ស្ងាត់ៗអឺរ៉ុប​បាញ់យាន​ផ្ទុកផ្កាយរណបពីរ​គ្រឿង ដែល​នឹងហោះ​ទៅភពពុធនៅ​ឆ្នាំ២០២៥ (រូបភាពខាងក្នុង)

0

 

(ប៉ារីស)៖ យានអវកាស ប៊េប៊ីកូឡុំបូ (BepiColombo) ដែលជា​បេសកកម្មរួមគ្នា​លើកដំបូង រវាង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារ​ជប៉ុន JAXA ដើម្បីឆ្ពោះ​ទៅកាន់ភពពុធ (Mercury) នោះ ទីបំផុតត្រូវបាន​បញ្ជូនឡើងទៅកាន់ទីអវកាស​ដោយ​ជោគជ័យ។ នេះបើតាម​ការ​​ដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

យានអវកាស​ខាងលើនេះ ត្រូវបានបាញ់បង្ហោះ​ចេញពី​​​មូលដ្ឋាន​របស់អឺរ៉ុប ក្នុងសហគមន៍ គួរួ (Kourou) នៅតំបន់រដ្ឋបាល​បារាំង (French Guiana) ដែលស្ថិតនៅខាងភាគជើង​នៃទ្វីបអាមេរិក​ខាងត្បូង នាវេលាព្រឹក​ថ្ងៃសៅរ៍នេះ។ បេសកកម្មនេះ​មានផ្កាយរណប ០២គ្រឿង​ ដែលនឹងជួយគ្នា​ធ្វើការវាស់វែង​ទៅលើ​បរិស្ថាន​របស់ភពពុធ​ក្នុងពេលព្រមគ្នា​តែម្តង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រយាន BepiColombo ត្រូវគេរំពឹងថា នឹងទៅដល់​ភពពុធ​នៅចុងឆ្នាំ២០២៥ ហើយនឹងត្រូវធ្វើប្រតិបត្តិការ​នៅគន្លង​របស់ Mercury សម្រាប់រយៈពេល​យ៉ាងហោចណាស់ក៏ ១២ខែដែរ ខណៈដែលភពពុធមាចម្ងាយ ៥៨លានគីឡូម៉ែត្រពី​ព្រះអាទិត្យ និងបច្ចុប្បន្នវាមានចម្ងាយ ៧៧លានគីឡូម៉ែត្រពីផែនដី។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​បញ្ជូនយានស្រាវជ្រាវ​ចំនួន ០២គ្រឿង ទៅកាន់​ភពពុធ (Mercury)។ មួយគ្រឿង​ដំបូងឈ្មោះ Mariner 10 បានធ្វើការ​ហោះ​​ឆ្វែល​​​ជាដដែល​ៗចំនួនប៉ុន្មាន​លើក កាលពីទសវត្សរ៍ទី៧០។ យាន​បន្ទាប់ទី០២ កាលពីប៉ុន្មាន​ឆ្នាំមុន បានឈាន​ដល់ទីបញ្ចប់​នៃ​​​ការបំពេញ​បេសកកម្ម​របស់វា ហើយទម្លាក់ខ្លួន​កម្ទេចចោល​ នៅលើផ្ទៃ​របស់ភពពុធ​ដូចទៅនឹង​អ្វីដែល​យាន Cassini នៅ​ភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមាន​ឈ្មោះថា​ បេសកកម្ម MESSENGER។

យាន MESSENGER បានរកឃើញ​រឿងចម្លែកៗសឹងតែ​គ្រប់បែបយ៉ាង​ ស្តីអំពី​ភពពុធ ដោយក្នុងនោះ​មានតាំងពី​ផ្ទាំងទឹកក ដែល​អាច​​រក្សាវត្តមាន​នៅលើ​ភពនេះបាន ជាមួយនិង​ស៊ីតុណ្ហភាព​ដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរក​ឃើញ​សមាស​ធាតុកាបូន​ដ៏ចម្លែក, សារធាតុកាល់ស្យូម​ដ៏ក្រាស់ខុស​ពីធម្មតា នៅផ្នែកយប់​នៃភពនេះ, ព្រមទាំងដែនម៉ាញេទិច​ដ៏ខុសប្លែកមួយ និង​រឿងជាច្រើន​ផ្សេងទៀតផងដែរ។​

ភពពុធពុំមែន​ជាទីកន្លែង​ ដែលងាយស្រួល​នឹងទៅដល់ឡើយ ដោយ​យាន MESSENGER ត្រូវចំណាយ​ពេលធ្វើការហោះ​ឆាប Flyby ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់​ល្បឿនរបស់វា​បានគ្រប់គ្រាន់ ក្នុងការ​ចូលទៅ​ធ្វើគោចរ​នៅក្បែរ Mercury ហើយម៉្យាងវិញ​ទៀត វាគឺជាបរិស្ថានក៏ដូចជា​បរិយាកាស​ដ៏លំបាកមួយ ដោយសារ​តែវាហាក់​ដូចជាអ្នកដុត​និងបង្កក​យានអវកាស​របស់អ្នកចុះ​ឡើងៗ​អីចឹង នៅទីនោះ ដែលជារឿងមិន​ល្អប៉ុន្មានឡើយ សម្រាប់គ្រឿង​អេឡិច​ត្រូនិច។

ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេល​គោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះ​មានលក្ខណៈ​​ស្ទើរតែទាំងស្រុង​ ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅ​ជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅ​​ជាងគេ​នោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕

ចែករំលែក