ប្រទេសវៀតណាម​នឹងមានផ្កាយរណប​ថែមមួយ​គ្រឿងទៀត ក្រោយកិច្ច​សហការផលិត​ជាមួយ​ប្រទេសជប៉ុន!

0

 

(ហាណូយ)៖ ក្រុមវិស្វករ​វៀតណាម និងជប៉ុនកំពុងចាប់ដៃ​គ្នា សាងសង់ផ្កាយរណប​មួយគ្រឿង ដែលនឹងជួយ​ដល់កិច្ចប្រឹងប្រែង​​ទប់​ស្កាត់​គ្រោះមហន្តរាយធម្មជាតិ​​នៃប្រទេស​វៀតណាម។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី VN Express នៅរសៀល​ថ្ងៃសុក្រ ទី​១៩ ខែតុលា ឆ្នាំ២០១៨។

វៀតណាម និងជប៉ុន​បានចាប់ផ្តើមដំណាក់កាល​រៀបចំនៅឯប្រទេស​ជប៉ុន ដើម្បីត្រៀមផលិត​ផ្កាយរណប LOTUSat-1 ​ក្រោម​ក្រប​ខណ្ឌនៃគម្រោង​ទប់ស្កាត់គ្រោះមហន្តរាយ​ធម្មជាតិ និងបម្រែបម្រួល​អាកាស​របស់​មជ្ឈមណ្ឌល​អវកាសជាតិ​វៀតណាម VNSC។ ​ផ្កាយ​រណប​នេះ នឹងប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាបែប Sensor (ប្រព័ន្ធជះរលកសញ្ញា) ដែលប្រើរលកវិទ្យុ (Radio Wave) ដើម្បីតាមដាន​ភពផែនដី។

តាមរយៈការ​ប្រើប្រាស់ Radio Wave ផ្កាយរណបនេះ មិនត្រូវការប្រភព​ពន្លឺឡើយ ហើយអាចដំណើរកា​រ​បាន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃមួយសប្តាហ៍ ដែលមានប្រៀប​ជាងផ្កាយរណបដទៃៗទៀត ដែលប្រើប្រាស់ប្រព័ន្ធ Sensor បែបអុបទិច ដែលអាចពឹងផ្អែក​លើ​ពន្លឺ​​ព្រះអាទិត្យនោះ។​

ទាក់ទិននឹងកាល​បរិច្ឆេទនៃការបាញ់បង្ហោះវិញ អ្នកវិទ្យាសាស្រ្ត​វៀតណាម បានលើកឡើងថា វាចំណាយពេល ៣៦ខែ ដើម្បីសាង​សង់​ផ្កាយរណប LOTUSat-1 ហើយជាទូទៅ​សម្រាប់ផ្កាយរណប​ប្រភេទនេះ គឺត្រូវចំណាយ​ពេលពី ០៦ ទៅ ១២ខែ ដើម្បីអាចបញ្ជូន​​វា​​ឡើង​ទៅកាន់​ទីអវកាសបាន។​

នៅពេលទៅដល់​អវកាស ផ្កាយរណបខាងលើ​ត្រូវគេរំពឹងថា នឹងធ្វើការតាម​ដានដោយគ្របដណ្តប់​លើ​ប្រទេស​វៀតណាម​ទាំងមូល ហើយជួយកាត់បន្ថយ​ការបំផ្លិចបំផ្លាញ ដែលបង្កឡើង​ដោយគ្រោះធម្មជាតិ​យ៉ាងហោច​ណាស់ក៏បាន ​១០ភាគ​រយដែរ។ ក្រៅពីនេះ​ការទាញយក​រូបភាពពីទីតាំងណាមួយ ក៏នឹងមានការ​ថយចុះពី ០២ថ្ងៃ មកនៅត្រឹម ០៦ ទៅ ១២ម៉ោងផងដែរ។​

គួរជម្រាបថា នាពេលកន្លងមកនេះ វៀតណាមធ្លាប់បាញ់​បញ្ជូនផ្កាយរណប Vinasat-1 ឡើងទៅកាន់អវកាស កាលពីឆ្នាំ២០០៨, Vinasat-2 កាលពីឆ្នាំ២០១២, និង VNRedSat 1 កាលពីឆ្នាំ២០១៣។ ផ្កាយរណប Vinasat-1 និង Vinasat-2 គឺជាផ្កាយរណប​​ទំនាក់​ទំនង ខណៈផ្កាយរណប VNRedSat 1 ជាប្រភេទផ្កាយរណប​សង្កេតការណ៍​​អុបទិច។ ផ្កាយរណបទាំង ០៣គ្រឿងនេះ ត្រូវបាន​បាញ់​​បង្ហោះដោយ​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA៕

ចែករំលែក