ទីអវសាននៃកែវយឺតអវកាស Kepler ជិតមកដល់ហើយ! ពេលនេះ​​វានៅទ្រឹង​មួយ​កន្លែង​ដោយ​​ងាកខ្លួន​លែងបាន​ទៀត​ហើយ…

0

 

(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងថា​ ទីអវសានរបស់​កែវយឺត​អវកាស Kepler កាន់តែជិត​ដល់មែនហើយ ខណៈជីវិត​របស់វាអាច​នឹងត្រូវបញ្ចប់​ភ្លាមៗ និងពុំមានការ​ប្រាប់ឲ្យដឹងជាមុន​នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីវែបសាយ Science Magazine នៅព្រឹក​ថ្ងៃ​សុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

បច្ចុប្បន្ននេះ​ដោយសារឧបករណ៍តម្រង់ទិស​មួយចំនួន​របស់ Kepler បានខូចទៅ​ហើយនោះ កែវយឺតអវកាសនេះ កំពុងក្រឡេកទៅ​លើតំបន់​ផ្ទៃមេឃ​មួយ​កន្លែង ដែលមានផ្ទុកផ្កាយ​ប្រហែល ១៥០,០០០ដួង ដោយពុំអាចងាក​កាណុងកែវយឺតហើយ​ឆ្លុះទៅទីតាំងផ្សេង​ទៀត​បានឡើយ ដោយនេះ​គឺជាសមត្ថភាព​ចុងក្រោយ​​ដែលវាអាចធ្វើបាន មុននឹងរលត់ម៉ាស៊ីនជាផ្លូវការ។

មុនពេលមាន​កែវយឺតអវកាស Kepler តារាវិទូបានរកឃើញ​ភពអេលៀននៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ (Exoplanet) តែប៉ុន្មាន​រយភព​ប៉ុណ្ណោះ ដែលភាគច្រើនជា​ភពឧស្ម័នយក្ស ស្ថិតនៅយ៉ាងកៀក​ជាមួយផ្កាយមេ​របស់ពួកវា តាមរយៈកែវយឺត និងតេឡេស្កូប​ធំៗនៅលើភព​ផែនដីផ្ទាល់​តែម្តង ប៉ុន្តែក្រោយពី Kepler ហោះទៅកាន់​ផ្ទៃមេឃ មនុស្សនៅលើ​ផែនដីពិតជាបាន​ភ្លឺភ្នែក និងរីករាយ​ទទួលយកវត្តមាន​ភពថ្មីៗ​ជាច្រើន​ទៀត។

គួរជម្រាបថា កែវយឺតអវកាស Kepler ដែលមានតម្លៃ ៦៩២លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះ​ឡើងទីអវកាសកាលពីឆ្នាំ២០០៩ ហើយគិត​មក​ទល់​​ពេល​នេះ​វា​បានរកឃើញ Exoplanet ជិត ៦,០០០ភព ដោយក្នុង​នោះ​ ២,៦៥០ភព ត្រូវបានគេ​ផ្ទៀតផ្ទាត់ថា ពិតជាភព​អេលៀនមែន ដែលអាចមានលទ្ធភាពទ្រទ្រង់​ជីវិត​ដោយសារតែគន្លងគោចររបស់វា ស្ថិតនៅក្នុងតំបន់អំណោយផល (Habitable Zone) ដែលដូចនឹង​លក្ខណៈនៃគន្លងគោចរ​រវាងភពផែនដី និង​ព្រះអាទិត្យយើងដែរ​។​

យ៉ាងណាមិញ ទោះបីជាបេសកកម្ម Kepler នឹងត្រូវបញ្ចប់នាពេលឆាប់ៗក៏ដោយ កែវយឺតអវកាសមួយផ្សេង​ឈ្មោះថា TESS ដែល​បាញ់បង្ហោះកាលពីខែមេសា ដើម្បីស្វែងរក Exoplanet នោះ​បានរកឃើញភព​អេលៀនចំនួន ០២ រួចស្រេចទៅហើយ។ ដោយឡែកសម្រាប់សំនួរដែរថា តើយើង​អាចទាញយកសាក​សពរបស់ Kepler ត្រឡប់មក​ផែនដីវិញ ឬក៏អត់នោះ គឺមិនទាន់​មានការបញ្ជាក់​ឡើយ៕

 

ចែករំលែក