្មស្រាវជ្រាវ​នៅឋានព្រះច័ន្ទរបស់ចិន អាចនឹងត្រូវ​ប្រើប្រាស់ធ្វើជា​សព្វាវុធ ដើម្បីវាយប្រហារ​កម្ទេច​បណ្តាញ​ឧបករណ៍​របស់សហរដ្ឋអាមេរិក​នៅក្នុងទីអវកាសនា​ថ្ងៃណាមួយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ពិភពលោកបាន​សង្កេតឃើញថា ទីភ្នាក់ងារអវកាស​ចិន CNSA បានបង្កើនសន្ទុះ​​កម្មវិធីរុករកឋានព្រះច័ន្ទ​​​​យ៉ាងស្វាហាប់ ហើយការជំហាន​ដ៏វែងមួយនោះ គឺត្រូវបានធ្វើឡើងកាល​ពីឧសភាកន្លងទៅ នៅពេលដែល​​ប្រទេសចិន​បានបញ្ជូន​ផ្កាយរណបមួយ​គ្រឿងឈ្មោះ ខេកៅ (Queqiao) ឲ្យទៅកាន់​ទីអវកាស នៅក្បែរផ្នែក​ខាងទៀត​របស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី។

ទីភ្នាក់ងារ CNSA បាន​បញ្ជាក់ថា ផ្កាយរណប​ខាងលើ​នឹងត្រូវប្រើប្រាស់​ជាឧបករណ៍សម្រាប់បញ្ជូនសញ្ញា និងទិន្នន័យបន្ត ដើម្បី​ជួយ​សម្របសម្រួល​ដល់ការទំនាក់ទំនង​រវាងផែនដី និងយានរុករក​នៅលើផ្ទៃនៃតំបន់​របស់ព្រះច័ន្ទ ដែល​គេហៅថា The Dark Side ឬ Far Side of the Moon។

ជុំវិញ​បេសកកម្មនេះ លោក ចេហ្វ ហ្គោស្សេល (Jeff Gossel) ដែលជាមន្រ្តីវិស្វករជាន់ខ្ពស់នៃកងទ័ពអាកាសអាមេរិក បានលើកឡើងថា ទីតាំង​យ៉ាង​ពិសេសរបស់ផ្កាយរណប Queqiao ដែលស្ថិតនៅចំណុច ឡេក្រេនកៀន ២ (Lagrangian-2 ឬ L2 ​ចម្ងាយ​២៧៩,៦០០គីឡូម៉ែត្រពីភពរបស់យើង) នៃប្រព័ន្ធ​ព្រះច័ន្ទ-ផែនដីនោះ អាចជាផ្នែកគន្លឹះនៃ​យុទ្ធនាការ​ធ្វើសង្រ្គាម​ក្នុងទីអវកាស​របស់ចិន ប្រឆាំងនឹង​​បណ្តាញផ្កាយរណប​របស់​សហរដ្ឋអាមេរិក។

គួរជម្រាបថា បើតាមការ​បញ្ជាក់ពីចិន ទីតាំងខាងលើនឹងក្លាយ​ចំណុចយ៉ាងសំខាន់ សម្រាប់ការសម្រប​សម្រួលដល់​បេសកកម្ម ​​នៅ​ឋានព្រះច័ន្ទយ៉ាង​តិចចំនួន ០៤ ដែលត្រូវ​បានគ្រោងទុក។ ជាដំបូងយាន​រុករកឈ្មោះថា ឆាងអឺ ៤ (Chang’e-4) នឹងធ្វើដំណើរ​ទៅកាន់​តំបន់ Far Side របស់ព្រះច័ន្ទនៅមុនដំណាច់ឆ្នាំនេះ ហើយបេសកកម្ម ០២ទៀត នឹងធ្វើឡើងនៅប៉ូល​ទាំងពីររបស់​ព្រះច័ន្ទ ខណៈចុងក្រោយ​​​​គឺជាការបញ្ជូន​មនុស្សឡើងទៅ​កាន់ព្រះច័ន្ទ។

យ៉ាងណាមិញ ខណៈដែលអាមេរិក​កំពុងមាន​ការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់​ទីតាំងពិសេសខាងលើ ដើម្បីឆ្មក់វាយប្រហារ​លើបណ្តាញផ្កាយ​រណបទំនាក់ទំនង និងស៉ើបការណ៍របស់ខ្លួននោះ សហរដ្ឋអាមេរិក​ខ្លួនឯង ក៏ធ្លាប់បានបញ្ជូន​ផ្កាយរណប ​០២គ្រឿង ​រួចស្រេចទៅហើយទៅកាន់ចំណុច L2 នៃប្រព័ន្ធ​ព្រះច័ន្ទ-ផែនដី​ផងដែរ៕

ចែករំលែក